Connect with us

ព័ត៌មានអន្ដរជាតិ

មិន​ធ្លាប់មាន! ពូទីន ទទួលស្គាល់​​ថា រុស្ស៊ីកំពុងឆ្លងកាត់ដំណាក់កាលលំបាក

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​នៅ​ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា បានទទួលស្គាល់​ជាលើក​ដំបូង​ថា ប្រទេសរុស្ស៊ីកំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយ បន្ទាប់​ពី​​អ៊ុយក្រែន​​​បង្កើន​ការ​វាយ​ប្រហារ​​​​ដ៏ខ្លាំងក្លា​​នៅតំបន់​ជាច្រើន ប៉ុន្តែ លោក​ ក៏បាន​​​និយាយសម្រាល​ស្ថាន​​ការ​ណ៍ ថា ស្ថានភាព​បែប​នេះបានបង្រៀន និងផ្តល់មេរៀនជាច្រើនដល់ប្រទេសជាតិ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី TASS បានស្រង់សម្តី​​​ប្រមុខ​រដ្ឋរុស្ស៊ី​ ដែលថ្លែង​​​ទៅកាន់សន្និសីទរបស់គណបក្សកាន់អំណាចរួបរួមរុស្ស៊ី មុនការបោះឆ្នោតសភាដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែកញ្ញាខាងមុខ ដោយ​​ពេលនោះ លោក ពូទីន បាន​លើក​ឡើង​ពី​​​​សម្ពាធសេដ្ឋកិច្ចពីទណ្ឌកម្មអន្តរជាតិផង និងរងការវាយប្រហារបំផ្លិចបំផ្លាញរោងចក្រថាមពលពីសំណាក់អ៊ុយក្រែនផង។

សេចក្តីរាយការណ៍​​​នោះ​​ ក៏បាន​លើក​ឡើង​ថា អាជ្ញាធររុស្ស៊ី បាន​អះអាង​នៅ​ថ្ងៃអាទិត្យថា អ៊ុយក្រែននៅតែបន្ត​បើក​ការវាយប្រហារយ៉ាងខ្លាំងក្លាដោយប្រើប្រាស់ដ្រូនលើទឹកដីរុស្ស៊ី ដែលបង្កឲ្យមានអគ្គិភ័យឆេះរោងចក្រចម្រាញ់ប្រេងដ៏ធំមួយនៅភាគខាងត្បូង និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់។

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram នៅថ្ងៃអាទិត្យថា «ការ​វាយ​ប្រហារ​ដាក់​ទណ្ឌកម្ម​រយៈចម្ងាយឆ្ងាយរបស់យើង បានវាយប្រហារ​ចំរោងចក្រចម្រាញ់ប្រេងចំនួនពីរនៅក្នុងប្រទេសរុស្ស៊ី។ ការវាយប្រហារនីមួយៗ មានន័យថា ជាការកាត់បន្ថយធនធានដែលផ្តល់ថាមពលដល់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី និងជាជំហានមួយទៀតឆ្ពោះទៅរកសន្តិភាព»។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយយ៉ាងខ្លាំងលើឧស្សាហកម្មយោធា និងរោងចក្រថាមពលរបស់រុស្ស៊ី ក្នុងគោលបំណងកាត់ផ្ដាច់ប្រភពចំណូលរបស់ទីក្រុងម៉ូស្គូ សម្រាប់ការវាយលុកឈ្លានពានរបស់ខ្លួន ដែលឥឡូវនេះបានឈានចូលដល់ឆ្នាំទី ៥ ហើយ ព្រមទាំងចង់ឲ្យប្រជាជនរុស្ស៊ីបានដឹងពីផលវិបាកនៃសង្គ្រាមនេះផ្ទាល់។

យុទ្ធនាការវាយប្រហារនេះទៀតសោត បានធ្វើឲ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការដឹកជញ្ជូនយោធារបស់រុស្ស៊ីជួបការរអាក់រអួល។ បើតាមក្រុមអ្នកវិភាគលោកខាងលិច វាក៏បានពន្យឺតកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូ នៅលើសមរភូមិផងដែរ ដែលជាសម្ពាធបន្ថែមរុញច្រានឲ្យវិមានក្រឹមឡាំងត្រូវតែចូលកាន់តុចរចា៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម