Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងសំឡូត កំពុងហក់ឡើងខ្លាំង បំផ្លាញដំណាំ និង លិចលំនៅឋានមួយចំនួនជាប់ដងស្ទឹង

បានផុស

នៅ

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទឹកស្ទឹងនៅស្រុកសំឡូត កំពុងបន្តហក់ឡើងខ្លាំងជាលំដាប់ ខណៈទឹកភ្លៀងនៅតែបង្អុរមកជាហូរហែ ធ្វើឲ្យកម្លាំងទឹកហៀរចេញពីស្ទឹង ហូរកាត់ថ្នល់ជាបណ្ដើរៗ និង យាយីដល់ដំណាំ ព្រមទាំងលំនៅឋានមួយចំនួនដែលស្ថិតនៅតាមបណ្ដោយដងស្ទឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុក បានប្រកាសឲ្យប្រជាពលរដ្ឋត្រៀមលក្ខណៈ និង ប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងនៅតែបន្តឡើងឥតស្រាកស្រាន្ត ពិសេសគឺអ្នកដែលរស់នៅតាមបណ្ដោយដងស្ទឹង ព្រោះប៉ុន្មានថ្ងៃនេះភ្លៀងនៅតែធ្លាក់ជាប់ៗ គ្នា ធ្វើឲ្យទឹកស្ទឹងត្រូវជោរជន់ដោយជំនន់ទឹកភ្លៀង ចាប់តាំងពីស្ទឹងបរឡាង រហូតមកទល់ស្ទឹងក្រញូង រួមទាំងស្ទឹងចម្លងគួយផងដែរ។

នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ នេះ ស្ថានភាពទឹកកំពុងបែកវាលចូលដល់ឃុំកំពង់ល្ពៅ និង លិចលង់ដំណាំ រួមទាំងផ្ទះប្រជាពលរដ្ឋនៅភូមិតាសាញត្បូង ក្នុងឃុំតាសាញ និង ចូលដល់ឃុំអូរសំរិល ហើយបានលិចស្ពានអូរថ្មដែលទើបនឹងជួសជុលហើយថ្មីៗ ស្ថិតក្នុងឃុំតាតោក លិចដល់ឃុំសំឡូត និង លិចដល់បង្កាន់ដៃស្ពានអូរកំបោរ ក្នុងភូមិដូនត្រឹក ឃុំតាសាញ ដែលតម្រូវឲ្យកម្លាំងសមត្ថកិច្ចស្រុកទាំង ៣ ស្ថាប័ន ចេញប្រតិបត្តិការទាំងថ្ងៃទាំងយប់ ដើម្បីចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់ទឹកជំនន់នេះ។

គិតត្រឹមព្រឹកថ្ងៃទី ១៣ កក្កដា នេះ ស្ថានភាពទឹកនៅទំនប់ស្ទាក់ទឹកកង្ហត ក្នុងស្រុកបាណន់ ទឹកកំពុងច្រាលពេញប្រៀបច្រាំង ដែលតម្រូវឲ្យមន្ត្រីជំនាញធ្វើការបើកទ្វារទឹកជាបណ្ដើរៗ ដើម្បីទម្លាក់ទឹកមកតាមដងស្ទឹងសង្កែ នេះដោយសារតែកម្លាំងទឹកបុកធ្លាក់មកខ្លាំងពេក។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹង ដែលស្ថិតក្នុងស្រុកបាណន់ ស្រុកសង្កែ ស្រុកឯកភ្នំ និង ក្រុងបាត់ដំបង ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះកម្លាំងទឹកអាចនឹងធ្លាក់មកដល់នាពេលឆាប់ៗ នេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន

វីដេអូ ៖ ទឹកស្ទឹងសំឡូត កំពុងហក់ឡើងខ្លាំង បំផ្លាញដំណាំ និង លិចលំនៅឋានមួយចំនួនជាប់ដងស្ទឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម