ព័ត៌មានជាតិ
សមាគម CMA និងសម្ព័ន្ធ CACA ចុះMOUជាមួយគ្នា ដើម្បីលើកកម្ពស់ការទទួលបាន សេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា(CACA) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញZoom។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា «អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការនៃស្ថានប័នទាំងពីរ តាមរយៈការបញ្ច្រៀបចំណេះដឹងហិរញ្ញវត្ថុ ដល់សមាជិកសហគមន៍ ការសិក្សាស្រាវជ្រាវ ការអនុវត្តគម្រោងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទាំងពីរ និងដើម្បីជំរុញឲ្យមានការទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព»។
ចំណែកលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ក្នុងសុន្ទរថារបស់លោក ថា គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ឥណទានទៅវិស័យកសិកម្ម មានចំនួន ១៧,០ ទ្រីលានរៀល សមមូលនឹង ៤,២ ប៊ីលានដុល្លារអាមេរិក។ បើទោះ ជាទំហំឥណទាន សម្រាប់វិស័យកសិកម្មមានការកើនឡើងរៀងរាល់ឆ្នាំក្តី ក៏ការទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការក្នុងវិស័យនេះ នៅតែជួបបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទ្រព្យបញ្ចាំ និងការរៀបចំឯកសារកម្ចី ជាដើម។
លោកបានបន្តទៀតថា «វិស័យកសិកម្ម ជាវិស័យដ៏មានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះបាននិងកំពុងមានការវិវត្តយ៉ាងខ្លាំងពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាការធ្វើកសិកម្មតាមបែបទំនើប ឬកសិឧស្សាហកម្ម តាមរយៈការធ្វើពិពិធកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងការនាំចេញ។ ការផ្លាស់ប្តូរនេះ ទាមទារជាចាំបាច់នូវធនធានមនុស្ស និងបច្ចេកទេសថ្មីៗ ហើយជាពិសេស ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩នេះ ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតកម្មរបស់កសិករ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់ ក្នុងការស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ»។
ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និងនិរន្តរភាព លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានមានប្រសាសន៍ថា «ពិតណាស់ដែលយើងត្រូវអភិវឌ្ឍន៍តាមរយៈការពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម នឹងដែលត្រូវការការចូលរួមជាចាំបាច់ពីភាគីពាក់ព័ន្ធនានា ជាពិសេសពីវិស័យហិរញ្ញវត្ថុ»។
រីឯលោក ស៊្រុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ ចំពោះសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៅជនបទកម្ពុជា។ លោករំពឹងថា «អនុស្សរណៈនៃការយោគយល់គ្នា រវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឆ្លើយតបទៅនឹងអភិក្រមនៃភាពជាដៃគូរ ព្រមទាំងចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ នៅក្នុងវិស័យកសិកម្ម ជាពិសេសសម្រាប់គ្រួសារកសិករ នៅជនបទនៃប្រទេសកម្ពុជា»។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ក៏មានអមផងដែរនូវវេទិកាពិភាក្សា ស្តីពី «ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម» ដែលបានលើកឡើងពីបញ្ហាប្រឈមរបស់កសិករ ឬសហគមន៍កសិកម្ម ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ហើយនិងមានការបង្ហាញនូវសេវាកម្មខ្លះៗដែលមានស្រាប់ ក្នុងវិស័យហិរញ្ញវត្ថុដើម្បីអាចឆ្លើយតបនឹងតម្រូវការរសម្រាប់វិស័យកសិកម្ម។។
សូមចូលទស្សនាកម្មវិធីឡើងវិញនេះតាមរយៈតំណរ https://bit.ly/3lDmGHe និងទាញយករូបភាពតាមរយៈតំណរ https://bit.ly/3DCG7Xa
សូមជម្រាបថា សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ត្រូវបានបង្កើតឡើងដោយមហាសន្និបាទកំណើតដំបូង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ គឺជារចនាសម្ព័ន្ធចាត់តាំងកំពូល របស់សហគមន៍ កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងឲ្យមានតំណាងស្របច្បាប់ក្នុងក្របខ័ណ្ឌជាតិ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ ព្រមទាំងជួយសម្របសម្រួលផ្តល់សេវាកម្មគាំទ្រ ពង្រឹងនិងពង្រីកសមត្ថភាពរបស់សមាជិក ឲ្យធានាបាននូវភាពជោគជ័យ ក្នុងការបំពេញបេសកកម្ម និងមុខងាររបស់ខ្លួន នៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម សង្គមនិងសេដ្ឋកិច្ច។ ដោយគិតត្រឹមដំណាច់ឆ្នាំ២០២០ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា មានសមាជិកសរុបចំនួន ១,២០០ ជាសហគមន៍កសិកម្ម និង ១១ ជាសហភាពសហគមន៍កសិកម្ម ដែលមានសមាជិកសរុប ១៤៤,៣០៦ នាក់ ដែលក្នុងនោះសមាជិកជាស្រ្តី ៦២.៧៩% ស្មើនឹង ៩០,៣០៦ នាក់ និងមានដើមទុនសរុបប្រមាណ ៩៩,៤៨៩ (កៅសិបប្រាំបួនពាន់ បួនរយប៉ែតសិបប្រាំបួន) លានរៀល។
ចំណែកឯសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(សមក) គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាកចំណេញ មានគោលដៅធានាអោយបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែបទាន់ពេលវេលាតាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ សមាគមអាចសម្រេចគោលដៅនេះបាន តាមរយៈការសម្របសម្រួលជាមួយប្រតិបត្តករ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន និងវិនិយោគគិន។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាតំណាងស្របច្បាប់របស់វិស័យមីក្រូហិរញ្ញវត្ថុ និងសមាជិក ដែលត្រូវបានចុះបញ្ជីរនៅក្រសួងមហាផ្ទៃ និងត្រូវបានទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានសមាជិកចំនួន ១១៥ រួមមានគ្រឹស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៧០ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១២ និងគ្រឹះស្ថានឥណទានជនបទចំនួន២៣ និងធនាគារចំនួន៤។ សមាជិករបស់របស់សមាគម (ដោយមិនបញ្ជូលទិន្នន័យធនាគារ) បាននឹងកំពុងផ្តល់ឥណទានសរុបជាង ៧ប៊ីលានដុល្លាអាមេរិច ជូនអតិថិជនចំនួនជិត ២លាននាក់ ខណៈអតិថិជនដាក់ប្រើបញ្ញើមានចំនួន ២,៨លាននាក់ ដែលមានប្រាក់បញ្ញើសរុបប្រមាណ ៣,៨ប៊ីលានដុល្លាអាមេរិក៕




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


