Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ រកឃើញការរំលោភដីព្រៃលិចទឹក ១១ ទីតាំង លើផ្ទៃដីជាង ៥ ពាន់ហិចតា

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការស្រាវជ្រាវបឋមរបស់មន្ទីរកសិកម្មខេត្ត រកឃើញការទន្ទ្រានចាស់លើដីព្រៃលិចទឹក តំបន់៣ ចំនួន ១១ ទីតាំង ស្មើទំហំ ៥ ៣៥០ ហិចតា គឺនៅឃុំប្រាសាទ ៣ ទីតាំងស្មើ ៦៥០ ហិចតា នៅឃុំភ្នំលៀប ៨ ទីតាំង ស្មើ ៤ ៧០០ ហិចតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនៅ សាលប្រជុំសាលាខេត្ត នៅរសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ ដោយមានការចូលរួមពីលោក វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង ខ.ភ.ម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រោយបទបញ្ជាសម្តេចតេជោ ក្រុមចម្រុះខេត្តបានចុះពិនិត្យ ហើយរបាយការណ៍របស់កងរាជអាវុធហត្ថខេត្ត បានរកឃើញនៅ ចំណុច៣ ស្ថិតនៅក្នុងឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី មានការរំលោភចូលអាស្រ័យផលពីពលរដ្ឋចំនួន ៤៣៩ នាក់ (ពលរដ្ឋក្នុងមូលដ្ឋាន ៤១៩ នាក់) អស់ផ្ទៃដីប្រមាណ ៧ ៨៣៤,២៤ ហិចតា។

រដ្ឋបាលខេត្តបានបង្កើតក្រុមការងារចម្រុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនោះ ៤ ក្រុម ជំនួយការ។ បានចេញលិខិត សជណ ស្តីពីការចុះទប់ស្កាត់ និងបង្ក្រាបការរុករានទន្ទ្រាន កាន់កាប់អាស្រ័យផលនៅភូមិសាស្ត្រទាំង៣ឃុំ នៃ២ស្រុក។

លោក អ៊ុំ រាត្រី បានឱ្យដឹងបន្ថែមថា នៅឆ្នាំ ២០២១០-២០១១ ត្រូវបានបោះបង្គោលកំណត់ព្រំដីតំបន់ ថ្នាក់ជាតិបាន ១១ បង្គោល និងថ្នាក់ខេត្តបាន ១៥ បង្គោល។ ក្រុមការងារបច្ចេកទេសបានស្វែងរក និងផ្ទៀងផ្ទាត់បង្គោលតំបន់ ៣ ភូមិសាស្ត្រខេត្តចំនួន ២៦​ បង្គោល គឺត្រឹមត្រូវតាមនិយាមការក្នុងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១។ ក្នុងនោះ បង្គោលខ្លះរក្សាទ្រង់ទ្រាយដើម ខ្លះដួល ទ្រេត រលំ ខ្លះខុសទីតាំង ខ្លះបាត់ និងខ្លះចូលមិនដល់។ ខេត្តក៏លើកទិសដៅបន្ត ការស្នើសុំគោលការណ៍ណែនាំអនុវត្តបន្តចំនួន ៨ ចំណុច។

ឆ្លងកាត់ការពិភាក្សាពិគ្រោះយោបល់ អំពីវឌ្ឍនភាពការងារ ក្នុងការពិនិត្យស្រាវជ្រាវ និងវិធានការចំពោះមុខ ដែលត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងតម្លាភាពនោះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានដាក់ចេញផែនការ និងវិធានការ ចំនួន ៧ ចំណុច៖
១. ជូនរដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ចប់ការពិនិត្យបញ្ជាក់ លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២. ជូនរដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដី ដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ។
៣. ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលបានទន្ទ្រាន។
៤. កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទ្រាន ដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់។
៥. ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹក ដែលខ្វះ និងដែលបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋ នូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
៦. ចំពោះប្រជាពលរដ្ឋ ដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
៧. ការដាំដើមឈើឡើងវិញ ផ្តល់អាទិភាពលើការដាំដើមឫស្សី។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រិត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១ ស្តីពី ការកំណត់ដែនព្រៃលិចទឹកក្នុងតំបន់ ៣ បឹងទន្លេសាប មានចំនួន ៦៤៧ ៤០៦ ហិចតា ស្ថិតនៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប មានខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ ក្នុងនោះនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានទំហំ ១២ ២៩៧ ហិចតា និងមាន ៤៨ ចំណុចនិយាមការ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤២ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម