Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺអេបូឡា នៅកុងហ្គោ អត់ធូរស្រាលទេ! ការឆ្លង កើនដល់ ១ ០៤៨ករណី និងមនុស្សស្លាប់ ២៦៧ នាក់

បានផុស

នៅ

ស្ថានភាពជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មិនធូរស្បើយឡើយ ដោយករណីឆ្លង ចេះតែកើនច្រើនឡើងៗ ខណៈគិតត្រឹមថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ការឆ្លងដែលត្រូវបានបញ្ជាក់ជាផ្លូវការ បានឈានដល់ ១ ០៤៨ករណីហើយ ​និងមានអ្នកជំងឺស្លាប់ ២៦៧នាក់។

(រូប៖ Reuters)

សារព័ត៌មាន Xinhua នៃប្រទេសចិន បានដកស្រង់ទិន្នន័យ របស់ក្រសួងសុខាភិបាលកុងហ្គោ ដែលបង្ហាញថា ក្រៅពីអ្នកធ្វើតេស្តវិជ្ជមានជំងឺ នៅមានមនុស្ស ៣៧១នាក់ទៀត កំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល ហើយ អ្នកជំងឺ ១១២នាក់ បានជាសះស្បើយ។

តាមការបញ្ជាក់ពីក្រសួង, ហេតុផលនៅពីក្រោយករណីឆ្លង ហក់ឡើងយ៉ាងគំហុកបែបនេះ គឺវាបណ្តាលមកពី ការឆ្លងជាចង្កោមក្នុងសហគមន៍ ទ្រង់ទ្រាយធំ ហួសពីការគ្រប់គ្រង។

(រូប៖ Reuters)

សូមជម្រាបជាថ្មី ជំងឺអេបូឡា ដែលកំពុងផ្ទុះខ្លាំងនៅកុងហ្គោ គឺបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ ​Bundibugyo ដែលគ្មានវ៉ាក់សាំងណាកម្ចាត់បាន និងមានសមត្ថភាព សម្លាប់ ១ភាគ៣ នៃអ្នកដែលឆ្លង។

វាឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។

(រូប៖ Reuters)

រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម