ព័ត៌មានអន្ដរជាតិ
តុលាការថៃ បើកដៃឱ្យ អានុទីន ប្រើកម្ចីបន្ទាន់ ១២ពាន់លានដុល្លារ ខណៈអ្នកជំនាញព្រមានពីវិបត្តិបំណុលជាតិវ័ណ្ឌក
យោងតាមសារព័ត៌មាន The Nation Thailand រដ្ឋាភិបាលរបស់លោក អានុទីន ឆានវីរៈគុល ទទួលបានជ័យជម្នះផ្នែកនយោបាយយ៉ាងធំធេង បន្ទាប់ពីតុលាការធម្មនុញ្ញ បានសម្រេចនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ថា ព្រះរាជក្រឹត្យកម្ចីបន្ទាន់ក្នុងទំហំទឹកប្រាក់ ៤០០ពាន់លានបាត ឬប្រហែល ១២ពាន់លានដុល្លារ គឺស្របតាមរដ្ឋធម្មនុញ្ញទាំងស្រុង។ យ៉ាងណាមិញ ជោគជ័យនេះ ត្រូវរងការព្រមានភ្លាមៗពីធនាគារកណ្តាលថៃ និងក្រុមអ្នកជំនាញសេដ្ឋកិច្ចថា កម្ចីដ៏មហាសាលនេះ នឹងរុញច្រានបំណុលសាធារណៈឱ្យឡើងទៅកៀកនឹងពិដានច្បាប់កំណត់ ៧០% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់លំហូរហិរញ្ញវត្ថុជាតិសម្រាប់ទប់ទល់នឹងវិបត្តិនាពេលអនាគត។

ដើមឡើយ វិវាទផ្លូវច្បាប់នេះ បានផ្ទុះឡើងបន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំងចំនួន ១៣៣រូប បានរួមគ្នាប្តឹងទៅតុលាការ ដោយអះអាងថា គណៈរដ្ឋមន្ត្រីបានរំលោភលើរដ្ឋធម្មនុញ្ញមាត្រា ១៧២ ដែលអនុញ្ញាតឱ្យចេញព្រះរាជក្រឹត្យបន្ទាន់បាន តែក្នុងករណីណាដែលមានភាពចាំបាច់ និងមិនអាចជៀសវាងបានប៉ុណ្ណោះ។ បក្សប្រឆាំងយល់ស្របថា ការចែកលុយជួយជីវភាពពលរដ្ឋជារឿងប្រញាប់ ប៉ុន្តែពួកគេមិនយល់ស្របឡើយ ចំពោះការប្រើប្រាស់កម្ចីបន្ទាន់នេះ ហួសទៅដល់ការវិនិយោគលើរចនាសម្ព័ន្ធថាមពលរយៈពេលវែងនោះទេ។ ទោះជាយ៉ាងណា ក្រុមចៅក្រមបានបោះឆ្នោតគាំទ្រគម្រោងនេះ ដោយសំឡេង ៩ ទល់នឹង ០ លើកញ្ចប់ថវិកាចែកលុយ ២០០ពាន់លានបាត ហៅថា «Thais Help Thais Plus» និងសំឡេង ៧ ទល់នឹង ២ លើកញ្ចប់ថវិកា ២០០ពាន់លានបាតទៀត សម្រាប់បង្វែរប្រទេសទៅរកថាមពលបៃតង និងឡានអគ្គិសនី។
ក្រៅពីបញ្ហាបំណុលវណ្ឌកហើយ ប្រភពព័ត៌មានសេដ្ឋកិច្ចធំៗ ដូចជា Bloomberg បានគូសបញ្ជាក់បន្ថែមពីផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ តាមរយៈការបង្កើតសម្ពាធលើអតិផរណា។ កាលពីខែឧសភា អត្រាអតិផរណារបស់ថៃ បានហក់ឡើងខ្ពស់បំផុត ក្នុងរយៈពេល ៣៨ខែ គឺដល់ទៅ ២,៨៩% ទៅហើយ ដោយសារវិបត្តិថាមពលសកល។ ការចាក់លុយស្រស់ៗចំនួន ២០០ពាន់លានបាត ចូលទៅក្នុងដៃអ្នកប្រើប្រាស់ភ្លាមៗបែបនេះ អាចនឹងរុញច្រានឱ្យទំនិញក្នុងស្រុកកាន់តែឡើងថ្លៃខ្លាំងលើសដើម ដែលបង្ខំឱ្យធនាគារកណ្តាលត្រូវរក្សាអត្រាការប្រាក់ ក្នុងកម្រិតខ្ពស់ដដែល។
ជាងនេះទៅទៀត ក្រុមអ្នកសេដ្ឋកិច្ច បានរិះគន់ថា កម្ចីនេះជាដំណោះស្រាយបែប «បិទដំបៅបណ្តោះអាសន្ន» ព្រោះការចែកលុយឱ្យពលរដ្ឋចាយវាយ គឺគ្រាន់តែជួយទប់ទល់សេដ្ឋកិច្ច ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែវាមិនបានជួយដោះស្រាយឫសគល់នៃបញ្ហាសេដ្ឋកិច្ចពិតប្រាកដរបស់ថៃនោះឡើយ ជាអាទិ៍ បញ្ហាបំណុលវណ្ឌកក្នុងគ្រួសារ បញ្ហាសង្គមមនុស្សចាស់ និងការធ្លាក់ចុះនៃសមត្ថភាពប្រកួតប្រជែងរបស់ជាតិនៅលើទីផ្សារអន្តរជាតិ។ ក្នុងពេលជាមួយគ្នានោះ ការប្រើប្រាស់ព្រះរាជក្រឹត្យបន្ទាន់របស់រដ្ឋាភិបាល ក៏បានធ្វើឱ្យគម្រោងនេះរំលងប្រព័ន្ធត្រួតពិនិត្យថវិកាជាតិ ដោយមិនបានឆ្លងកាត់ការដេញដោល និងស៊ើបអង្កេតយ៉ាងល្អិតល្អន់ពីសភាជាតិឡើយ ដែលក្រុមអ្នកតស៊ូមតិដើម្បីតម្លាភាពព្រមានថា នេះជាគំរូនយោបាយដ៏គ្រោះថ្នាក់ ដែលកាត់បន្ថយប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពអំណាច ក្នុងការប្រើប្រាស់លុយពន្ធរបស់ប្រជាពលរដ្ឋ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


