Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ ចិនព្រមានរុស្ស៊ី មិនឱ្យប្រើអាវុធនុយក្លេអ៊ែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើង​ថា ប្រទេសចិនបានចេញការព្រមានដ៏​កម្រ​មួយ​ទៅកាន់ប្រទេសរុស្ស៊ី ដោយ​ហាម​ក្រុង​មូស្គូ​មិន​ឱ្យ​ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន​ ទោះ​ក្នុង​លក្ខខណ្ឌ​បែបណា​ក៏​ដោយ។

លោក ហ្សេលេនស្គី (រូ​បថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សារព័ត៌មាន Politico ចុះផ្សាយ​កាលពីថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៦ លោក ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានថា វា​ជាលើកទីមួយហើយ ដែលចិនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ក្នុងទម្រង់ជា «ឱសានវាទ» ដោយបញ្ជាក់ច្បាស់ៗថា រាល់ការគិតគូរអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជារឿងដែលមិនអាចលើកលែងបានដាច់ខាត។

ប្រធានាធិបតីអ៊ុយក្រែន បានបន្តទៀតថា ព័ត៌មានអំពីអន្តរាគមន៍របស់ទីក្រុងប៉េកាំងនេះ គឺលោកទទួលបានពីមេដឹកនាំអឺរ៉ុប អំឡុងពេលកិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងអង់ការ៉ា ដែលជាទីកន្លែងដែលពួកគេបានពិភាក្សាគ្នាអំពីតួនាទីរបស់ចិន ក្នុងការបញ្ចប់សង្គ្រាម។ ថ្វីដ្បិត​លោក ហ្សេលេនស្គី បានបញ្ជាក់ថា លោកក៏បានពិភាក្សាលើប្រធានបទដ៏រសើបនេះជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែរនោះ ក៏​លោកបានសុំរក្សាភាពស្ងៀមស្ងាត់អំពីខ្លឹមសារនៃការសន្ទនាទាំងស្រុង។

កន្លងមក គេតែងតែឮសូរសម្រែកពីសំណាក់អ្នកនយោបាយរុស្ស៊ីខ្លះៗ ដែលជំរុញឱ្យប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីបង្ខំឱ្យអ៊ុយក្រែនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដូចជា ករណីលោក Viktor Perov សមាជិកសភាក្រុង Saint Petersburg ដែលធ្លាប់បានអំពាវនាវជាសាធារណៈឱ្យប្រើប្រាស់នុយក្លេអ៊ែរ។ ទោះជាយ៉ាងនេះ​ក្តី លោក ពូទីន នៅតែរក្សាភាពស្ងប់ស្ងាត់ និងបានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ុយក្រែនមកទល់ពេលនេះ មិនទាន់មានកម្រិតបំផ្លិចបំផ្លាញដល់ថ្នាក់ដែលតម្រូវឱ្យរដ្ឋាភិបាលលោក ត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។

ការចូលរួមរបស់ចិនក្នុងរឿងនេះ ត្រូវបានគេមើលឃើញថាជាការបោះជំហានដ៏សំខាន់មួយរបស់ទីក្រុងប៉េកាំង ដែលកន្លងមកតែងតែរក្សាជំហរមិនលូកដៃខ្លាំងពេក ក្នុងសង្គ្រាមអ៊ុយក្រែន។ ការព្រមានដាក់ជាឱសានវាទពីសំណាក់ចិន មិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីឥទ្ធិពលដែលចិននៅតែមានលើរុស្ស៊ី ក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ។ ខណៈពេលដែលពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ការអន្តរាគមន៍របស់ចិនលើកនេះ អាចក្លាយជាចំណុចរបត់មួយ ដែលរារាំងមិនឱ្យជម្លោះដែលកំពុងក្ដៅគគុកនេះ ឈានទៅរកមហន្តរាយដ៏អាក្រក់បំផុតសម្រាប់មនុស្សជាតិ៕

លោក ពូទីន និងលោក ស៊ី (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម