Connect with us

ព័ត៌មានជាតិ

តំណាងយូណេស្កូសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យអប់រំ ក្រោយជួបសម្ដេចតេជោ

បានផុស

នៅ

តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Flavio Bonetti បានបញ្ជាក់ពីទំនាក់ទំនងរវាងកម្ពុជា និងយូណេស្កូ ដែលលោកពណ៌នាថា ជាទំនាក់ទំនងដ៏រឹងមាំ និងជ្រាលជ្រៅ។ ខណៈលោក សន្យាថា អង្គការយូណេស្កូ នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសន្យារបស់តំណាងយូណេស្កូបែបនេះ ជាការឆ្លើយតបទៅនឹងក្ដីរំពឹងរបស់ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា សម្ដេចតេជោ​ ហ៊ុន សែន ដែលបានបង្ហាញថា ក្នុងបេសកកម្មរបស់លោកតំណាងអង្គការយូណេស្កូ នៅពេលនេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការយូណេស្កូកាន់តែរឹងមាំ។

ក្នុងជំនួបដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោក Flavio Bonetti ហើយក៏បានពិភាក្សាជាមួយលោក Flavio Bonetti ទាក់ទងទៅនឹងកត្តាសំខាន់ៗមួយចំនួនដែលអង្គការយូណេស្កូ បានយកចិត្តទៅដាក់ក្នុងការជួយកន្លងមក។

សម្ដេចតេជោ បានលើកឡើងឱ្យមានការបន្តនូវការគាំទ្រ និងយកចិត្តទុកដាក់បន្ថែមទៀតរបស់យូណេស្កូ ដោយសម្ដេចសង្កត់ធ្ងន់ដល់វិស័យអប់រំនៅកម្ពុជា។ សម្ដេច បាននិយាយថា ដើម្បីឱ្យកម្ពុជាខ្លាំងត្រូវតែមានមូលធនមនុស្ស គឺធនធានមនុស្សខ្លាំង ហើយមូលធនមនុស្សនោះឯង ដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់។

សម្ដេចតេជោ​ បានរៀបរាប់ប្រាប់តំណាងយូណេស្កូពីការវិវត្តនៃវិស័យអប់រំកម្ពុជា ចាប់តាំងពីចំណុចសូន្យ រហូតមកដល់ពេលនេះ ដែលបានរីកចម្រើនក្នុងស្ថានភាពមួយល្អជាបន្តបន្ទាប់។ តំណាងអង្គការយូណេស្កូបានឯកភាពចំពោះការលើកឡើងរបស់សម្ដេចតេជោ ជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យអប់រំ ដោយលោក បានលើកឡើងថា យូណេស្កូ គាំទ្រពេញទំហឹងក្នុងការសហការជាមួយនឹងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាលជាពិសេសក្រសួងអប់រំក្នុងការពង្រឹងបន្ថែមទៀតនៅក្នុងវិស័យអប់រំកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម