Connect with us

ព័ត៌មានអន្ដរជាតិ

តុចរចាសន្តិភាព នៅស្វីស ប្រែជាឡើងកម្តៅភ្លាមៗ ក្រោយលោក ត្រាំ ព្រមានវាយប្រហារ ខណៈភាគីអ៊ីរ៉ង់ ដើរចេញពីកិច្ចប្រជុំ

បានផុស

នៅ

កិច្ចពិភាក្សាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលប្រព្រឹត្តធ្វើឡើងនៅប្រទេសស្វីស ប្រែជាឡើងកម្តៅភ្លាមៗ ដោយសារតែភាគីទាំងពីរ បោះពាក្យគំរាមគ្នាទៅវិញទៅមក ដើម្បីសង្កត់តុចរចា។ នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦។

(រូប៖ Reuters)

ស្របពេលកិច្ចប្រជុំប្រព្រឹត្តទៅ ប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ស្រាប់តែគំរាម វាយប្រហារអ៊ីរ៉ង់ឲ្យធ្ងន់.ក ម្តងទៀត ហើយថែមទាំងចូលគ្រប់គ្រង ច្រកសមុទ្រ Hormuz ទៀតផង ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយ មិនអាចសម្រេចបានទេនោះ។​

លោកក៏គំរាមវាយប្រហារផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនទប់ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ដែលកំពុងប្រយុទ្ធគ្នា ជាមួយកងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ទេនោះ។

(រូប៖ Reuters)

តវ៉ាចំពោះការគំរាមរបស់លោកត្រាំ! គណៈប្រតិភូអ៊ីរ៉ង់ បានដើរចេញពីកិច្ចប្រជុំទល់មុខគ្នា ហើយប្រធានអ្នកចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានចាត់ទុកការព្រមានរបស់លោកត្រាំ ថាជា សញ្ញានៃ «ភាពអស់សង្ឃឹម» និងគំរាមវិញថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ត្រៀមលក្ខណៈពេញលេញ រួចជាស្រេចអស់ហើយ សម្រាប់ការការប្រឈមមុខ តទល់គ្នា។

សភាពការណ៍ដ៏តានតឹងនេះ បានចោទជាសំណួរថា តើការចរចានេះ នឹងទទួលជោគជ័យដែរឬក៏អត់?

(រូប៖ Reuters)

សូមជម្រាបថា កិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទីក្រុង Bürgenstock នៃប្រទេសស្វីស ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលទើបចុះហត្ថលេខា។ 

យ៉ាងណាក៏ដោយ សម័យប្រជុំការទូតជាប្រវត្តិសាស្ត្រនេះ បានធ្លាក់ចូលទៅក្នុង «ដំណាក់កាលដ៏លំបាក» មួយយ៉ាងឆាប់រហ័ស ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញការគំរាមកំហែងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរពីចម្ងាយ ក្នុងពេលដែលក្រុមអ្នកចរចាកំពុងអង្គុយនៅតុចរចា។

(រូប៖ Reuters)

កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងជាទម្រង់ចតុភាគី គណៈភាគីចម្បងគឺអាមេរិក ដឹកនាំដោយអនុប្រធានាធិបតី JD Vance រួមដំណើរដោយប្រេសិតពិសេសរបស់លោក ដូណាល់ ត្រាំ គឺ Steve Witkoff និងកូនប្រសាររបស់លោក ត្រាំ គឺ Jared Kushner។

ចំណែកគណៈប្រតិភូអ៊ីរ៉ង់ ដឹកនាំដោយប្រធានសភា Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេស Abbas Araghchi។

ទន្ទឹមនោះ ក៏មានការចូលរួមពីសំណាក់ អ្នកសម្របសម្រួលសកលសំខាន់ៗ ផងដែរ ដូចជា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif, នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani និង ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ Rafael Grossi ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម