Connect with us

ព័ត៌មានអន្ដរជាតិ

រំឭកហេតុការណ៍អគ្គិភ័យធំៗ នៅ​ក្នុងប្រវត្តិសាស្ត្រថៃ

បានផុស

នៅ

នាវេលាម៉ោង ១២:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ហេតុការណ៍អគ្គិភ័យដ៏សាហាវ បានផ្ទុះឡើងនៅឯក្លឹបកម្សាន្តដ៏ពេញនិយមមួយកន្លែង ក្នុងរដ្ឋធានីបាងកក ប្រទេសថៃ ដែលបានឆក់យកជីវិតមនុស្សដល់ទៅ ២៧នាក់ និងធ្វើឱ្យមនុស្ស ២២នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ព្រឹត្តិការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរំឭកឱ្យមហាជននឹកឃើញដល់សោកនាដកម្មអគ្គិភ័យជាច្រើនទៀត ដែលធ្លាប់បានកើតឡើងនៅក្នុងប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជាហេតុការណ៍ធំៗកាលពីអតីតកាលផង​ដែរ។

សាកសព​អ្នកដែល​ស្លាប់​​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះបារ ថ្ងៃទី​១៣ កក្កដា ២០២៦ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ចុះផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ខាងក្រោមនេះ គឺជា​ហេតុការណ៍អគ្គិភ័យធំៗដែលធ្លាប់បានកើតឡើង នៅ​ប្រទេស​ថៃ៖

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤៖ ភ្ញៀវទេសចរ ៣ នាក់ ដែលមានសញ្ជាតិអាមេរិក ប្រេស៊ីល និងអ៊ុយក្រែន បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារមួយកន្លែង ក្បែរតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវបរទេសនៅបាងកក។

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤៖ សោកនាដកម្មរថយន្តក្រុងដឹកសិស្សសាលា ដែលកំពុងធ្វើដំណើរទៅទស្សនកិច្ច បានឆេះនៅជាយក្រុងបាងកក បណ្តាលឱ្យសិស្ស និងគ្រូយ៉ាងហោចណាស់ ២៣នាក់បានបាត់បង់ជីវិត។

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣៖ ការផ្ទុះឃ្លាំងស្តុកគ្រឿងផ្ទុះ (ផាវ) នៅខេត្ត Narathiwat ជាប់ព្រំដែនម៉ាឡេស៊ី បានសម្លាប់មនុស្ស ១២នាក់ និងរងរបួសជាង ១០០នាក់។

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៖ ភ្លើងបានឆេះក្លឹបកម្សាន្ត Mountain B ក្នុងស្រុក Sattahip ខេត្ត Chonburi ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់ និង ៣៥នាក់រងរបួស។

ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១៖ ការផ្ទុះរោងចក្រមួយកន្លែង ក្នុងខេត្ត Samut Prakan បានសម្លាប់អ្នកពន្លត់អគ្គិភ័យម្នាក់ និងធ្វើឱ្យមនុស្ស ២៩នាក់រងរបួស ព្រមទាំងបង្ខំឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ជម្លៀសខ្លួន។

ថ្ងៃទី១ ខែមករា ឆ្នាំ២០០៩៖ ភ្លើងឆេះក្លឹបកម្សាន្តមួយនៅបាងកក ខណៈពេលដែលមនុស្សម្នាកំពុងអបអរសាទរថ្ងៃចូលឆ្នាំថ្មី បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦៥នាក់ និងរងរបួសជាង ២០០នាក់។

ថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៩៧៖ ភ្លើងឆេះសណ្ឋាគារកម្ពស់ ១៦ជាន់នៅតំបន់ឆ្នេរ Pattaya បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩០នាក់ ដែលមូលហេតុបណ្តាលមកពីការផ្ទុះហ្គាសចម្អិនអាហារនៅជាន់ផ្ទាល់ដី។

ថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៣៖ នេះគឺជាហេតុការណ៍ដ៏រន្ធត់បំផុតមួយ គឺភ្លើងឆេះរោងចក្រផលិតប្រដាប់ប្រដា​ក្មេងលេង Kader Industrial ក្នុងខេត្ត Nakhon Pathom ដែលបានសម្លាប់កម្មករដល់ទៅ ១៨៨នាក់ និងរងរបួសជិត ៥០០នាក់។

រាល់ហេតុការណ៍ទាំងនេះ គឺជាមេរៀនដ៏ឈឺចាប់ ដែលរំឭកដល់អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យ និងការអនុវត្តច្បាប់សំណង់ ដើម្បីបង្ការកុំឱ្យសោកនាដកម្មបែបនេះកើតឡើងជាថ្មីម្តងទៀត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម