ព័ត៌មានជាតិ
សម្តេចធិបតី ណែនាំឱ្យបញ្ចៀសការសាងសង់ដែលប៉ះពាល់ «បូជនីយដ្ឋានចងចាំនៃកម្ពុជា»ជាសម្បត្តិបេតិកភណ្ឌពិភពលោក
នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស «បូជនីយដ្ឋានចងចាំនៃកម្ពុជា» បន្ទាប់ពីបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំងបញ្ចៀសការសាងសង់ ឬសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រ។ ការណែនាំធ្វើឡើងតាមរយៈសារលិខិត ក្នុងឱកាសខួប១ឆ្នាំ នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចធិបតីគូសបញ្ជាក់ថា បន្ទាប់ពីការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក គ្រប់ភាគីពាក់ព័ន្ធត្រូវធានាការការពារទីតាំងនេះឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងត្រូវបំពេញបេសកកម្មការងារគ្រប់គ្រងនិងអភិរក្សឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ប្រតិបត្តិរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។
សម្តេចបញ្ជាក់ថា៖«មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញ ពីការតស៊ូ ការលះបង់ដ៏ខ្ពស់បំផុត និងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ដើម្បីសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនាជូនប្រជាជនកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃការកសាងនិងការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ»។
គួររំឮកថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា»ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈសេចក្តីសម្រេចលេខ47 COM 8B.14 នៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
ទីតាំងបេតិកភណ្ឌទាំងនេះរួមមាន អតីតមន្ទីរឃុំឃាំង១៣ (ម-១៣) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេច តេជោ ហ៊ុន សែន ដើម្បីបន្សល់ទុកជាកេរមរតកនៃការចងចាំ ការរៀនសូត្រ មេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់កូនចៅជំនាន់ក្រោយតទៅមុខ ព្រមទាំងជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាងនិងការការពារសន្តិភាព។

យកឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់បណ្តាញសារព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទីតាំងប្រវត្តិសាស្ត្រនេះ ឱ្យបានទូលំទូលាយ ក្នុងឱកាសប្រារព្ធខួប១ឆ្នាំ ដើម្បីបំផុសបន្ថែមនូវជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំឭកអំពីភាពចាំបាច់នៃការរួមគ្នា ការពារសន្តិភាពឱ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយ ក្រោមពាក្យស្លោក “អរគុណសន្តិភាព”៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


