ព័ត៌មានជាតិ
CHRC ខកចិត្តដែលអ្នករាយការណ៍UNបន្តស្ងៀមស្ងាត់ចំពោះសកម្មភាពបំពានរបស់ថៃលើពលរដ្ឋខ្មែរ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី ខកចិត្តដែលអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យអង្គការសហប្រជាជាតិបន្តស្ងៀមស្ងាត់ចំពោះសកម្មភាពរបស់កងទ័ពថៃដែលបានបំពានទឹកដីកម្ពុជា ដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែង ដីស្រែចម្ការ និងគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាជនខ្មែរដែលកំពុងរស់នៅតាមបណ្ដោយព្រំដែន។

ក្នុងលិខិតចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ផ្ទើទៅឱ្យអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យរបស់ UNលោក Balaskrishnan Rajagopal ប្រធាន CHRC លោក កែវ រ៉េមី បានស្នើឱ្យលោក Balaskrishnan ទំនាក់ទំនងជាបន្ទាន់ទៅរាជរដ្ឋាភិបាលថៃដើម្បីធានាដល់ការគោរពសិទ្ធិលំនៅដ្ឋានរបស់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ ពីការបំពានរបស់ថៃ ក៏ដូចជាបង្ការការរំលោភបំពានផ្សេងទៀត និងសម្របសម្រួលឱ្យមានវិធានការដោះស្រាយសមរម្យតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ក្នុងលិខិតនោះលោក កែវ រ៉េមី បានលើកឡើងថា៖ «គ.ស.ម.ក មានការខកចិត្តយ៉ាងខ្លាំង ដែលអ្នករាយការណ៍ពិសេសមិនបានឆ្លើយតបនឹងញាត្តិបន្ទាន់របស់ គ.ស.ម.ក ហើយបន្តស្ងៀមស្ងាត់បែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងប្រសិទ្ធិភាពនៃយន្តការនីតិវិធីពិសេស»។
នេះជាការរាយការណ៍ជាលើកទី២ហើយបន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានផ្ញើលិខិតថ្ងៃទី១៥ ខែសីហា ទៅកាន់លោក Balaskrishnan Rajagopal រាយការណ៍ពីការចូលមកដេញពលរដ្ឋខ្មែរដោយទាហានថៃជាលើកដំបូងនោះ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរាយការណ៍បន្ថែមផងដែរថា ការបណ្ដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែងពួកគេកន្លងទៅដោយទាហានថៃ បានធ្វើឱ្យពលរដ្ឋទាំងនោះរងការឈឺចាប់ និងទុក្ខលំបាក បាត់បង់ទីជម្រក បង្កឱ្យមានបញ្ហាសន្តិសុខ ប៉ះពាល់ដល់ផ្លូវចិត្តពួកគេជាខ្លាំង។ បន្ថែមលើនេះអាជ្ញាធរថៃក៏គ្រោងប្រើច្បាប់អាជ្ញាសឹកបណ្ដេញប្រជាជនកម្ពុជាដែលរស់នៅព្រំដែនបន្ថែមទៀតផងដែរ។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អគ្គបញ្ជាការទ័ពនាយឧត្ដមសេនីយ៍ Ukrit Boontanon បានបញ្ជាឱ្យប្រតិបត្តិការបណ្ដេញពលរដ្ឋកម្ពុជាឱ្យបានឆាប់ដោយអនុលោមតាមច្បាប់អាជ្ញាសឹកឆ្នាំ១៩១៤ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ព្រមទាំងរៀបចំផែនការដើម្បីបណ្ដេញចេញតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ថៃ ហើយក្រសួងមហាផ្ទៃ និងនគរបាលថៃត្រូវផ្ដល់ជំនួយដល់ការធ្វើប្រតិបត្តិការយោធានេះផងដែរ។

ច្បាប់អាជ្ញាសឹកឆ្នាំ១៩១៤របស់ថៃបានផ្ដល់អំណាចដល់យោធាក្នុងការការពារប្រទេសអំឡុងពេលមានសង្គ្រាម និងទប់ស្កាត់ភាពចលាចលដើម្បីរក្សាសណ្ដាប់ធ្នាប់ ការពារគ្រោះថ្នាក់មិនថាពីក្នុងប្រទេសឬពីខាងក្រៅ។ ច្បាប់នេះអនុញ្ញាតឱ្យមានការជ្រើសរើសទាហាន រឹបអូសសម្ភារៈឯកជន យានជំនិះ បណ្ដេញមនុស្សចេញពីផ្ទះសំបែង វាយកម្ទេចផ្ទះសំបែង អាគារណាមួយដែលចាត់ទុកថាចាំបាច់សម្រាប់ការប្រើប្រាស់ ឬការពារយោធា និងចាប់ខ្លួនមនុស្សមកសាកសួរផងដែរ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ បានប្រាប់កម្ពុជាថ្មីថាតាមគំនូសផែនទីដែលថៃគូសដោយខ្លួនឯងបំពានដីខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យនឹងប៉ះពាល់ដល់ពលរដ្ឋជាង២០០គ្រួសារដែលមានមនុស្សជាង៨០០នាក់ត្រូវរងផលប៉ះពាល់។
លោកថា៖ «យើងមានការបារម្ភតែបងប្អូនរបស់យើងគាត់នៅថែរក្សាផ្ទះរបស់គាត់ ដីរបស់គាត់ក្នុងដែនអធិបតេយ្យភាពហើយពាក់ព័ន្ធនឹងកងកម្លាំងពាក់ព័ន្ធនឹងអាជ្ញាធរយើងនៅតែថែរក្សាការពារសុវត្ថិភាពជូនពួកគាត់»។

កាលពីខែកញ្ញា អភិបាលខេត្តស្រះកែវប្រទេសថៃបានដាក់ឱសានវាទដល់ពលរដ្ឋខ្មែរដែលរស់លើដីដែលថៃទាមទារថាជារបស់ខ្លួននោះចាកចេញពីផ្ទះសំបែងពួកគាត់ឱ្យបានត្រឹមថ្ងៃទី១០ ខែតុលានេះខណៈដែលរដ្ឋបាលខេត្តបន្ទាយមានជ័យកម្ពុជានៅថ្ងៃទី៨ ខែតុលា បានផ្ញើលិខិតទៅអភិបាលខេត្តស្រះកែវវិញថា រដ្ឋបាលខេត្តនេះគ្មានសិទ្ធិមកកំណត់ព្រំដែនលើតំបន់ដែលមិនមានការព្រមព្រៀងគ្នាទាំងនេះនោះទេ។ ហើយរដ្ឋបាលខេត្តបន្ទាយមានជ័យគោរពតែទៅតាមអ្វីដែលមានការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃនៅក្នុងកិច្ចប្រជុំ JBC តែប៉ុណ្ណោះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


