Connect with us

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី ចុះពិនិត្យការងារតាមប៉ុស្តិ៍រដ្ឋបាល ជំរុញផ្តល់សេវាសាធារណៈប្រកបដោយគុណភាព

បានផុស

នៅ

លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទើបចូលកាន់តំណែងបានរយៈពេល ២៣ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនក្នុងខេត្ត ដើម្បីពិនិត្យស្ថានភាពការងារ ការផ្តល់សេវាសាធារណៈ និងការប្រើប្រាស់សម្ភារៈបច្ចេកទេសនានា។

ការចុះពិនិត្យនេះ មានគោលបំណងស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមរបស់មន្ត្រីនគរបាលនៅមូលដ្ឋាន ព្រមទាំងវាយតម្លៃលើការប្រើប្រាស់ឧបករណ៍ និងសម្ភារៈដែលកំពុងបម្រើការងារប្រចាំថ្ងៃនៅតាមប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកស្នងការបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ថែទាំ និងប្រើប្រាស់សម្ភារៈបច្ចេកទេសឱ្យមានប្រសិទ្ធភាព ព្រមទាំងត្រៀមបំពាក់បន្ថែមនូវឧបករណ៍ចាំបាច់ ដើម្បីឆ្លើយតបតម្រូវការការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈក្នុងយុគសម័យឌីជីថល។ លោកក៏បានណែនាំឱ្យថែរក្សាអនាម័យបរិវេណប៉ុស្តិ៍ និងសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីធានាប្រសិទ្ធភាពការងារ។

ជាមួយគ្នានេះ លោក ជា ចិត្រា បានណែនាំដល់មន្ត្រីនគរបាលគ្រប់ប៉ុស្តិ៍ ឱ្យពន្លឿនការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជា ការធ្វើឯកសារស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងមានតម្លាភាព។ លោកក៏បានសង្កត់ធ្ងន់លើការរក្សាអាកប្បកិរិយាសមរម្យ សុភាពរាបសារ និងរួសរាយរាក់ទាក់ចំពោះប្រជាពលរដ្ឋដែលមកទទួលសេវាផងដែរ។

តាមការវាយតម្លៃរបស់លោកស្នងការ ប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនបានរៀបចំការងារ សម្ភារៈបច្ចេកទេស និងអនាម័យបានល្អប្រសើរ មានរបៀបរៀបរយ។ ទោះជាយ៉ាងណា នៅមានប៉ុស្តិ៍មួយចំនួនទៀតដែលត្រូវការកែលម្អ និងពង្រឹងការរៀបចំបន្ថែម។

លោក ជា ចិត្រា បញ្ជាក់ថា នឹងបន្តចុះជួបសំណេះសំណាល និងត្រួតពិនិត្យការងារតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីពង្រឹងការអនុវត្តការងារជំនាញ និងលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម