ព័ត៌មានជាតិ
កំពតជាស្តេចទុរេន តែខេត្តពីរទៀតកសិករងាកពីធ្វើស្រែរាប់ជំនាន់ មកដាំទុរេនលក់បានថ្លៃលើទីផ្សារ
ខេត្តសៀមរាប និងខេត្តព្រះវិហារ បានចាប់ផ្តើមលេចឈ្មោះជាខេត្តដាំដុះទុរេន ក្រោយដំណាំយុទ្ធសាស្ត្រមានតម្លៃលើទីផ្សារ ត្រូវបានកសិករសាកល្បងដាំដុះទទួលបានផលគួរជាទីពេញចិត្ត។
ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ល្បីល្បាញមួយរបស់ប្រទេសកម្ពុជា មានការចាប់អារម្មណ៍ក្រោយពេលខេត្តដែលនិយមដាំដុះស្រូវតកូនតចៅរាប់ជំនាន់នេះ បានសាកល្បងដាំដុះដំណាំទុរេន។ ទុរេននៅស្រុកបន្ទាយស្រី ត្រូវពលរដ្ឋដាំដុះតាមជើងភ្នំគូលែន ហើយក៏ចាប់ផ្តើមហ៊ុចផលអាចបេះលក់លើទីផ្សារបណ្តើរៗហើយ។


ទុរេនបន្ទាយស្រីមានរសជាតិផ្អែមមុត ក្រអូបឈ្ងុយឆ្ងាញ់ មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ។ ទុរេនបន្ទាយស្រី ទើបប្រមូលផលប្រមាណពីរឆ្នាំនេះប៉ុណ្ណោះ។
ទុរេននៅស្រុកបន្ទាយស្រី ច្រើនដាំនៅតាមតំបន់ជើងភ្នំគូលែន ជាតំបន់ខ្ពង់រាបដីក្រហម សម្បូរទៅដោយជីវជាតិ។ លោកឃីម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកពីផែនការជំរុញឱ្យកសិករពង្រីកផ្ទៃដីដាំទុរេន ខណៈបច្ចុប្បន្នដំណាំទុរេនមានទីផ្សារធំទូលាយ មានតម្លៃខ្ពស់ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺនៅភូមិសា្រស្រ្តដីនៅស្រុកបន្ទាយស្រី ក៏អាចដាំទុរេនបានដែរ។
លោកអភិបាលស្រុកចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី ដាំដំណាំហូបផ្លែឲ្យបានច្រើន ជាពិសេសដំណាំដែលមានតម្លៃខ្ពស់លើទីផ្សារមានដូចជាទុរេនជាដើម ព្រោះដីក្រហមតំបន់ភ្នំនៅបន្ទាយស្រី មានសក្តានុពលកសិកម្មសម្បូរបែបខ្លាំងណាស់។ ជាមួយការដាក់ផែនការនេះ រដ្ឋបាលស្រុក ក៏ត្រៀមខ្លួនក្នុងការជម្រុញទីផ្សារ និងកំពុងសហការជាមួយអង្គការដៃគូ ប្រែក្លាយអភិវឌ្ឍស្រុកបន្ទាយស្រីជា “ដែនដីកសិទេសចរណ៍” នៅក្នុងពេលអនាគត។
ក្រៅពីខេត្តសៀមរាប ខេត្តព្រះវិហារកំពុងក្លាយជាតំបន់សម្បូរទុរេនដែរហីយ។ នេះបើតាមលោក យ៉ង សាំងកុមារ បណ្ឌិតកសិកម្មមកពីអាល្លឺម៉ង់។ បណ្ឌិតកសិកម្ម ដែលបានប្រែក្លាយជាអ្នកនយោបាយបានលើកពីគុណតម្លៃនៃដំណាំទុរេន ក្នុងពេលដែលលោកដើរទស្សនាចម្ការទុរេនកសិករនៅខេត្តព្រះវិហារកាលពីពេលថ្មីៗនេះ។


ក្នុងពេលដើរទស្សនាចម្ការទុរេននៅតំបន់ជិតជើងភ្នំដងរែកខេត្តព្រះវិហារ លោកចាប់អារម្មណ៍ថា កសិករមួយគ្រួសារមានទុរេនពី ៥០ទៅ១០០ ដើម អាចបានផលទុរេនជាមធ្យម ១០០ ទៅ ២០០ គីឡូមួយក្នុងមួយដើម។
បណ្ឌិតកសិកម្មរូបនេះ ក៏កំពុងរៀបចំឲ្យក្លាយជាតំបន់កសិរុក្ខកម្មនិងកសិទេសចរណ៍នៅខេត្តព្រះវិហារ ដែលមានដាំនិងថែដេីមឈេីជាមួយដំណាំកសិកម្មដូចជាស្រកានាគ ទុរេន ខ្នុរ ជាដើម។
បើតាមការរំពឹងទុករបស់បណ្ឌិតកសិកម្មពីអាល្លឺម៉ង ដោយសារដំណាំទុរេនមានការពង្រីកផ្ទៃដីដាំដុះ ក្រៅពីខេត្តស្តេចទុរេននៅកំពត កោះកុង បាត់ដំបង និងខេត្តមួយចំនួនទៀតកសិករបានងាកមកដាំដុះដំណាំយុទ្ធសាស្រ្តទីផ្សារនេះ កម្ពុជាអាចនឹងផលិតទុរេនបាន១លានតោនមួយឆ្នាំ និងរកចំណូលបានរាប់ពាន់លានដុល្លារក្នុង១ឆ្នាំនៅ៥ឆ្នាំទៀត។
ខេត្តកំពតត្រូវបានគេចាត់ទុកជាស្តេចទុរេន ដែលមានការដាំដុះទុរេនច្រើនជំនាន់មកហើយ។ យ៉ាងណាដំណាំហូបផ្លែឈើជាស្តេចផ្លែឈើនេះ ត្រូវបានពលរដ្ឋកម្ពុជាបានពង្រីកការដាំដុះតាមខេត្តមួយចំនួនទៀត ដែលមានភូមិសាស្ត្រអំណោយផលដូចជា កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ កោះកុងជាដើម។
បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥២៨៩ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣ ៤០៣ ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦,៦៥៦ តោនក្នុង១ឆ្នាំ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កសិករអាចរកប្រាក់ចំណូលបានច្រើនពីការដាំដំណាំទុរេន ដោយក្នុង១ហិកតា អាចទទួលបានប្រមាណ ១ ទៅ ២ ម៉ឺនដុល្លារ បើមានការដាំដុះតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
លោករដ្ឋមន្ត្រីបានបន្តថា ប្រសិនបើកសិករដាំជាលក្ខណៈទ្រង់ទ្រាយធំឬច្រើនគ្រួសារ ដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិទៀតផង។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបញ្ជាក់ថា ទោះបីដំណាំនេះទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេសទេសត្រឹមត្រូវ ទើបទទួលបានជោគជ័យ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


