Connect with us

ព័ត៌មានជាតិ

សួនកុមារសាធារណៈក្រុងសែនមនោរម្យ ជាសមិទ្ធផលថ្មីផ្តល់ក្តីសប្បាយរីករាយដល់កុមារ និងជួយសម្រាលបន្ទុកចំណាយគ្រួសារ

បានផុស

នៅ

ក្រោយពីរដ្ឋបាលខេត្តមណ្ឌលគិរីបានសាងសង់ និងដាក់ឱ្យប្រើប្រាស់សួនកុមារសាធារណៈនៅកណ្ដាលក្រុងសែនមនោរម្យ នាខេត្តមណ្ឌលគិរី សួននេះបានក្លាយជាទីកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់កុមារ និងក្រុមគ្រួសារជាច្រើន ដែលតែងនាំគ្នាមកសម្រាកលំហែកាយ និងលេងកម្សាន្តជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ អ្នកស្រី យ៉ា ជាប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ បានប្រាប់ «កម្ពុជាថ្មី» ថា កាលពីមុន ក្រុមគ្រួសាររបស់អ្នកស្រីត្រូវចំណាយថវិកានាំកូនៗទៅលេងនៅកន្លែងកម្សាន្តឯកជន ឬទិញសំបុត្រសម្រាប់លេងឧបករណ៍ផ្សេងៗ។ ប៉ុន្តែបច្ចុប្បន្ន កូនៗអាចមកលេង​ឧបករណ៍កម្សាន្តនៅសួនសាធារណៈដោយសេរី និងឥតគិតថ្លៃ ដែលជួយសន្សំសំចៃការ​ចំណាយក្នុងគ្រួសារ។ សម្រាប់អ្នកស្រី សម្តែងការសប្បាយរីករាយ និងចង់ឃើញរដ្ឋបាលខេត្តបង្កើតតំបន់សាធារណៈបែបនេះឱ្យបានច្រើន ដើម្បីអនុញ្ញាតឱ្យពលដើរលេងកម្សាន្ត និងជាផ្នែកមួលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ស្រដៀងគ្នានេះដែរ អ្នកស្រី លី អាយុ ៣០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ដែលបាននាំកូនពីរនាក់មកលេងនៅសួននេះ យល់ឃើញថា ការមានទីតាំងកម្សាន្តសម្រាប់កុមារ និងឧបករណ៍ហាត់ប្រាណសម្រាប់មនុស្សចាស់ ដែលអាចប្រើប្រាស់បានដោយឥតគិតថ្លៃ មិនត្រឹមតែជួយកាត់បន្ថយការចំណាយក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ទីតាំងកម្សាន្តឆ្ងាយៗ។

ប្រជាពលរដ្ឋជាច្រើនបានបង្ហាញការពេញចិត្តចំពោះសួនកុមារថ្មីនេះ ដោយចាត់ទុកថា ជាកន្លែងផ្ដល់ភាពសប្បាយរីករាយដល់កុមារ និងបង្កើតបរិយាកាសស្រស់ស្រាយ ស្អាត និងមានសុវត្ថិភាព សម្រាប់ក្រុមគ្រួសារមកជួបជុំ និងសម្រាកលំហែកាយនៅពេលល្ងាច ឬថ្ងៃឈប់សម្រាក។

សួនកុមារសាធារណៈនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងសែនមនោរម្យប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងជួយ​លើក​កម្ពស់សុខុមាលភាព ការអភិវឌ្ឍរាងកាយ និងសុខភាពផ្លូវចិត្តរបស់កុមារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម