ព័ត៌មានអន្ដរជាតិ
អនាគតនយោបាយរបស់ លោក ណេតាន់យ៉ាហ៊ូ នឹងត្រូវកាត់សេចក្តីនាថ្ងៃទី២៧ តុលា
សភារបស់អ៊ីស្រាអែល បានប្រកាសជាផ្លូវការថា ពួកគេនឹងបញ្ចប់អាណត្តិបច្ចុប្បន្ននៅថ្ងៃទី១៧ ខែកក្កដា ហើយការបោះឆ្នោតជាតិត្រូវតែប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា តាមការកំណត់នៃច្បាប់។ ការសម្រេចនេះ ធ្វើឡើងដោយគ្មានការរំលាយសភានៅមុនកាលកំណត់នោះទេ ដែលនេះបង្ហាញថា រដ្ឋាភិបាលបច្ចុប្បន្នបានគ្រប់គ្រងតំណែងរបស់ខ្លួនបានពេញអាណត្តិបួនឆ្នាំ ដែលជារឿងដ៏កម្រមួយនៅក្នុងប្រវត្តិសាស្ត្រនយោបាយអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

សម្រាប់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បុរសវ័យ ៧៦ឆ្នាំ ដែលជាមេដឹកនាំកាន់អំណាចយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសអ៊ីស្រាអែល ការបោះឆ្នោតលើកនេះ មិនមែនគ្រាន់តែជាការងាររដ្ឋបាលធម្មតាទេ ប៉ុន្តែវាជាការប្រជែងដ៏ធំបំផុតក្នុងជីវិតនយោបាយរបស់លោក។ ក្នុងនាមជាអ្នកដែលធ្លាប់ឈ្នះឆ្នោតច្រើនលើកច្រើនសា លោកបានប្រកាសយ៉ាងច្បាស់ថា លោកមានបំណងចង់ឈ្នះជាថ្មីម្តងទៀត។ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលរបស់លោកដែលល្បីថាជាក្រុមស្តាំនិយមខ្លាំងបំផុតនោះ កំពុងតែប្រញាប់ប្រញាល់ជំរុញឱ្យសភាអនុម័តច្បាប់ជាច្រើន ដើម្បីពង្រឹងកម្លាំងរបស់ខ្លួនមុនពេលបោះឆ្នោតមកដល់។
យ៉ាងណាមិញ មាគ៌ានយោបាយរបស់លោក ណេតាន់យ៉ាហ៊ូ កំពុងជួបព្យុះភ្លៀងយ៉ាងខ្លាំង។ លទ្ធផលស្ទង់មតិពីសាកលវិទ្យាល័យ Hebrew ក្នុងទីក្រុងយេរូសាឡឹម បានបង្ហាញពីតួលេខដ៏គួរឱ្យភ្ញាក់ផ្អើល៖ ប្រជាជនអ៊ីស្រាអែលជាង ៩២ភាគរយ មានជំនឿថា អ៊ីរ៉ង់គឺជាអ្នកឈ្នះនៅក្នុងសង្គ្រាមតំបន់នេះ ហើយការគាំទ្រលោក ណេតាន់យ៉ាហ៊ូ បានធ្លាក់ចុះយ៉ាងគំហុកពីជាង ៤០ភាគរយនៅដើមឆ្នាំ មកនៅត្រឹមមិនដល់ ៣០ភាគរយក្នុងខែមិថុនា។ មិនត្រឹមតែប៉ុណ្ណោះ អតីតមេបញ្ជាការយោធា លោក កាឌី អេសិនកូត (Gadi Eisenkot) បានលេចវត្តមានឡើងជាគូប្រជែងដ៏ខ្លាំងក្លាបំផុតរបស់លោក ដែលធ្វើឱ្យក្តីសង្ឃឹមក្នុងការឈ្នះឆ្នោតរបស់លោក ណេតាន់យ៉ាហ៊ូ កាន់តែស្រពិចស្រពិល។
ភាពខឹងសម្បាររបស់ប្រជាជន បានកើនឡើងជុំវិញបញ្ហាជាច្រើន ដែលរួមមាន ការមិនពេញចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន ដែលពួកគេយល់ថាធ្វើឱ្យអ៊ីស្រាអែលចាញ់ប្រៀប។ បន្ថែមពីលើនេះ ភាពបរាជ័យផ្នែកសន្តិសុខកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក៏នៅតែជាស្រមោលខ្មៅដែលតាមលងបន្លាចលោកមិនឈប់។ មួយវិញទៀត ជម្លោះរឿងការកែនទាហាន ដោយសារតែកូនប្រុសរបស់ក្រុមជនជាតិយូដាជ្រុលនិយម មិនព្រមចូលបម្រើកងទ័ព ខណៈដែលប្រជាជនទូទៅចាត់ទុកថា ការចូលបម្រើកងទ័ព គឺជាកាតព្វកិច្ចចាំបាច់ ដើម្បីការពារជាតិ បានក្លាយជាភ្លើងឆេះសន្ធោសន្ធៅរវាងសម្ព័ន្ធមិត្តរបស់លោក និងសាធារណជន។
បច្ចុប្បន្ន លោក ណេតាន់យ៉ាហ៊ូ កំពុងព្យាយាមប្តូរយុទ្ធសាស្ត្រពីការដឹកនាំបែបបក្សពួក ទៅជាការដឹកនាំបែប «រួបរួមជាតិ»។ លោកបានថ្លែងយ៉ាងច្បាស់ថា បន្ទាប់ពីការបោះឆ្នោត លោកនឹងបង្កើតរដ្ឋាភិបាលមួយដែលមិនមែនស្តាំ ឬឆ្វេងនិយម ប៉ុន្តែជារដ្ឋាភិបាលជាតិដ៏ទូលំទូលាយមួយ។ លោកសន្យាថា នឹងប្រើជ័យជម្នះយោធាប្រឆាំងនឹងក្រុមហេសបូឡា និងអ៊ីរ៉ង់ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយបណ្តាប្រទេសជិតខាង ដូចជា លីបង់ ជាដើម។ តើពាក្យសន្យាទាំងនេះនឹងអាចជួយលោក ណេតាន់យ៉ាហ៊ូ ឱ្យឆ្លងផុតព្យុះនយោបាយនៅថ្ងៃទី២៧ ខែតុលា បានដែរឬទេ? នេះគឺជាសំណួរដែលប្រជាជនអ៊ីស្រាអែលទាំងមូល កំពុងតែទន្ទឹងរង់ចាំចម្លើយ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


