Connect with us

ព័ត៌មានជាតិ

ចង់​ជិះ​ស៊ីក្លូ​ទៅ​ផ្សារ​កណ្តាល តម្លៃ​ជិះ​ឆ្ងាយ​ជិត​ចាប់​ពី ១៥០០ រៀល​ទៅ

បានផុស

នៅ

នៅជុំវិញផ្សារកណ្ដាលក្បែរមាត់ទន្លេចតុមុខ សង្កេតឃើញមានស៊ីក្លួជាច្រើនកំពុងរង់​ចាំដឹក​ភ្ញៀវ ប៉ុន្តែហាក់ដូចជាមិនសូវមានភាពមមាញឹកដូចអ្នករត់ម៉ូតូ និងរម៉កកង់បីប៉ុន្មានទេ។

លោក ឌី ផាន មានវ័យ ៦៩ឆ្នាំ ជាអ្នកលក់និងជួសជុលនាឡិកា ហើយជាអ្នកឧស្សាហ៍ជិះស៊ីក្លូកាលពីក្មេងៗ ប៉ុន្តែបច្ចុប្បន្នលោកច្រើនតែជិះម៉ូតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​វ័យ​ចំណាស់​រូប​នេះ​បាន​រំលឹក​កាល​ពី​ជំនាន់មុន​ស៊ីក្លូ​មាន​ការ​ពេញនិយម ហើយ​ក៏​មាន​ច្រើន​ដែរ​នៅ​ក្នុងទីក្រុង។ បើ​តាម​បុរសរូប​នេះក៏សង្កេតឃើញ​ស៊ីក្លូឥលូវច្រើនតែគេជួលដឹកអីវ៉ាន់ច្រើនជាងជួលជិះធម្មតា ខណៈម៉ូតូឬរម៉កកង់បី ជិះបានលឿន​និង​អាចទៅឆ្ងាយៗប្រសើរជាងស៊ីក្លូ។

អ្នកប្រកបរបរជាអ្នកធាក់ស៊ីក្លូជាង១០ឆ្នាំម្នាក់ ដែល​កំពុងរង់​ចាំភ្ញៀវ​មួយ​រូប​បានប្រាប់កម្ពុជាថ្មីថា ក្នុងកំឡុងពេលមានការរីករាលដាលកូវីដ-១៩ ពួកគាត់ស្ទើរតែគ្មានភ្ញៀវទាល់តែសោះ ដោយសារគេខ្លាចឆ្លងកូវិដ ដោយមិនដឹងថាអ្នកណាខ្លះបានជិះ ហើយមានវិជ្ជមានកូវិដឬអត់។ ទើបតែពេលថ្មីៗនេះ ឃើញថាអ្នកជិះស៊ីក្លូមានសន្ទុះ​កើនឡើងវិញ។

លោក ព្រំ រិទ្ធី ដែលជាអ្នកប្រកបរបធាក់ស៊ីក្លូជាង ៧ ឆ្នាំ បានបញ្ជាក់ថា បច្ចុប្បន្នស៊ីក្លូដែលលោកកំពុងប្រើគឺជួលគេក្នុងមួយថ្ងៃ ២ពាន់រៀល។ ចំពោះតម្លៃជិះស៊ីក្លូមានតម្លៃចាប់ពី ១៥០០រៀលឡើងទៅ។

​បុរស​​រូប​នេះ​ប្រាប់​ថា កម្រៃដែលទទួលបាលពីការរត់ស៊ីក្លូបានត្រឹមតែ ៧០០០​រៀល ទៅ ១៥០០០រៀលក្នុង១ថ្ងៃ ខុសពី​មុន​​ដែល​លោក​អាចទទួលបានកម្រៃចាប់ពី២ម៉ឺនរៀល ដល់៣ម៉ឺនរៀលក្នុងមួយថ្ងៃ។

​លោក ឃុន ធូ ដែលជាអ្នកប្រកបរបធាក់ស៊ីក្លូមួយ​រូប​ទៀត​បានបន្ទរ​ថា អ្នកជិះស៊ីក្លួបច្ចុប្បន្នច្រើនតែជិះនៅជិតៗមិនសូវមានអ្នកជិះទៅឆ្ងាយៗឡើយ។

បើ​តាម​បុរស​ដែល​ប្រកប​របរ​ធាក់​ស៊ីក្លូ​ជិត ២០ ឆ្នាំ​រូប​នេះ​ ក៏ប្រាប់​ពី​បំណង​ចង់ប្រកបរបរផ្សេងទៀតដែរ ប៉ុន្ដែគ្មាន​ជម្រើស​ហើយ​ណាមួយ​ជីវភាព​ខ្វះខាត​​​គឺមានតែនៅបន្តធាក់ស៊ីក្លូរហូតទៅ។

យ៉ាងណា​លោក ឃុន ធូ ដែលបាន​ចាកចេញពី​ស្រុកកំណើតពី​​ខេត្ត​តាកែវ​ជាច្រើន​ឆ្នាំ​បានបញ្ជាក់ថា បច្ចុប្បន្ន​មានអ្នកធាក់ស៊ីក្លូមួយចំនួន​ទទួល​បាន​ការ​ឧបត្ថម្ភ មានប្រាក់ខែប្រចាំខែដែលជាជំនួយពីខាងសមាគមន៍អ្នកធាក់ស៊ីក្លូ ដែលទទួលថវិកាទ្រទ្រង់ពីរដ្ឋាភិបាល។ ក្នុងមួយខែទទួលបាន២០ម៉ឺនរៀនទៅ ២៤ម៉ឺនរៀន តែសម្រាប់រូបលោកផ្ទាល់មិនបានទទួលប្រាក់ខែឡើយ ដោយសារតែពេលដែលសមាគមន៍មកចុះឈ្មោះ រូបលោកបានទៅលេងស្រុកកំណើត៕

អត្ថបទ៖ វាសនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម