Connect with us

ព័ត៌មានអន្ដរជាតិ

សារ​ព័ត៌មាន​អាមេរិក​ CBS ចុះ​ផ្សាយ​ពី​របៀប​ដែល បណ្តាញ​ចោរមាន​​មូលដ្ឋាន​នៅថៃ ​Latchford​​ លួច​​​វត្ថុបុរាណ​ខ្មែរ​ ​លក់​​​​ទៅឲ្យ​សារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី​​

បានផុស

នៅ

បន្ទាប់ពីបើកកិច្ចសហការស៊ើបអង្កេតយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈតម្រុយពីអតីតចោរប្លន់ឈ្មោះ Toek Tik ឬឈ្មោះក្រៅថា Lion មានទំនាក់ទំនងជាមួយមេខ្លោងអង់គ្លេសឈ្មោះ Douglas Latchford , នៅ​ទីបំផុត វត្ថុបុរាណខ្មែររាប់ពាន់ដុំត្រូវបានរកឃើញនៅក្នុងសារមន្ទីរល្បីៗ និងភូមិគ្រឹះឯកជននៅលើទឹកដីនៃសហរដ្ឋអាមេរិក ។

ក្រោយរកឃើញ អាមេរិកក៏បានឈានដល់ការប្រគល់ដួងព្រលឹងជាតិ ដែលគេឆ្លៀតឱកាសលួច តាំងពី «សម័យកាលនៃការបង្ហូរឈាម ឬរបបប្រល័យពូជសាសន៍នៅកម្ពុជា នាអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ មកកាន់កម្ពុជាវិញជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CBS News

រូបភាព៖CBS News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Brad Gordon មេធាវីជនជាតិអាមេរិកដែលធ្វើការឲ្យរដ្ឋាភិបាលកម្ពុជា អស់ ១៤ ឆ្នាំ ក្នុងការតាមដានទ្រព្យ​សម្បត្តិ​សិល្បៈចម្លាក់​ដែលបានបាត់បង់ បាននាំក្រុមការងារទៅដល់ប្រាសាទមួយស្ថិតនៅចម្ងាយ ១០០ ម៉ាយល៍ (១៦០​គីឡូម៉ែត្រ) ស្ថិតនៅ​ភាគឦសាននៃប្រាសាទអង្គរវត្ត។ នៅទីធ្លាប្រាសាទដែលបាក់បែក ស្ទើរតែគ្មានអ្វីសល់ក្រៅពីជើងទម្រទទេរស្អាត ដែលរាយប៉ាយនៅចន្លោះដើមស្រឡៅ។

លោក Brad បានពន្យល់ថា «នៅពេលដែលក្រុមចោរមកដល់ទីតាំងបែបនេះ អ្វីដំបូងដែលពួកគេយកគឺព្រះ​សិរ​​ (ក្បាល) ព្រោះវាស្រួលកាន់ ហើយក្រោយមកទៀត ទើបពួកគេត្រឡប់មកយកដងខ្លួន។ ប៉ុន្តែ ពួកគេ​មិនសូវប្រយ័ត្នទេ ដូច្នេះទើបក្រុមចោរបានបន្សល់ទុកនូវបំណែកខ្លះៗ»។

លោក Brad បានហៅមេចោរជនជាតិអង់គ្លេសឈ្មោះ Douglas Latchford ថា ជា «ខួរក្បាលនៅពីក្រោយមហាចោរកម្មសិល្បៈដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ»។ Latchford រស់នៅក្នុងប្រទេសថៃ ជាពាណិជ្ជករអង់គ្លេសដ៏អាថ៌កំបាំងម្នាក់ ដែលបានចាប់ផ្តើមប្រមូលវត្ថុបុរាណនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។

លោក បានបង្ហាញខ្លួនឯងថា ជាអ្នកប្រាជ្ញ និងជាអ្នកការពារវប្បធម៌កម្ពុជា ដោយបានបរិច្ចាគរូបចម្លាក់ទៅឲ្យសារមន្ទីរ Metropolitan Museum of Art (The Met) នៅទីក្រុងញូវយ៉ក និងស្ថាប័នល្បីៗផ្សេងទៀត។ លោក ថែមទាំងបានបោះពុម្ភសៀវភៅចំនួន៣ក្បាលដែលបង្ហាញពីគំរូដ៏ល្អបំផុតនៃវត្ថុបុរាណខ្មែរ ដែលតាមពិតទៅ វត្ថុភាគច្រើនក្នុងនោះត្រូវបានលោកលួចមកសោះ។ លោក បានប្រើប្រាស់សៀវភៅទាំងនោះធ្វើជាកាតាឡុកលក់ទំនិញ ដើម្បីឲ្យអ្នកទិញជឿជាក់ថាវាជាវត្ថុ​បុរាណ​ស្របច្បាប់។

ក្រោយមក មេចោរ Latchford ត្រូវអាជ្ញាធរអាមេរិកចោទប្រកាន់ជាផ្លូវការនៅឆ្នាំ ២០១៩ ពីបទរត់ពន្ធ កុហកបោកប្រាស់ និងបទល្មើសផ្សេងទៀត ប៉ុន្តែ លោកបានស្លាប់មុនពេលតុលាការកាត់ទោស។ លោក Brad បានបញ្ចុះបញ្ចូលគ្រួសាររបស់ Latchford ឲ្យប្រគល់ការប្រមូលផ្ទាល់ខ្លួននៃវត្ថុបុរាណដែលបានលួចត្រឡប់មកវិញ រួមទាំងរូបសំណាកពីកោះកេរនៅឆ្នាំ ២០២១ ផងដែរ។ លោក Lion ដែលកំពុងទន់ខ្សោយដោយសារជំងឺមហារីក បានមកពិនិត្យរូបសំណាកនោះនៅសារមន្ទីរជាតិកម្ពុជាដើម្បីបញ្ជាក់ថា វាជាវត្ថុពិត មុនពេលលោកបានទទួលមរណភាពពីរបីខែក្រោយមក។​

ទោះបីជាមានការត្រឡប់មកវិញខ្លះក៏ដោយ វត្ថុបុរាណខ្មែរជាច្រើននៅតែត្រូវបានលាក់ទុកនៅក្នុងភូមិគ្រឹះរបស់​មហាសេដ្ឋី និងដាក់បង្ហាញនៅក្នុងសារមន្ទីរល្បីៗលើពិភពលោក។ សារមន្ទីរ The Met នៅញូវយ៉ក មានការប្រមូលវត្ថុបុរាណខ្មែរដ៏សំខាន់បំផុតមួយ ប៉ុន្តែ បំណែកល្អៗជាច្រើននៅក្នុងផ្នែកសិល្បៈអាស៊ីអាគ្នេយ៍ គឺជាវត្ថុដែលបានមកពីការលួចប្លន់ និងឆ្លងកាត់ដៃរបស់ Latchford ។

លោក Brad Gordon បាននិយាយថា មនុស្សភាគច្រើនដែលដើរកាត់សារមន្ទីរ The Met មិនបានដឹងថា ទាំងនោះជា «វត្ថុបុរាណបង្ហូរឈាម» ឡើយ ពួកគេមិនដឹងពីប្រវត្តិ និងមនុស្សដែលត្រូវស្លាប់ដើម្បីយកវាចេញមកនោះទេ។

ក្រៅពីសារមន្ទីរ វត្ថុបុរាណខ្មែរដ៏កម្រក៏ត្រូវបានរកឃើញនៅក្នុងភូមិគ្រឹះនៅកោះ Palm Beach របស់មហាសេដ្ឋីចុងក្រោយ លោក George Lindemann និងភរិយាផងដែរ ដែលពួកគេបានចំណាយប្រាក់ប្រហែល ២០ លានដុល្លារ ដើម្បីបង្កើតការប្រមូលនេះឡើង ដោយមានការជួយជ្រោមជ្រែងពី Latchford ។

លោកស្រី Andrea Bayer អនុប្រធានផ្នែកប្រមូល និងរដ្ឋបាលនៃសារមន្ទីរ The Met បានទទួលស្គាល់ថា កាលពីមុនសារមន្ទីរមិនបានត្រួតពិនិត្យប្រភពដើម​​​វត្ថុបុរាណ​ឲ្យ​បានម៉ឺងម៉ាត់គ្រប់គ្រាន់នោះទេ។ នៅចុងឆ្នាំ ២០២៣​ សារមន្ទីរ The Met បានប្រកាសប្រគល់វត្ថុបុរាណចំនួន ១៣ ដុំត្រឡប់មកវិញ បន្ទាប់ពីមានសម្ពាធ​ពីរដ្ឋ​អាជ្ញា។ ដូចគ្នានេះដែរ គ្រួសារមហាសេដ្ឋី Lindemann ក៏បានព្រមព្រៀងស្ម័គ្រចិត្តប្រគល់វត្ថុបុរាណចំនួន ៣៣ ដុំមកឲ្យកម្ពុជាវិញផងដែរ។

នៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ សារមន្ទីរ The Met បានប្រគល់វត្ថុបុរាណចំនួនពីរថែមទៀតមកឲ្យកម្ពុជា បន្ទាប់ពីមានការរឹបអូសដោយអង្គភាពជួញដូរវត្ថុបុរាណរបស់រដ្ឋ​អាជ្ញា នៅ​​​តំបន់ Manhattan។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជានៅតែបន្តទាមទារយ៉ាងម៉ឺងម៉ាត់ឲ្យមានការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន ៣០ផ្សេងទៀត ដែលកំពុងស្ថិតក្នុងកណ្តាប់ដៃរបស់សារមន្ទីរ The Met នៅឡើយ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា លោកស្រី ភឿង សកុណា បានសង្កត់ធ្ងន់​ទាំងអារម្មណ៍រំភើបថា ការបញ្ជូន​ត្រឡប់មកវិញនៃរូបសំណាក និងទេវរូបទាំងនេះ គឺប្រៀបដូចជា «ការទទួលបានមកវិញនូវព្រលឹងរបស់ជាតិ» មិនត្រឹមតែសម្រាប់លោកស្រី និងក្រុមគ្រួសារដែលបានបាត់បង់ក្នុងសង្គ្រាមនោះទេ ប៉ុន្តែគឺសម្រាប់ប្រជាជនកម្ពុជាទាំងមូលផងដែរ។

គួរបញ្ចាក់ដែរថា ក្នុងអំឡុងសង្គ្រាមស៊ីវិល វត្ថុបុរាណខ្មែររាប់ពាន់ដុំត្រូវបានលួចប្លន់ជាលក្ខណៈប្រព័ន្ធ ដោយមេខ្លោងជនជាតិអង់គ្លេស ឈ្មោះ Douglas Latchford ដែលប្រើប្រាស់រូបភាពជាអ្នកជំនាញបិទបាំងសកម្មភាព​ជួញ​ដូរ​​ឆ្លងដែន យកទៅលក់ឲ្យសារមន្ទីរខាន់ៗមួយចំនួននៅលើពិភពលោក និងមហាសេដ្ឋីបរទេស៕

រូបភាព៖CBS News

ប្រែសម្រួល​អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម