ព័ត៌មានជាតិ
ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនក្នុងរយៈពេលពេញមួយឆ្នាំកន្លង រហូតសម្រេចបានសមិទ្ធផលតាមផែនការដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាព ពិសេសនៅក្នុងការបណ្តុះបណ្តាល ការចុះបញ្ជីវិស្វករ និងការបន្តផ្សព្វផ្សាយនៅតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។ សមិទ្ធផលគួរឱ្យកត់សម្គាល់នោះគឺ វិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានសរុបចំនួន ១០ ១៧២នាក់ (ស្រី ៤៧៥នាក់) គិតត្រឹមឆ្នាំ២០២៥ ដែលក្នុងនោះ វិស្វករជាតិមានចំនួន ១០ ១២៨នាក់ (ស្រី ៤៧៥នាក់) និងវិស្វករបរទេសចំនួន ៤៤នាក់ផងដែរ ខណៈដែលវិស្វករដែលទទួលបានការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពប្រតិបត្តិជំនាញសរុបមានចំនួន ១៤ ០៦១នាក់ (ស្រី ១ ៣០៧នាក់)។

ក្រៅពីបានផ្សព្វផ្សាយអំពីសារប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅតាមក្រសួង-ស្ថាប័ន និងនៅតាមរាជធានី-ខេត្ត គណៈវិស្វករកម្ពុជាក៏បានចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធរបស់វិស្វករអាជីពដល់និស្សិតនិងកិច្ចប្រជុំដ៏មានសារៈសំខាន់ផ្សេងៗជាមួយអាស៊ានផងដែរ។

អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈម បញ្ចេញមតិយោបល់ ប្រមូលធាតុចូលលើការអនុវត្ត និងសកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជានាឆ្នាំ២០២៥ ដើម្បីរួមគ្នាពិភាក្សា ពង្រឹង និងកែសម្រួលចំណុចខ្វះខាត ដោយធ្វើយ៉ាងណាឱ្យការបំពេញការងារនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រព្រឹត្តទៅឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាងមុនសម្រាប់ឆ្នាំ២០២៦នេះ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា លោក ហេង សួរ បានផ្ដល់នូវអនុសាសន៍ដ៏មានតម្លៃសម្រាប់យកទៅអនុវត្ត ជាពិសេសគឺសិក្សាពីមូលហេតុដែលវិស្វករដែលចុះបញ្ជីដំបូងមិនអាចបន្តចុះបញ្ជីជាវិស្វករអាជីព, យកចិត្តទុកដាក់ខ្ពស់ចំពោះវិស្វករដែលបានចុះបញ្ជីរួចហើយដូចជាការផ្តល់ការបណ្តុះបណ្តាលបន្ថែម និងខិតខំបញ្ចុះបញ្ជូលទាក់ទាញឱ្យមានការចុះបញ្ជីវិស្វករកាន់តែច្រើន ព្រមទាំងពិនិត្យមើលលក្ខខណ្ឌនៃការចុះបញ្ជីសម្រាប់វិស្វករដំបូង និងអាជីព។

ក្នុងខណៈពេលដែលតម្រូវការវិស្វករអាជីពកាន់តែច្រើនឡើង និងសំខាន់នៅកម្ពុជា លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាបង្កើនការផ្សព្វផ្សាយទៅកាន់ក្រុមគោលដៅអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការចុះបញ្ជីវិស្វករ ដោយឯកឧត្តមគូសបញ្ជាក់ថា ការផ្សព្វផ្សាយកាន់តែច្រើននឹងធ្វើឱ្យមានការស្គាល់ និងឈ្វេងយល់ពីគណៈវិស្វករកម្ពុជាកាន់តែទូលំទូលាយ ហើយកិច្ចសហការក៏មានកាន់តែច្រើនផងដែរ។

ក្រៅពីនេះ ក៏ត្រូវកំណត់ទិសដៅអាទិភាព និងបេសកកម្មឱ្យបានច្បាស់លាស់ស្របតាមស្ថានភាពសង្គម, ពិនិត្យ និងធ្វើបញ្ជីច្បាប់ពាក់ព័ន្ធផ្នែកវិស្វកម្ម ដើម្បីបញ្ជូលទៅកម្មវិធីសិក្សា ក៏ដូចជាពង្រឹងគុណភាពមន្ទីរពិសោធន៍ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


