Connect with us

ព័ត៌មានជាតិ

ជិត៤ខែ មណ្ឌលគិរីរកឃើញជំងឺគ្រុនឈាមជាង ១៥០ករណី ខណៈអំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់

បានផុស

នៅ

ខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងការកើនឡើងនៃជំងឺគ្រុនឈាមក្នុងរដូវវស្សា ដោយគិតចាប់ពីសប្ដាហ៍ទី១ ដល់សប្ដាហ៍ទី២៣ ឆ្នាំ២០២៦ មន្ត្រីសុខាភិបាលបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥១ករណី នៅទូទាំងខេត្ត ខណៈមន្ទីរសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» ថា ក្នុងចំណោមអ្នកជំងឺគ្រុនឈាមសរុប ១៥១ករណី មានភេទប្រុស ៧៨ករណី និងភេទស្រី ៧៣ករណី។ ក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីបានទទួល និងព្យាបាលអ្នកជំងឺចំនួន ១៣៥ករណី ខណៈមន្ទីរពេទ្យស្រុកកោះញែករកឃើញ ១៦ករណី។

លោកបញ្ជាក់ថា ទូទាំងខេត្តមានមណ្ឌលសុខភាពចំនួន ១៦ និងមន្ទីរពេទ្យចំនួន ២ ប៉ុណ្ណោះដែលមានសមត្ថភាពព្យាបាលជំងឺគ្រុនឈាម។ ដោយឡែក មណ្ឌលសុខភាពទាំង ១៦ មានតួនាទីពិនិត្យ និងបញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យសម្រាប់ការព្យាបាលបន្ត។

ប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះបានឱ្យដឹងទៀតថា ករណីជំងឺគ្រុនឈាមមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ការវិភាគទិន្នន័យបង្ហាញថា តំបន់មួយចំនួនមានហានិភ័យខ្ពស់នៃការផ្ទុះរាលដាល ប្រសិនបើមិនមានវិធានការអន្តរាគមន៍ទាន់ពេលវេលា។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានករណីស្លាប់ដោយសារជំងឺគ្រុនឈាមនៅក្នុងខេត្តនោះទេ។

លោកវេជ្ជបណ្ឌិត ប៊ុន សួរ

ដើម្បីទប់ស្កាត់ការរីករាលដាល មន្ទីរសុខាភិបាលខេត្តបានដាក់ចេញវិធានការបន្ទាន់ជាច្រើន រួមមានការពង្រឹងការអប់រំសុខភាពដល់សហគមន៍ ការបាញ់ថ្នាំសម្លាប់មូស និងដាក់អាបេតតាមតំបន់ប្រឈម ព្រមទាំងជំរុញឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យត្រៀមសម្ភារៈ និងថ្នាំសង្គ្រោះឱ្យបានគ្រប់គ្រាន់។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលក៏បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសាលារៀន ដើម្បីអនុវត្តយុទ្ធនាការសម្អាតបរិស្ថាន និងបំបាត់ជម្រកមូសខ្លា។

មន្ត្រីជំនាញបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានជុំវិញលំនៅឋាន លុបបំបាត់ទឹកដក់គ្រប់ប្រភេទ បិទគម្របធុងទឹកឱ្យជិត និងយកចិត្តទុកដាក់ជាពិសេសចំពោះកុមារ ដែលជាក្រុមប្រឈមខ្ពស់នឹងជំងឺគ្រុនឈាម។ ក្នុងករណីមានអាការៈគ្រុនក្តៅខ្លាំង ឈឺក្បាល ឈឺសន្លាក់ ឬសញ្ញាសង្ស័យផ្សេងៗ គួរប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម