Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ៖ អាវុធនុយក្លេអ៊ែរ ជាការធានាតែមួយគត់ ដើម្បីទប់ស្កាត់សង្គ្រាមលោក

បានផុស

នៅ

អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បានប្រកាស​កាលពី​ថ្ងៃ​ទី២៤ ខែមិថុនា ថា អាវុធ​នុយក្លេអ៊ែរ​គឺ​ជា «ខែល​ការពារ​តែ​មួយ​គត់» ដែល​​នឹង​ទប់ស្កាត់​ពិភពលោក​ កុំ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​សកល ចំពេល​មាន​ការ​ភ័យខ្លាច​អំពី​ការ​រត់ប្រណាំងសព្វាវុធ​​ថ្មី ​រវាង​ប្រទេស​ជាច្រើន។ ​យោង​ សារព័ត៌មាន thehindu

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការថ្លែងទៅកាន់វេទិកាវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិ Primakov លើកទី១២ កាលពីថ្ងៃទី២៤ ខែមិថុនា លោក Peskov បានគូសបញ្ជាក់ថា «បច្ចុប្បន្ន សន្តិសុខសកលលោកកំពុងតែធ្លាក់ចុះលើទិដ្ឋភាពជាច្រើន។ តាមពិតទៅ ពិភពលោកនាពេលបច្ចុប្បន្ន គឺគ្មានអ្វីក្រៅពីការ​​ការពារដោយ​នុយក្លេអ៊ែរនោះឡើយ។ នេះគឺជាកត្តាតែមួយគត់ ដែលកំពុងការពារពិភពលោកពីសង្គ្រាមលោក»។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានសង្កត់ធ្ងន់ថា ការ​ការពារ​ដោយ​នុយក្លេអ៊ែរមិនអាចបង្ការជម្លោះក្នុងតំបន់បាននោះទេ ហើយហានិភ័យនៃជម្លោះតូចៗបែបនេះកំពុងតែបន្តកើនឡើង។ លោក Peskov ក៏បានបន្ថែមទៀតថា អង្គការដោះស្រាយវិបត្តិពហុភាគី ក៏ដូចជាប្រព័ន្ធទំនាក់ទំនងអន្តរជាតិទាំងមូល កំពុងតែបាត់បង់តម្លៃ និងឥទ្ធិពលរបស់ខ្លួនជាបណ្តើរៗហើយ។

លោកបាននិយាយទៀតថា វាច្បាស់ណាស់ថា សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន មិនថាតែការដួលរលំ ឬកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធទំនាក់ទំនងអន្តរជាតិទាំងមូលក៏កំពុងតែធ្លាក់ចុះតម្លៃដូចគ្នាដែរ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ ក៏ដូចជាតួនាទីរបស់រូបិយប័ណ្ណបម្រុងសំខាន់ៗរបស់ពិភពលោក ក៏កំពុងតែធ្លាក់ចុះឥទ្ធិពលផងដែរ។

ដោយឡែក ងាកមកកាន់សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​បង្អស់​រវាង​ប្រទេស​រុស្ស៊ី និង​សហរដ្ឋអាមេរិក ដែល​មាន​ឈ្មោះ​ថា «New START» បាន​ផុត​កំណត់​កាលពី​ខែ​កុម្ភៈ ដោយ​ការ​ផុត​កំណត់​នេះ​ បាន​ដក​ចេញ​នូវ​រាល់​ការ​រឹតត្បិត​ទៅ​លើ​មហាអំណាច​នុយក្លេអ៊ែរ​ធំៗ​ទាំងពីរ​របស់​ពិភពលោក។ រហូត​មក​ដល់​ពេលនេះ មិន​ទាន់​មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា ភាគី​ទាំងសងខាង​មាន​ចំណាត់ការ​ក្នុង​ការ​បន្ត​សុពលភាព ឬ​ជំនួស​កិច្ចព្រមព្រៀង​នេះ​នៅឡើយ​ទេ បើ​ទោះបីជា​ភាគី​ទាំងពីរ​បាន​យល់ព្រម​បង្កើត​ការ​ចរចា​យោធា​កម្រិត​ខ្ពស់​ឡើងវិញ​ក៏ដោយ។

យ៉ាងណាមិញ ការផុតកំណត់នៃសន្ធិសញ្ញា New START ដោយគ្មានកិច្ចព្រមព្រៀងថ្មីមកជំនួស បានធ្វើឲ្យពិភពលោកធ្លាក់ចូលទៅក្នុង «សុបិនអាក្រក់នៃសម័យសង្គ្រាមត្រជាក់» សារជាថ្មី ដែលប្រទេសមហាអំណាចនានានឹងចាប់ផ្តើមប្រកួតប្រជែងគ្នាលាក់កំបាំង និងផលិតអាវុធប្រល័យលោកជាការរត់ប្រណាំងដោយគ្មានការត្រួតពិនិត្យពីអន្តរជាតិ៕

អត្ថបទ ៖ សាង​ ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម