Connect with us

សេដ្ឋកិច្ច

ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម​កសិកម្ម​ រួម​ចំណែកលើក​កម្ពស់​សន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល សម្រាប់ពលរដ្ឋ

បានផុស

នៅ

លោកបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ​ទី៣​ នៃរដ្ឋសភា បានលើកឡើងថា ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម​កសិកម្ម​ចាប់ពីការផលិតចំណីសត្វ ការបង្កាត់ពូជ ការចិញ្ចឹម រហូត​ដល់ការផ្គត់ផ្គង់ទីផ្សារ គឺជាគំរូដ៏ល្អមួយដែល​​រួម​ចំណែកលើក​កម្ពស់​សន្តិសុខស្បៀង បង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡូយ សុផាត បានលើកឡើងក្នុងពេលអញ្ជើញចុះពិនិត្យ និង​សិក្សាស្វែងយល់អំពីការគ្រប់គ្រង និងការអនុវត្តបច្ចេកទេស​កសិកម្មទំនើបនៅរោងចក្រផលិតចំណីសត្វ អិមភីក (M’s Pig ACMC) ស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ២០២៦។

រោងចក្រផលិតចំណីសត្វ អិមភីក ជាសមិទ្ធផល​ដ៏​សំខាន់មួយក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងបសុសត្វនៅកម្ពុជា។ រោង​ចក្រ​នេះផលិតចំណីសត្វដែលមានគុណភាពខ្ពស់សម្រាប់ជ្រូក ត្រី មាន់ និងសត្វចិញ្ចឹមផ្សេងៗ ដោយប្រើប្រាស់វត្ថុធាតុដើមប្រមូលទិញ​ពីប្រជា​កសិករក្នុងស្រុក។

ក្រៅពីរួមចំណែកធានាគុណភាពផលិតកម្មបសុសត្វ រោងចក្រនេះក៏បានជួយបង្កើតទីផ្សារសម្រាប់ផលិតផលកសិកម្មក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាកសិករផងដែរ។

ដោយឡែក កសិដ្ឋានចិញ្ចឹមជ្រូក និងចិញ្ចឹមត្រីរបស់ក្រុមហ៊ុន ត្រូវបាន​វិនិយោគ និងគ្រប់គ្រងតាមបច្ចេកវិទ្យាទំនើប ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃផលិតកម្ម។

កសិដ្ឋានចិញ្ចឹមជ្រូក M’s Pig ACMC ត្រូវបានគេទទួលស្គាល់ថា​ជា​កសិដ្ឋាន​បង្កាត់ពូជជ្រូកដ៏ធំមួយនៅកម្ពុជា ខណៈការចិញ្ចឹមត្រី​ក៏ជា​ផ្នែកមួយ​ដ៏សំខាន់នៃខ្សែច្រវាក់ផលិតកម្មកសិកម្មរួម ដែលជួយ​បង្កើន​ការផ្គត់ផ្គង់ផលិតផលក្នុងស្រុក និងកាត់បន្ថយការពឹង​ផ្អែកលើការ​នាំចូល។

ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់​គណៈ​កម្មការទី៣ នៃរដ្ឋសភា ក្នុងការតាមដានស្ថានភាពជាក់ស្តែង និង​ជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមាននិរន្តរភាព និង​សមត្ថភាពប្រកួតប្រជែងខ្ពស់។

លោកបណ្ឌិត ឡូយ សុផាត បានវាយតម្លៃខ្ពស់​ចំពោះការវិនិយោគ និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុងវិស័យកសិកម្ម និងបសុសត្វដែលបានអនុវត្តបច្ចេក​វិទ្យាទំនើបស្របតាម​ស្តង់ដារគុណភាព និងសុវត្ថិភាព។

ប្រធានគណៈកម្មការ​ទី៣​ នៃរដ្ឋសភា ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រីក​ការ​វិនិយោគ ការផ្ទេរបច្ចេក​ទេស និងការសហការជាមួយប្រជាកសិករ ដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងការប្រកួតប្រជែងនៃ​ផលិតផលកសិកម្មកម្ពុជា ទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ ស្រប​តាមគោលនយោបាយរបស់រាជរដ្ឋា​ភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម