Connect with us

ព័ត៌មានអន្ដរជាតិ

ចម្លាក់វប្បធម៌​ខ្មែរ អាយុកាល​រាប់ពាន់ឆ្នាំ កំពុងអង្រួនចិត្តអ្នកទស្សនា ចិន យ៉ាងច្រើនកុះករ នៅសារមន្ទីរសានស៊ី

បានផុស

នៅ

​ថ្មចម្លាក់​​​​តំណាង​វប្បធម៌​និង​អរិយធម៌ខ្មែរបុរាណ បានក្លាយជាផ្ទាំងទស្សនីយភាពដ៏លេចធ្លោមួយ នៅសារមន្ទីរសានស៊ី (Shanxi Museum) ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន នៅក្នុងថ្ងៃបើកសម្ពោធ។ ចាប់តាំងពីផ្ទាំងចម្លាក់ថ្មរហូតដល់និមិត្តសញ្ញាពិសិដ្ឋៗ ប្រវត្តិសាស្ត្រដែលមានអាយុកាលជាង ១,០០០ ឆ្នាំ បានរស់រវើកឡើងវិញដោយស្ងប់ស្ងាត់។

ពិព័រណ៍ក្រោមប្រធានបទ «ទ្រព្យសម្បត្តិរាប់ពាន់ឆ្នាំនៃអរិយធម៌ខ្មែរបុរាណ» បានបើកទ្វារទទួលអ្នកទស្សនា​រយៈពេល​ជិត​​កន្លះឆ្នាំ (៥ខែ) ចាប់​ពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសារមន្ទីរសានស៊ី ក្នុងទីក្រុងតៃយាន (Taiyuan) ដែលជាទីក្រុងនៃខេត្តសានស៊ី ហើយព្រឹត្តិការណ៍នេះនឹងបន្តរៀបចំរហូតដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦។

រូបភាព៖Xinhua New
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមវីដេអូដែលផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋចិន CCTV បានបង្ហាញឲ្យឃើញពីទិដ្ឋភាពដ៏រស់រវើក នៃហ្វូងមនុស្សយ៉ាងច្រើនកុះករ ដែលបានសម្រុកទៅទស្សនា និងស្វែងយល់ពីត្បូងពេជ្រនៃសិល្បៈវប្បធម៌ខ្មែរ។ សារព័ត៌មាន CCTV បានលើកឡើងដោយកោតសរសើរថា «អរិយធម៌ខ្មែរបុរាណ បានលេចត្រដែតឡើងយ៉ាងត្រចះត្រចង់នៅសារមន្ទីរសានស៊ី និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗ នៅក្នុងថ្ងៃបើកសម្ពោធ»។

សេចក្តីរាយការណ៍ដដែល បានបរិយាយបន្ថែមថា ចាប់តាំងពីផ្ទាំងចម្លាក់ថ្មរហូតដល់និមិត្តសញ្ញាពិសិដ្ឋៗផ្សេងទៀត ប្រវត្តិសាស្ត្រដ៏រុងរឿងដែលមានអាយុកាលជាង ១០០០ ឆ្នាំរបស់កម្ពុជា ហាក់បីដូចជាបានរស់រវើកឡើងវិញដោយស្ងប់ស្ងាត់នៅលើទឹកដីចិន។ ជាក់ស្ដែង នៅក្នុងពិព័រណ៍នេះ មានការដាក់តាំងបង្ហាញនូវព្រះពុទ្ធរូប ចម្លាក់ស្ថាបត្យកម្ម និងគ្រឿងភាជន៍បុរាណៗ ដែលមានអាយុកាលតាំងពីសម័យអាណាចក្រភ្នំ (ហ្វូណន) រហូតដល់សម័យអាណាចក្រអង្គរ។

ឯកឧត្តម លី វណ្ណា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដែលបានអញ្ជើញចូលរួមផ្ទាល់ បានលើកឡើងដោយធ្វើការវាយតម្លៃខ្ពស់នៅក្នុងព្រឹត្តិការណ៍នោះថា៖ «ប្រជាជនចិនភាគច្រើនគឺស្គាល់វប្បធម៌ខ្មែរយ៉ាងច្បាស់ ជាពិសេសគឺប្រាសាទអង្គរវត្ត។ ប៉ុន្តែការបានឃើញវត្ថុដ៏ស្រស់ស្អាតបែបនេះផ្ទាល់ភ្នែក ជាពិសេសស្នាដៃឯកផ្នែកចម្លាក់ដូចជាវត្ថុដែលនៅទីនោះ គឺពិតជាឱកាសដ៏កម្រខ្លាំងណាស់»។

ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាដំណើរឆ្លងកាត់ប្រវត្តិសាស្ត្រសិល្បៈខ្មែររាប់ពាន់ឆ្នាំ ក៏ដូចជាការបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ដ៏យូរលង់រវាងកម្ពុជា និងចិន។ ឯកឧត្តម លី វណ្ណា បានបន្ថែមថា៖ «ឱកាសនេះផ្តល់ឲ្យប្រជាជនចិននូវលទ្ធភាពកាន់តែច្រើនក្នុងការសិក្សា និងសង្កេតមើលអរិយធម៌ខ្មែរ ហើយថែមទាំងរំលឹកឡើងវិញនូវទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរផងដែរ»។

គួររំលឹកផងដែរថា ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានប្រវត្តិសាស្ត្រតាំងពីជិត ២,០០០ ឆ្នាំមុនមកម្ល៉េះ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានដើរតួជាអ្នកគាំទ្រយ៉ាងសកម្មលើការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា តាមរយៈការផ្តល់បច្ចេកវិទ្យា និងអ្នកជំនាញ។ ខាងភាគីសារមន្ទីរបានបញ្ជាក់ថា ពិព័រណ៍នេះគឺជាឧទាហរណ៍ដ៏រស់រវើកមួយ នៃការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ៕

ឯកឧត្តម លី វណ្ណា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា
រូបភាព៖Xinhua New

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម