Connect with us

ព័ត៌មានជាតិ

យូណេស្កូកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា

បានផុស

នៅ

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃចន្ទ តំណាងអង្គការយូណេស្កូ បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងពង្រីកភាពជាដៃគូជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ទាំងលើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ។ តាមតំណាងរូបនេះ យូណេស្កូ បន្តផ្ដោតសំខាន់លើការជួយកៀរគរមូលនិធិពីប្រភពសហគមន៍អន្តរជាតិ ដើម្បីគាំទ្រដល់ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានរាយការណ៍ជូនសម្ដេចធិបតី ថា អង្គការយូណេស្កូបានចូលរួមចំណែកក្នុងការផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលលោក អះអាងថា ជាអាទិភាពចម្បងរបស់អង្គការយូណេស្កូ។

ទន្ទឹមនឹងវិស័យវប្បធម៌ ក្នុងវិស័យអប់រំ លោក Flavio Bonetti បានសង្កត់ធ្ងន់ពីការបន្តភាពជាដៃគូយូរអង្វែងជាមួយក្រសួងអប់រំរបស់កម្ពុជា ដោយលោកគូសបញ្ជាក់ពីការងារអាទិភាពក្នុងការរៀបចំគោលនយោបាយអប់រំ ការពង្រឹងគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា សំដៅចូលរួមចំណែកដល់ការកសាងមូលធនមនុស្សកម្ពុជា ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល។

ក្នុងជំនួបនោះ លោក Flavio Bonetti បានអរគុណចំពោះកម្ពុជាដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ឆ្លើយតបការលើកឡើងរបស់តំណាងយូណេស្កូ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយ មិនត្រឹមតែមានសារសំខាន់សម្រាប់ប្រជាជនកម្ពុជា និងយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ តែថែមទាំងមានតម្លៃមហាសាលសម្រាប់មនុស្សជាតិទូទាំងសកលលោកផងដែរ។

សម្ដេចធិបតី បានបញ្ជាក់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅតែជាអាទិភាពដ៏សំខាន់របស់កម្ពុជា ហើយរាជរដ្ឋាភិបាល ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បាននិងកំពុងជំរុញបន្ថែមទៀត ក្នុងការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ក្នុងន័យនេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់អង្គការយូណេស្កូឱ្យបន្តពង្រឹងទំនាក់ទំនងនិងពង្រីកកិច្ចសហការកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនូវភាពជាដៃគូឱ្យ និងជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម