Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ចុះពិនិត្យផែនការស្តារប្រឡាយរបស់រដ្ឋបាលរាជធានី ដើម្បីត្រៀមរំដោះទឹកភ្លៀងនារដូវវស្សានេះ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលរួមដំណើរដោយអភិបាលរង នាព្រឹកថ្ងៃទី១០ ខែមិថុនា២០២៦នេះ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានី មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំនួន៥ ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែ​ និង​ការសាងសង់​ស្ថានីយ​បូម​ទឹក​ចំនួន​២ទីតាំង​ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យខណ្ឌនីមួយៗ​ អនុវត្តកន្លងមក ដើម្បីធ្វើយ៉ាងណា កុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនារដូវវស្សានេះ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី១០មិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបន្តថា៖ ការស្ដារប្រឡាយទាំងអស់នេះ គឺ ឡើង​ស្របតាម​ផែនការ​របស់​រដ្ឋបាល​រាជធានីភ្នំពេញដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ហើយការងារនេះ​ទទួល​បាន​ការ​គាំទ្រ​ទាំង​កញ្ចប់ថវិកា​ និងប្រេងឥន្ធនៈពី​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​រួម​មាន​ ប្រឡាយ​ទួលពង្រ​១​ ប្រឡាយ​លូ​ប្រាំ​ ប្រឡាយ​ហា​ និងប្រឡាយ​ភូមិ​ម័ល។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ

លោកសាំ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងដែរថា៖ នាឱកាសនៃការចុះពិនិត្យមើលឡាយជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ លោកអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយនឹងអាជ្ញាធរខណ្ឌធ្វើការជីកស្ដារប្រឡាយតភ្ជាប់ប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ជាមួយនឹងការដាក់លូខ្នាតធំ ឆ្លងកាត់ផ្លូវចំនួន២កន្លែង ជំនួសលូចាស់ដែលតូចចង្អៀត។

ក្រុមការងារនឹង​បន្តស្ដារដៃប្រឡាយយទួលពង្រ និងបុកស៊ីផាយ២កន្លែង ត្រង់ផ្ទះប្រជាពលរដ្ឋ សិក្សាដូរទីតាំងស្ថានីយ៍បូមទឹកក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ដើម្បីជៀសវាងផលប៉ះពាល់ ការរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះទៀតលោក​អភិបាល​ក៏បានណែនាំឲ្យបន្តស្ដារប្រឡាយភូមិម័ល​ និងការដាក់បំភ្លើងបំភ្លើងសាធារណៈតាមផ្លូវ ស្របតាមប្រឡាយទួលពង្រ ក្នុងខណ្ឌពោធិសែនជ័យនេះផងដែរ។

គួរ​បញ្ជាក់​ផងដែរថា​ ប្រឡាយទួលពង្រ​ មានប្រវែង ៥៥៦៦ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្ដុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំ។ ចំពោះសកម្មភាពស្ដារប្រឡាយទួលពង្រនេះ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការកាយប្រឡាយនេះបានប្រមាណជាង៤០០០ ម៉ែត្រហើយ នៅសល់ប្រមាណជាង១០០០ម៉ែត្រប៉ុណ្ណោះដែលក្រុមការងារបាននិងកំពុងធ្វើការកាយ។ ការងារនេះអាចប្រើពេលប្រមាណជាមួយសប្តាហ៍ទៀតនឹងរួចរាល់ជាស្ថាពរ។

លោកស្រី​អ្នកនាំពាក្យ​ក៏​​បាន​បន្ថែមទៀត​​ថា​ ក្រៅពី​ការ​ចុះពិនិត្យលទ្ធផល​ស្តារ​ប្រឡាយ​ទាំង​អស់​នេះ ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ និង​សហការី​ក៏បាន​អញ្ជើញ​ចូល​ពិនិត្យ​មើល​ស្ថានភាព​នៃ​ការ​សាងសង់​ស្ថានីយ​បូម​ទឹក​លូប្រាំ​ និង​ស្ថានីយ​បូម​ទឹក​បឹង​តាម៉ាត​ផងដែរ​ ហើយលោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ទីរ​ជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខិតខំ​ធ្វើយ៉ាង​ឱ្យ​ការងារ​ស្តារ​ប្រឡាយ​ទាំង​អស់​នេះ​បាន​រួច​រាល់​ ដើម្បី​ធានា​កាត់​បន្ថយ​​ការ​ជន់​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​នារដូវ​វស្សា​ខាងមុខ​នេះ៕អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម