Connect with us

ព័ត៌មានអន្ដរជាតិ

ទៅដល់ម៉ាឡេស៊ី, អានុទីន សុំលោកអាន់វ៉ា ឲ្យបើកព្រំដែន ទទួលយកបង្គាថៃ វិញ 

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ អានុទីន បានទៅដល់ប្រទេសម៉ាឡេស៊ីហើយ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការ ហើយក្នុងអំឡុងពេលនោះ មានបញ្ហាជាច្រើនដែលបុរសម្នាក់នេះ នឹងត្រូវលើកយកពិភាក្សាជាមួយ ប្រមុខរដ្ឋាភិបាលទីក្រុងគូឡាឡាំពួ លោកអាន់វ៉ា អ៊ីប្រាហ៊ីម។

(រូប៖ Reuters)

យ៉ាងណា បើតាមការផ្សាយរបស់ Bernama នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦, ក្នុងចំណោមរបៀបវារៈទាំងអស់ គេឃើញថា បញ្ហាបើកច្រកព្រំដែន សុំឲ្យម៉ាឡេស៊ី ព្រមទទួ​លយកបង្គាថៃវិញ គឺជាប្រធានបទដ៏ក្តៅគគុក ទាំងដែលលោកអានុទីន ក៏កំពុងត្រូវប្រជនជនខ្លួន ​ជេរប្រទេចព្រោះតែការចាត់វិធានការ ចង់លេងជាមួយម៉ាឡេស៊ី ទាំងមិនចេះគិត មើលមុខមើលក្រោយ។

ទីបំផុត ក្នុងជំនួបទ្វេភាគី អានុទីន មិនបាននិយាយខ្លាំងដូចពេលនៅថៃឡើយ ដោយបញ្ចុះបញ្ចូលលោក អាន់វ៉ា ឲ្យបើកច្រកព្រំដែនវិញ ហើយម៉ាឡេស៊ី ក៏ព្រមចរចាដែរ ប៉ុន្តែមិនទាន់មានការកំណត់ក្របខ័ណ្ឌ និងពេលវេលាច្បាស់លាស់ នៃការនាំចូលបង្គថៃ វិញនោះទេ។

ទោះបែបនេះ កាលពីថ្ងៃចន្ទ នាយកដ្ឋានជលផលម៉ាឡេស៊ី លោក Adnan Hussain បញ្ជាក់ថា មិនទាន់មានការឯកភាព ទទួលយកការនាំចូលបង្គាថៃវិញទេ ពោលគឺក្រុមការងារបច្ចេកទេសម៉ាឡេស៊ី នឹងប្រើពេល ៣០ថ្ងៃសិន ដើម្បីវាយតម្លៃ និងផ្ទៀងផ្ទាត់ឯកសារសុវត្ថិភាពចំណីអាហារ ដែលថៃបានដាក់ជូន ហើយម៉ាឡេស៊ីនឹង បន្តបម្រាមនាំចូលឥតកំណត់ រហូតទាល់តែ ប្រព័ន្ធជីវសុវត្ថិភាពរបស់ថៃ ត្រូវបានបញ្ជាក់ថា មានសុវត្ថិភាពពិតប្រាកដ។

សូមជម្រាបជាថ្មី ជម្លោះពាណិជ្ជកម្ម រវាងថៃនិងម៉ាឡេស៊ីនេះ គឺផ្តើមចេញពីថៃមុន ដែលហាមឃាត់ការនាំចូលត្រីឆ្ពង់ ពីម៉ាឡេស៊ី ដោយអះអាងថា រកឃើញសារធាតុគីមីក្នុងត្រីនោះ ទើប ម៉ាឡេស៊ី សងសឹកវិញ ដោយហាមឃាត់ ការនាំចូលបង្គាថៃ ចំនួន ៥ប្រភេទ ចាប់អនុវត្តនៅថ្ងៃទី១ ខែមិថុនា កន្លងទៅ។

ដោយសារតែយូរទៅៗ នាយករដ្ឋមន្រ្តីថៃ អានុទីន នៅតែដោះស្រាយបញ្ហានេះមិនចេញ, កសិករថៃ ក៏អស់ការអត់ធ្មត់ ហើយពួកគេ ទុកពេលត្រឹម ៧ថ្ងៃ ឲ្យរដ្ឋាភិបាល ធ្វើរឿងនេះឲ្យចេញ បើមិនដូច្នោះ ពួកគេនឹងលើកគ្នាធ្វើបាតុកម្ម និងដើរក្បួនតវ៉ា ទៅកាន់ទីក្រុងបាងកក ហើយ។

រឿងនេះកើតឡើង ស្របពេលតម្លៃបង្គា នៅតែបន្តធ្លាក់ថ្លៃខ្លាំង ពោលគឺដាំក្បាលចុះពី ២២០ បាតក្នុងមួយគីឡូក្រាម មកត្រឹម ១៣០ បាត ក្នុងមួយគីឡូក្រាម។

ម៉ាឡេស៊ី គឺជាទីផ្សារបង្គាដ៏សំខាន់មួយរបស់ថៃ ដោយមួយឆ្នាំៗ ការនាំចេញបង្គាថៃទៅ ម៉ាឡេស៊ី មានបរិមាណចន្លោះពី ១៥ ០០០ ទៅ ២៥ ០០០ តោន បើគិតជាទឹកប្រាក់ គឺស្មើនឹងប្រហែលពី ៦០ ទៅ ៩០ លានដុល្លារអាមេរិក៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម