ព័ត៌មានជាតិ
ការទូទាត់់ប្រាក់តាមអនឡាញមានកំណើនខ្លាំង ក្រោយពីការជំរុញរបស់ធនាគារជាតិ
ក្នុងរយៈពេលចុងក្រោយនេះ ការទូទាត់់ប្រាក់តាមអនឡាញត្រូវបានគេមើលឃើញថាមានកំណើនខ្លាំងគួរឱ្យកត់សម្គាល់ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័ននានាក្នុងប្រទេសកម្ពុជាផ្តល់ការលើកទឹកចិត្តដល់អតិថិជន និងក្រុមហ៊ុនសហគ្រាស ដែលជ្រើសរើសយកប្រតិបត្តិការទូទាត់ជាអេឡិចត្រូនិកជំនួសឱ្យប្រតិបត្តិការទូទាត់ដែលប្រើប្រាស់ក្រដាសប្រាក់។

លោកបណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា៖ «ការទូទាត់់ប្រាក់តាមអនឡាញមានកំណើនខ្លាំង មុនពេលកូវីដ១៩ចំនួនប្រតិបត្តិការមានតែ៧០%ទេដែលប្រើការទូទាត់់ប្រាក់តាមអនឡាញ តែឥឡូវចំនួនប្រតិបត្តិការមានចំនួនរហូតដល់ទៅ៩៣%។ ចំនួនទឹកប្រាក់ទូទាត់់តាមអនឡាញមានប្រហែល១០ពាន់លានដុល្លារក្នុងមួយខែ។»
លោកបណ្ឌិត អុិន ចាន់នី បានបន្តថា ការកើនឡើងនៃការទូទាត់់ប្រាក់តាមអនឡាញនេះ ដោយសារតែប្រជាពលរដ្ឋមិនចង់កាន់ក្រដាសប្រាក់ដែលអាចមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ ការទូទាត់តាមអនឡាញនេះមានភាពងាយស្រួល និងរហ័ស ហើយម្យ៉ាងទៀតវាស្របទៅនឹងគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលដើម្បីបង្ករភាពងាយស្រួលចំពោះការទូទាត់ប្រាក់នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ៖ «ការទូទាត់់ប្រាក់តាមអនឡាញមានការកើនឡើង ដោយសារប្រជាជនយើងខ្លាចឆ្លងជំងឺកូវីដ១៩តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ ហើយម្យ៉ាងទៀតនៅពេលមានការបិទខ្ទប់ម្ដងៗ ពួកគាត់ពិបាកក្នុងការចេញទៅក្រៅដើម្បីទូទាត់ប្រាក់។»
ទោះជាយ៉ាងណា លោក កាំង តុងងីបានបន្តថា ការទូទាត់់ប្រាក់តាមអនឡាញមានហានិភ័យតិចតួចដែរ ដូចជាការលួចហែកចូលគណនីរបស់អតិថិជន និងការបន្លំបោកប្រាស់ជាដើម ប៉ុន្តែហានិភ័យទាំងនេះនៅមានកម្រិតទាបនៅឡើយទេ។ និន្នាការនៃការការទូទាត់់ប្រាក់តាមអនឡាញនឹងបន្តកើនឡើងថែមទៀតនៅថ្ងៃអនាគត ព្រោះវាមានប្រសិទ្ធភាពខ្លាំង និងភាពងាយស្រួលខ្ពស់។

ដើម្បីជម្រុញការទូទាត់ប្រាក់តាមអនឡាន កាលពីឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានដាក់ដំណើរការប្រព័ន្ធទូទាត់សងប្រាក់រួមមួយឈ្មោះថា«បាគង» ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការបានច្រើនមុខងារ ដូចជាកាបូបអេឡិចត្រូនិក(E-Wallet) ការទូទាត់ចល័ត និងកម្មវិធីធនាគារអនឡាញដែលមុខងារទាំងអស់នេះស្ថិតក្នុងកម្មវិធីតែមួយ។
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃ កម្ពុជាបានថ្លែងថា៖ «បើទោះបីប្រជាពលរដ្ឋភាគច្រើននិយមធ្វើប្រតិបត្តិការទូទាត់ដោយប្រើប្រាស់ក្រដាសប្រាក់ក្តី ក៏ធនាគារជាតិនៃកម្ពុជានៅតែជំរុញពាណិជ្ជករ និងអតិថិជនឱ្យងាកមកប្រើប្រាស់ការទូទាត់ជាអេឡិចត្រូនិក ដោយសារការអនុវត្តនេះនឹងអាចពង្រឹងចំណេះដឹងនៃការប្រើប្រាស់ការទូទាត់ឌីជីថល និងទាក់ទាញប្រជាពលរដ្ឋឱ្យប្រើប្រាស់ការទូទាត់នេះបានកាន់តែទូលំទូលាយតាមរយៈកម្មវិធីទូទាត់ទាំងនោះ»។

លោកស្រីបន្តទៀតថា៖ «កម្មវិធីទូទាត់ឌីជីថលជាឧបករណ៍មួយដែលមានប្រសិទ្ធភាពក្នុងការធានា និងផ្តល់លទ្ធភាពឱ្យគ្រប់ផ្នែកទាំងអស់នៅក្នុងសង្គមទទួលបានការចូលប្រើប្រាស់សេវាធនាគារ។ បច្ចុប្បន្នដើម្បីសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩បានជំរុញឱ្យធនាគារជាតិនៃកម្ពុជា និងគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុយកចិត្តទុកដាក់លើការឈានទៅរកសង្គមដែលមិនប្រើប្រាស់ក្រដាស់ប្រាក់»។
យោងតាមធនាគារជាតិនៃកម្ពុជា បច្ចុប្បន្នមានប្រជាជនកម្ពុជាច្រើនជាង ៥៩ ភាគរយ បានធ្វើប្រតិបត្តិការទូទាត់របស់ខ្លួនតាមប្រព័ន្ធអនឡាញ៕

អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


