Connect with us

ព័ត៌មានអន្ដរជាតិ

ប្រព័ន្ធមីស៊ីល​​អាមេរិក Typhon នឹង​ត្រូវដាក់​ពង្រាយ​នៅជប៉ុន សម្រាប់​​លំហាត់​សមយុទ្ធ រួចតម្កល់​នៅទីនោះ​

បានផុស

នៅ

យោធា​សហ​រដ្ឋអាមេរិក​ គ្រោង​នឹងដាក់​ពង្រាយប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម Typhon ដ៏មាន​អានុភាព​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​ទៅកាន់​ខេត្ត Kagoshima ប្រទេស​ជប៉ុន​​ សម្រាប់​សមយុទ្ធ​រួមគ្នា​ជាមួយ​កង​កម្លាំងការពារ​ខ្លួន ចាប់​ពីថ្ងៃ​ចន្ទ​​ នេះ​។

សារព័ត៌មាន The Japan Times ផ្សាយ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៦ ការ​ដាក់​ពង្រាយប្រព័ន្ធ​មីស៊ីល​ Typhon មាន​មូលដ្ឋាន​នៅ​​​លើដីគោក​ ត្រូវ​បានគេ​មើលឃើញ​ថា ជាផ្នែក​មួយ​នៃ​វិធី​សាស្រ្ត​ចង​សម្ព័ន្ធមិត្ត​ឲ្យ​រឹងមាំជាង​មុន​ ដោយ​រួម​គ្នា​​ទប់ទល់នឹង​ការអះអាង​ផ្នែកយោធាកាន់​តែខ្លាំង​ឡើង​របស់​ប្រទេសចិន ​នៅក្នុងតំបន់។

ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម Typhon របស់​អាមេរិក​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធមីស៊ីល​នេះ អាច​បាញ់​មីស៊ីល​បញ្ជា Tomahawk បាន​ចម្ងាយ​រហូតដល់ ១ ៦០០គីឡូម៉ែត្រ ដែល​​អាច​វាយ​ទៅ​ដល់​​​គោល​ដៅ​ ដែលជា​​​ផ្នែក​ខ្លះរបស់​ប្រទេសចិន​។ ​កង​ទ័ព​ប្រទេស​ទាំង​ពីរនឹង​ចូលរួម​ក្នុង​សមយុទ្ធ ដែល​មាន​ឈ្មោះថា «Valiant Shield»​ ពី​មូលដ្ឋានទ័ពអាកាស Kanoya របស់​កងកម្លាំង​ស្វ័យ​ការពារ​របស់​ជប៉ុន​ តាមសមុទ្រ​ក្នុង​ខេត្ត Kagoshima ។ សម​យុទ្ធ​នេះ​នឹង​ដំណើរ​ការ​រហូត​ដល់ថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ​២០២៦ ។

ប្រព័ន្ធ​នេះ​​គ្រោង​នឹង​ប្រើ​ប្រាស់​ អំឡុង​​ពេលសមយុទ្ធរួម​គ្នា Orient Shield ក្នុងខែកញ្ញា ហើយគ្រោង​នឹង​ផ្លាស់​ទីទៅកាន់មូលដ្ឋាន​យោធាសហរដ្ឋអាមេរិក​ក្នុង​ប្រទេស​ជប៉ុន​ ចាប់​ពី​ពាក់​កណ្តាល​ខែតុលា​។ នេះបើយោង​តាមរដ្ឋមន្ត្រីក្រសួងការពារជាតិ​ជប៉ុន​ លោក Shinjiro Koizumi​ ។

លោក Koizumi ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា៖ « ខ្ញុំ​ជឿជាក់​ថា​ ការដាក់ពង្រាយ​សម្ភារៈ​យោធា​បែបនេះជា​បណ្តោះអាសន្ន​ទៅកាន់កន្លែង​កងកម្លាំងស្វ័យការពាររបស់​ជប៉ុន​ និងការ​បណ្តុះបណ្តាលរួមគ្នា​ម្តងហើយម្តងទៀត នឹង​មិនត្រឹមតែបង្កើន​សមត្ថភាព​ដាក់ពង្រាយយ៉ាងឆាប់រហ័ស​របស់យោធាអាមេរិក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែថែម​ទាំងធ្វើឱ្យការ​ឆ្លើយ​តប​កាន់​តែ​​ប្រសើរឡើង​ និង​អន្តរ​ប្រតិបត្តិ​ការ​រវាងជប៉ុននិងអាមេរិកផងដែរ។ គំនិតផ្តួច​ផ្តើមនេះ គឺជា​ការ​ដាក់​ពង្រាយ​បណ្តោះ​អាសន្នសម្រាប់​ការ​ហ្វឹកហាត់​»។

លោក​និយាយ​អំពី​ផែនការ​ដើម្បី​ផ្លាស់​ទីប្រព័ន្ធនេះ​ទៅ​កាន់មូលដ្ឋាន​សហរដ្ឋអាមេរិក​នៅក្នុងប្រទេស​ បន្ទាប់ពី​សមយុទ្ធ​​បាន​​បញ្ចប់​ ដោយ​លើក​ឡើង​ថា​៖ « យើង​ត្រូវ​បាន​ជូន​ដំណឹង​ដោយ​ភាគី​សហ​រដ្ឋ​អាមេ​រិក​ថា ប្រព័ន្ធ​ការ​ពារ​មីស៊ីល​មិនមែនជាការ​ដាក់​ពង្រាយអចិន្ត្រៃយ៍​ទៅកាន់ប្រទេស​ជប៉ុនទេ»។

គួរ​បញ្ជាក់​ថា ការដាក់​ពង្រាយ​នេះនឹង​ជាលើក​ទីពីរ​ហើយ​សម្រាប់​ជប៉ុន បន្ទាប់​ពីអាមេរិកបាន​បញ្ជូនប្រព័ន្ធ Typhon ទៅកាន់ស្ថានីយ​អាកាស​កង​ម៉ារីអាមេរិកនៅ​តំបន់​ Iwakuni ក្នុងខេត្ត Yamaguchi កាល​ពី​ឆ្នាំមុន៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម