ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចាត់ទុកការប្រកាសរំលាយស្ថាប័នរបស់ក្រុមហាម៉ាស គ្រាន់តែជា «ល្បិចកល»
ក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃ ទី៦ ខែកក្កដា ថា ពួកគេបានសម្រេចរំលាយរដ្ឋាភិបាលនៅក្នុងតំបន់ហ្គាហ្សាហើយ និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់អំណាចទៅឲ្យក្រុមអ្នកបច្ចេកទេសប៉ាឡេស្ទីន។ ជំហាននេះត្រូវបានក្រុមហាម៉ាសពិពណ៌នាថា ជាការបោះជំហានទៅមុខមួយនៅក្នុងផែនការគាំទ្រដោយអាមេរិកសម្រាប់តំបន់មួយនេះ ប៉ុន្តែត្រូវបានអ៊ីស្រាអែលច្រានចោល និងចាត់ទុកថា គ្រាន់តែជា «ល្បិចកល» តែប៉ុណ្ណោះ។

យោងតាម Reuters, ការសន្យារបស់ក្រុមប្រដាប់អាវុធមួយនេះ ក្នុងការបញ្ចប់តួនាទីរបស់ស្ថាប័នត្រួតពិនិត្យក្រសួងនានារបស់ខ្លួន ដែលបានដំណើរការអស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ គឺជាផ្នែកមួយដ៏សំខាន់នៃផែនការគ្រប់គ្រងដោយជនស៊ីវិល សម្រាប់តំបន់ហ្គាហ្សាក្រោយសង្គ្រាម។ ផែនការនេះត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បន្ទាប់ពីការចាប់ផ្តើមនៃបទឈប់បាញ់ដ៏ផុយស្រួយជាមួយអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាសបានបញ្ជាក់ថា បណ្តាក្រសួង និងបុគ្គលិកដែលពួកគេបានតែងតាំងនឹងនៅតែរក្សាតំណែងដដែល ហើយខ្លួននឹងនៅតែបន្តត្រួតពិនិត្យលើផ្នែកសន្តិសុខ និងប៉ូលិសនៅក្នុងតំបន់ខ្លះនៃហ្គាហ្សា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់សម្របសម្រួលដោយអាមេរិក។
ក្រុមប្រឹក្សាសន្តិភាព ដែលតែងតាំងដោយលោក ត្រាំ ដើម្បីតាមដានផែនការនេះ បានលើកឡើងថា ខ្លួនបានកត់សម្គាល់ឃើញពីចំណាត់ការរបស់ហាម៉ាសហើយ។ ប៉ុន្តែស្ថាប័ននេះបានបន្ថែមថា ជាចុងក្រោយ ការវាយតម្លៃរបស់យើងនឹងត្រូវណែនាំដោយសកម្មភាពជាក់ស្តែង មិនមែនពាក្យសន្យានោះទេ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏សំខាន់របស់ប្រជាជននៅហ្គាហ្សា។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានច្រានចោលការប្រកាសរបស់ហាម៉ាស ដោយលោកបានសរសេរនៅលើបណ្តាញសង្គម X ថា ការបង្ហាញឆន្ទៈរបស់ក្រុមនេះក្នុងការបើកផ្លូវឲ្យមានរដ្ឋាភិបាលបច្ចេកវិទ្យា គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ការកុំឲ្យមានការរំសាយអាវុធរបស់ពួកគេតែប៉ុណ្ណោះ។
លោក Saar បានបន្ថែមថា «ដរាបណាហាម៉ាសនៅតែរក្សាទុកអាវុធរបស់ខ្លួន នោះរដ្ឋាភិបាលស៊ីវិលណាក៏ដោយ នឹងត្រូវដំណើរការទៅតាមបញ្ជារបស់ហាម៉ាសដដែល»។ លោកបានបញ្ជាក់ទៀតថា អ៊ីស្រាអែលនៅតែប្រកាន់ជំហរទាមទារឲ្យមានការអនុវត្តពេញលេញនូវផែនការរបស់លោក ត្រាំ រួមទាំងការទាមទារឲ្យហាម៉ាសទម្លាក់អាវុធចុះផងដែរ។
ផ្ទុយទៅវិញ ក្រុមហាម៉ាសបានបដិសេធមិនព្រមរំសាយអាវុធឡើយ រហូតទាល់តែអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារទាំងអស់នៅក្នុងតំបន់ហ្គាហ្សា ដែលការវាយប្រហារចុងក្រោយបំផុតកាលពីថ្ងៃច័ន្ទ បានសម្លាប់មនុស្សចំនួន ៥ នាក់។ ចំណែកឯភាគីអ៊ីស្រាអែលបានអះអាងថា ការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីមានបទឈប់បាញ់មក គឺមានគោលបំណងទប់ស្កាត់ការគំរាមកំហែងពីក្រុមប្រដាប់អាវុធ។
សូមបញ្ជាក់ដែរថា ក្រោយសង្គ្រាមអូសបន្លាយ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយមួយ កាលពីខែតុលា ឆ្នាំមុន ក្រោមការសម្របសម្រួលពីអាមេរិក។ ក្រោយមក ប្រធានាធិបតី ត្រាំ បានដាក់ចេញនូវផែនការសន្តិភាពមួយ ដែលតម្រូវឲ្យតំបន់ហ្គាហ្សាក្រោយសង្គ្រាមត្រូវតែគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិល ដែលមិនមែនជាក្រុមប្រដាប់អាវុធ ដើម្បីបើកផ្លូវឲ្យមានការកសាងក្រុងឡើងវិញ និងឲ្យកងទ័ពអ៊ីស្រាអែលដកថយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


