ព័ត៌មានជាតិ
ថៃចុះបញ្ជីប្រាសាទតាមាន់ តាក្របី និងប្រាសាទខ្នារ ជាបញ្ជីជាតិបុរាណ! ក្រសួងវប្បធម៌កម្ពុជាថាជាការប៉ុនប៉ងខុសច្បាប់ បង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ប្រកាសតវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាតចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈរបស់ប្រទេសថៃ ក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងឡាយតាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។

សេចក្តីថ្លែងការណ៍ក្រសួងវប្បធម៌កម្ពុជា ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ បានចាត់ទុកថា ការចុះបញ្ជីប្រាសាទរបស់ខ្មែរទាំងនេះ គឺជាសកម្មភាពខុសច្បាប់ ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់ឡើយ។ ក្រសួងសង្កត់ធ្ងន់ថា៖« ការចុះបញ្ជីបែបនេះ គ្មានមូលដ្ឋានស្របច្បាប់នោះទេ ហើយមិនអាចប្រើប្រាស់ជាភស្តុតាងសម្រាប់អះអាងអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកការចុះបញ្ជីនេះថាជាការប៉ុនប៉ងខុសច្បាប់ ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើនេះជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់រាជរដ្ឋាភិបាលថៃ លុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
ក្រសួងថា បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗ ព្រមទាំងតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000), ផែនការមេឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC)។
ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាដែលនៅសេសសល់ ដោយគោរពពេញលេញតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលបានបង្កើតឡើង។

គួរជម្រាបថា ប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ខណៈប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ត្រង់ព្រំប្រទល់កម្ពុជា-ថៃ ក្នុងភូមិសែនមនោរម្យ១ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចំណែកប្រាសាទខ្នារ មានទីតាំងស្ថិតនៅក្នុងភូមិក្រឡាពាស ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


