ព័ត៌មានជាតិ
កម្ពុជាគ្រោងនឹងបើកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅចក្រភពអង់គ្លេស និងឥណ្ឌា
ក្រុមហ៊ុនពីរចាប់ដៃគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌាដើម្បីធ្វើជាច្រកទ្វារក្នុងការផ្សព្វផ្សាយ និងជំរុញផលិតខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

ផែនការនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះត្រូវលើកឡើងដោយលោកលឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន AZ Group និងលោក Jas Sohl នាយកក្រុមហ៊ុន SOHL ស្នើទៅកាន់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងសំណើរៀបចំបង្កើត កាលពីថ្ងៃទី២០ ខែមករានៅទីស្តីការក្រសួង។
បើយោងតាមក្រសួងពាណិជ្ជកម្ម៖« ក្នុងជំនួបនេះ បានពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ដែលមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាច្រកទ្វារដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញផលិតខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដាក់តាំងបង្ហាញផលិតសក្តានុពលកម្ពុជា និងឯកសារពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ដើម្បីទាក់ទាញពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរបរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា»។

បើតាមក្រសួង មជ្ឈមណ្ឌលនេះនឹងជួយជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ជាពិសេសស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងសាធារណរដ្ឋឥណ្ឌា ក្រោយពេលដែលមជ្ឈមណ្ឌលនេះបានបង្កើតរួចរាល់ នៅទីក្រុងឡុងដ៍ និងទីក្រុងញ៊ូវដែលី។
បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
កម្ពុជាទទួលបានចំណូលជិត ៥ ពាន់លានដុល្លារ (៤,៨) ពីការនាំចេញកសិផលចំនួន ១១,៧ លានតោន ទៅក្រៅប្រទេស នៅក្នុងឆ្នាំ ២០២៤ កើនឡើងប្រមាណ ៣៩ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៨,៤ លានតោន។
ផលិតផលកសិកម្មសំខាន់ៗ ដែលនាំចេញពីកម្ពុជារួមមាន ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត។

នៅក្នុងឆ្នាំ ២០២៤ កំណើននៃការនាំចេញកសិផលសរុបកើនដល់ ១១,៧ លានតោន ទៅ ៩៤ ប្រទេស កើនឡើង ២០ ប្រទេស ក្នុងនោះមានស្រូវជាង ៥ លានតោន (៥១៨០ ១៥៥) និងអង្ករ ៦៥ ម៉ឺនតោន ទៅកាន់ ៧៥ ប្រទេស។
យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញទំនិញសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានទំហំទឹកប្រាក់សរុបជាង ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។
ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃរួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


