Connect with us

ព័ត៌មានជាតិ

លោក មួង ប៉ាង ត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្តរតនគិរី ជាអភិបាលរងខេត្តមណ្ឌលគិរី

បានផុស

នៅ

លោក មួង ប៉ាង អតីតអភិបាលរងខេត្តរតនគិរី ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាអភិបាលរងខេត្តមណ្ឌលគិរី ជំនួសលោក នួន សារ៉ន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍នាពេលថ្មីៗនេះ។ ការតែងតាំងអភិបាលរងខេត្តថ្មីនេះ គឺជាការពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដឹកនាំរដ្ឋបាលខេត្ត ដើម្បីធានានិរន្តរភាពការងារ និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសចូលកាន់មុខតំណែងនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោក អ៊ុត សំអន បានណែនាំដល់អភិបាលរងខេត្តថ្មីឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងខិតខំចុះមូលដ្ឋានស្វែងយល់ពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លោកក៏បានជំរុញឱ្យគណៈអភិបាលខេត្ត មន្ទីរជំនាញ និងកងកម្លាំងប្រដាប់អាវុធ បន្តសហការគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសធនធានធម្មជាតិ និងគ្រឿងញៀន ព្រមទាំងលើកកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព។

លោក មួង ប៉ាង (ស្តាំ)

ជាការឆ្លើយតប លោក មួង ប៉ាង បានបង្ហាញការប្តេជ្ញាចិត្តថា នឹងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ដោយខិតខំប្រឹងប្រែងអនុវត្តភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ លោកក៏បានប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរីឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

ដោយឡែក លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងថា ការបំពេញបន្ថែមមន្ត្រីដឹកនាំថ្មី ជំនួសមន្ត្រីដែលចូលនិវត្តន៍ មានសារៈសំខាន់ក្នុងការធានានិរន្តរភាពនៃការងាររដ្ឋបាលខេត្ត។ លោកសង្ឃឹមថា អភិបាលរងខេត្តថ្មីនឹងប្រើប្រាស់សមត្ថភាព បទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីចូលរួមពង្រឹងការងារគណៈអភិបាលខេត្ត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តមណ្ឌលគិរីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម