Connect with us

ព័ត៌មានជាតិ

ប្រទះ​ឃើញ​ប្រភេទ​ត្រី​ក្បក​ (Tenualosa thibaudeaui) ដ៏​កម្រ​ជិត​ផុត​ពូជ​មាន​ចំនួន​ច្រើន​ក្នុង​ទី​ផ្សារ​

បានផុស

នៅ

ភ្នំពេញ ៖ ​ក្រុម​ការងារ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ​ បាន​ស៊ើប​អង្កេត​រក​ឃើញ​ប្រភេទ​ត្រី​ក្បក​ (Tenualosa thibaudeaui) ដែល​រង​ការ​គំរាមកំហែង ហើយ​ចាប់​តាំង​ពី​ឆ្នាំ២០១៧​មក ​មាន​ត្រី​ប្រភេទ​នេះ​ តែមួយ​ក្បាល​ប៉ុណ្ណោះ​ដែល​រក​ឃើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​នៅក្នុងឆ្នាំ​នេះ​មាន​ចំនួន​ច្រើន​ រហូត​ដល់​ត្រូវ​គេ​ចាប់​យក​មក​លក់​បាន​រាប់​សិប​កន្ត្រក់​នៅ​ក្នុងទីផ្សារ​ក្នុង​ស្រុក​។ ហើយ​ ថ្មីៗ​នេះ​ក្រុម​និស្សិត​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​ដែលមាន ស៊ុប មិច​ត្តា ឈន សុខសាន្ត និង​អេ​លីហ្សា​បែ​ត អេ​វឺ​រ៉េ​ស រួម​ជា​មួយ​នឹង​លោក សឿន ណង មន្ត្រី​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលផល​ទឹកសាប បាន​ធ្វើ​ដំណើរ​ពាសពេញ​អាង​ទន្លេ ចំនួន​៣ ទី១ ទន្លេសេកុង ទី២ទន្លេសេសាន និង ទី៣​ទន្លេស្រែពក។ ហើយ​ក្រុម​និស្សិត​ក៏​បាន​ចូល​ទស្សនា​ផ្សារ​ត្រី និង​ធ្វើ​បទសម្ភាសន៍ ជាមួយ​អ្នកនេសាទ​ក្នុង​មូលដ្ឋាន ក្នុង​គោលបំណង​អង្កេត​ពី​ស្ថានភាព​ប្រភេទ​ត្រីក្បក​ (Tenualosa thibaudeaui)។

​ក្នុង​នោះ​ផងដែរ ក្រុមការងារ​និស្សិត​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​ បាន​រក​ឃើញ​ថា ​រដូវ​នេះ ត្រី​ក្បក​បាន​ធ្វើ​ការ​ផ្លាស់​ទី ដែល​មិន​ធ្លាប់​មាន​ពីមុន​មក តាម​ច្រក​ទន្លេស្រែពក​ដែល​ជា​ដៃទន្លេ​មេគង្គ​។ ហេតុផល​នៅ​ពីក្រោយ​នៃ​ការ​សម្បូរ​របស់​វា​មិនទាន់​រកឃើញ​នៅឡើយទេ ប៉ុន្តែ​អ្នកស្រាវជ្រាវ​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​តាមដាន​ត្រី​ក្បក​នេះ ដើម្បី​ស្វែងរក​ចម្លើយ​។ ត្រី​ក្បក ឬ​ហៅ​ម្យ៉ាង​ទៀតថា ត្រី​ល្អិត​ពណ៌​ប្រាក់​ទន្លេមេគង្គ ត្រូវ​គេ​បាន​ដាក់​ក្នុង​បញ្ជី “​ងាយ​រងគ្រោះ​” និង​ខិត​ទៅរក​ការ​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម IUCN នៃ​ប្រភេទ​សត្វ​ដែល រង​ការគំរាមកំហែង​។

​បេសកកម្ម​នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​សហគមន៍​វិទ្យាសាស្ត្រ ឬ​ការ​រាយការណ៍ របស់​ប្រជាជន​ក្នុង​តំបន់ ពី​ការសង្កេត​របស់​ពួកគាត់ លើ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់ និង​ភាវៈ​ដែល​រស់នៅ​ក្នុងនោះ​។ ចំណេះដឹង​របស់​អ្នកជំនាញ​ក្នុង​មូលដ្ឋាន​មាន​តួនាទី​យ៉ាងសំខាន់​ដើម្បី​ឲ្យ​យើង​យល់ដឹង​កាន់តែច្បាស់​អំពី​ប្រព័ន្ធ​ទន្លេមេគង្គ​ដ៏​អស្ចារ្យ និង​ថែរក្សា​វា​សម្រាប់​នាពេល​អនាគត៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម