Connect with us

ព័ត៌មានអន្ដរជាតិ

កុងហ្គោ ផ្ទុះជំងឺ អេបូឡា ខ្លាំងទៅៗ មនុស្សស្លាប់ កើនដល់ ១៣៩នាក់ ខណៈករណីសង្ស័យឆ្លង ឈានដល់ ៦០០ករណី 

បានផុស

នៅ

ជំងឺអេបូឡា កំពុងផ្ទុះរាលដាលខ្លាំងទៅៗនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយករណីឆ្លងចេះតែកើនច្រើនឡើងៗ ខណៈបើតាមការបញ្ជាក់ពីអង្គារសុខភាពពិភពលោក (WHO), ករណីសង្ស័យឆ្លងជំងឺអេបូឡានៅប្រទេសនេះ បានឈានដល់ ៦០០ករណី ចំណែកអ្នកជំងឺស្លាប់ ក៏កើនដល់ ១៣៩នាក់ដែរ។

(រូប៖ Reuters)

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការអាសន្ន WHO នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ប្រកាសថា ទោះអេបូឡា កំពុងឆ្លងខ្លាំងនៅកុងហ្គោ ហើយត្រូវបានប្រកាសចាត់ជា ភាពអាសន្នផ្នែកសុខាភិបាលអន្តរជាតិក៏ពិតមែន ប៉ុន្តែហានិភ័យ ឆ្លងរាលដាលជាសកល នៅតែមានកម្រិតទាបនៅឡើយ។

ពាក់ព័ន្ធរឿងនេះ អ្នកជំនាញ WHO សន្និដ្ឋានថា ការផ្ទុះអេបូឡា នៅកុងហ្គោ ប្រហែលចាប់ផ្តើមនៅថ្ងៃទី២០ ខែមេសា ហើយនៅពេលមានមនុស្សស្លាប់ដំបូង វាប្រហែលជាឆ្លងរាលដាលខ្លាំង ពេលមនុស្សទៅចូលរួមពិធីបុណ្យសព របស់អ្នកជំងឺ។

(រូប៖ Reuters)

សូមជម្រាបជាថ្មី កាលពីសប្តាហ៍មុន WHO បានសម្រេចប្រកាសដាក់ជំងឺអេបូឡា ដែលផ្ទុះឡើងនៅ កុងហ្គោ នេះ គឺជា ភាពអាសន្នផ្នែកសុខាភិបាលសាធារណអន្តរជាតិ ប៉ុន្តែអះអាងថា ស្ថានភាពបច្ចុប្បន្ន មិនទាន់ឈានដល់ការប្រកាសគ្រាអាសន្ន ជំងឺរាតត្បាតជាសកល នៅឡើយទេ។

វាមិនមែនត្រឹមឆ្លងនៅ កុងហ្គោ ទេ, ជំងឺអេបូឡា ក៏រាលដាលដល់ប្រទេសជិតខាង ដូចជា អ៊ូហ្គង់ដា ផងដែរ មានទាំងករណីស្លាប់ ទៀតផង។ 

(រូប៖ Reuters)

ជំងឺអេបូឡា ឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។

រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម