ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានកូរ៉េខាងត្បូង៖ «បើចង់បានសុខ ត្រូវឈប់ដាក់ទណ្ឌកម្មកូរ៉េខាងជើង ហើយឈប់ជួយអ៊ុយក្រែន!»
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសរុស្ស៊ី បានចេញមុខការពារកូរ៉េខាងជើងយ៉ាងពេញទំហឹង ដោយបានប្រាប់ទៅកូរ៉េខាងត្បូងចំៗថា ឱ្យឈប់ដាក់សម្ពាធ និងដកទណ្ឌកម្មទាំងឡាយចេញពីកូរ៉េខាងជើងភ្លាមទៅ។

តាមការផ្សាយរបស់កាសែតកូរ៉េខាងត្បូង ChoSun នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ អ្នកវិភាគជាច្រើន បានឱ្យដឹងថា ការដែលរុស្ស៊ីចេញមុខមកការពារកូរ៉េខាងជើងបែបនេះ គឺដោយសារតែរុស្ស៊ី និងកូរ៉េខាងជើង កំពុងតែរឹតចំណងមិត្តភាព ក្លាយជា «បងប្អូនរួមសុខរួមទុក្ខ» នឹងគ្នា កាន់តែស៊ីជម្រៅ ស្របពេលដែលមានដំណឹងថា កូរ៉េខាងត្បូង បានលួចបញ្ជូនទ័ពទៅជួយអ៊ុយក្រែន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងចៃដន្យខ្លាំងនោះ គឺរុស្ស៊ីជ្រើសរើសថ្ងៃនិយាយរឿងនេះ ចំថ្ងៃខួបលើកទី៧៦ នៃសង្គ្រាមកូរ៉េតែម្ដង។ សង្គ្រាមកាលពីមុននោះ គឺលោក គីម អ៊ីលស៊ុង មេដឹកនាំកូរ៉េខាងជើង បានលើកទ័ពទៅវាយកូរ៉េខាងត្បូង ដោយមានមេដឹកនាំសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) លោក Joseph Stalin ជាអ្នកជួយជ្រោមជ្រែងពីក្រោយខ្នង។
រឿងរ៉ាវក្ដៅគគុកនេះ បានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានជួបមុខគ្នាផ្ទាល់ជាមួយលោក Lee Seok-bae ដែលជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅរុស្ស៊ី។ នៅក្នុងជំនួបនោះ ខាងរុស្ស៊ី បាននិយាយត្រង់ៗទៅកូរ៉េខាងត្បូងថា ខ្លួនបារម្ភខ្លាំងណាស់ ចំពោះសកម្មភាពធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក នៅជិតព្រំដែនកូរ៉េខាងជើង ព្រោះវាដូចជាការចាក់សាំងលើភ្លើង ធ្វើឱ្យស្ថានការណ៍នៅតំបន់នោះរឹតតែឡើងកម្ដៅ និងប្រឈមមុខដាក់គ្នាខ្លាំងឡើងៗ។ រុស្ស៊ីបានដាស់តឿនកូរ៉េខាងត្បូងថា បើចង់បានសន្តិភាពមែន ត្រូវបង្ហាញសកម្មភាពពិតប្រាកដមក ជាជាងការនិយាយតែមាត់ ហើយដើរដាក់សម្ពាធគេឯងបែបនេះ។
ក្រៅពីការពារកូរ៉េខាងជើងហើយ រុស្ស៊ីក៏បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បែរជាទៅចូលរួមគាំទ្រពួកលោកខាងលិច និងសហភាពអឺរ៉ុប ក្នុងការរិះគន់ និងវាយប្រហារមកលើរុស្ស៊ីទៅវិញ។ ទង្វើនេះ គឺផ្ទុយស្រឡះពីអ្វីដែលកូរ៉េខាងត្បូងតែងតែនិយាយប្រាប់រុស្ស៊ីថា ខ្លួនចង់រក្សាទំនាក់ទំនងល្អ និងចង់ឱ្យអ្វីៗវិលមក រកភាពប្រក្រតីវិញ។ លោក Rudenko បានរំលឹកកាលពីសម្ភាសន៍មុនថា ចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) ឡើងកាន់តំណែងមក សម្ដីនិងជំហររបស់កូរ៉េខាងត្បូងចំពោះរុស្ស៊ី បានប្រែប្រួលខុសពីមេដឹកនាំមុនៗដាច់ស្រឡះ។ លោកបានសង្កត់ធ្ងន់ថា ពាក្យសម្តីផ្អែមល្ហែមមានន័យ លុះត្រាតែមានសកម្មភាពពិតប្រាកដមកជាមួយ ប៉ុន្តែរហូតមកដល់ពេលនេះ កូរ៉េខាងត្បូង មិនទាន់មានសញ្ញាណាមួយបង្ហាញថា ចង់ស្តារទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយរុស្ស៊ីឡើងវិញនោះទេ។
រឿងដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺរុស្ស៊ីបានដាក់ពាក្យព្រមានទុកជាមុនចំៗថា ខ្លួននឹងចាត់វិធានការសងសឹកវិញជាមិនខាន ប្រសិនបើកូរ៉េខាងត្បូងនៅតែហ៊ានផ្ដល់អាវុធសម្លាប់មនុស្សទៅឱ្យប្រទេសអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍នោះ លោក Rudenko បានបញ្ជាក់ច្បាស់ៗថា រុស្ស៊ីបានប្រាប់កូរ៉េខាងត្បូង តាមវិធីផ្លូវការជាច្រើនដងមកហើយថា រុស្ស៊ីមិនអាចទ្រាំមើលកូរ៉េខាងត្បូង លូកដៃចូលរួមជួយផ្ដល់អាវុធឱ្យអ៊ុយក្រែន ទោះដោយផ្ទាល់ ឬប្រយោលក៏ដោយ។ បើកូរ៉េខាងត្បូងនៅតែធ្វើថ្លង់ មិនដឹងមិនឮ ហើយមើលរំលងការព្រមាននេះ ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងត្បូង មុខជាត្រូវខ្ទេចខ្ទាំមើលមុខគ្នាមិនចំឡើយ ហើយដល់ពេលនោះ រុស្ស៊ីក៏គ្មានជម្រើសអ្វីក្រៅពីការសងសឹកវិញឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


