Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ដាក់ពង្រាយកម្លាំង ត្រៀមទប់ទល់ជាមួយ មីយ៉ាន់ម៉ា

បានផុស

នៅ

ដោយសារសភាពការណ៍ធ្ងន់ធ្ងរទៅៗ កងទ័ពថៃ បានដាក់ពង្រាយកម្លាំង ដើម្បីទប់ទល់ជាមួយនឹងទាហានខាងមីយ៉ាន់ម៉ា ខណៈសមរភូមិឆ្លងដែន កាន់តែសាហាវ។

(រូប៖ បណ្តាញសង្គម)

យោងតាម AEC ផ្សាយនៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំង Naresuan បានត្រៀមលក្ខណៈរួចជាស្រេចអស់ហើយ នៅតាមបណ្តោយ ក្នុងស្រុក Mae Sot និង Phop Phra ខេត្ត Tak។

ជាមួយនឹងការតាមដានស្ថានការណ៍ជាប់ជានិច្ច កងទ័ពថៃទាំងអស់ ក៏ត្រូវប្រុងជើងការ ២៤ម៉ោងលើ២៤ម៉ោងផងដែរ ហើយត្រៀមវាយបក បើការប្រយុទ្ធខាងមីយ៉ាន់ម៉ា នៅតែធ្លាយចូលដីខ្លួនទៀត។ 

(រូប៖ បណ្តាញសង្គម)

ការត្រៀមកម្លាំងនេះកើតឡើង ស្របពេលពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា ត្រូវរស់ទាំងព្រលឹងចុងសក់រាល់ថ្ងៃ ហើយឧស្សាហ៍រត់បាតជើងសព្រាតណាស់ ព្រោះតែការប្រយុទ្ធនៅម្ខាងព្រំដែន អត់ថមថយសោះឡើយ។

ចុងក្រោយបំផុតនេះ កងទ័ពមីយ៉ាន់ម៉ា ថែមទាំងបញ្ជូនយន្តហោះធុន Y-12 និង YAX-130 ទៅទម្លាក់គ្រាប់បែក ជញ្រ្ជំមូលដ្ឋានកងទ័ពជាតិការ៉ែន (KNLA) ស្ថិតក្នុងភូមិ Minlapan នៃស្រុក Myawaddy ​រដ្ឋ ការ៉ែន ទៀតផង ហើយការផ្ទុះ លាន់កក្រើកដល់ដីថៃ។

(រូប៖ បណ្តាញសង្គម)

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ មីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ៣គ្រាប់ ដោយមួយគ្រាប់ៗ មានទម្ងន់ ២២៧គីឡូក្រាម ហើយឥទ្ធិពលរបស់វា ធ្វើឲ្យលាន់កក្រើក ដល់ភូមិ Ban Mae Ku Luang នៃស្រុក​ Mae Sot ខេត្ត Tak ប្រទេសថៃ ខណៈពលរដ្ឋ នាំគ្នារត់បាតជើងសព្រាត ចូលលេណដ្ឋានទាំងព្រលឹង ចុងសក់។

មិនត្រឹមប៉ុណ្ណឹង សូម្បីសាលារៀននៅក្នុងខេត្ត Tak ជាច្រើនកន្លែង ក៏ត្រូវបិទជាបណ្តោះអាសន្នផងដែរ ព្រោះតែស្ថានការណ៍ មើលទៅមិនធូរស្រាល ក្នុងពេលឆាប់ៗនេះឡើយ។

(រូប៖ បណ្តាញសង្គម)

ហេតុការណ៍នេះទៀតសោត កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសិស្សសាលាថៃ នៅក្នុងខេត្តនេះ ត្រូវជម្លៀសជាបន្ទាន់ បន្ទាប់ពីគ្រាប់ផ្លោង ហោះមកពីខាងមីយ៉ាន់ម៉ា ធ្លាក់ចូលទីធ្លាសាលារៀនរបស់ពួកគេ។

សិស្សសាលា Ban Mae Kon Ken ក្នុងភូមិ Huai Mahawong នៃឃុំ Mahawan ស្រុក Mae Sot ខេត្ត Tak បានជម្លៀសចេញជាបន្ទាន់ ទៅកាន់កន្លែងសុវត្ថិភាព ដោយសារតែគ្រាប់ធ្លាក់ចូល ប៉ុន្តែមិនផ្ទុះ ធ្វើឲ្យផ្អើលឆោឡោ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម