ព័ត៌មានជាតិ
អាជ្ញាធរស្រុកបាទី ដាក់គ្រឿងចក្រឈូសឆាយផ្លូវនៅភូមិច្បារមន បន្ទាប់ពីទទួលការរាយការណ៍ពីពលរដ្ឋ
ក្រោយពីទទួលបានសេចក្តីរាយការអំពីបញ្ហាខូចផ្លូវនៅភូមិច្បារមន ស្រុកបាទី ខេត្តតាកែវ ពេលនេះអាជ្ញាធរខេត្តតាកែវ សហការអាជ្ញាធរស្រុកបាទី និងជំនាញពាក់ព័ន្ធកំពុងដាក់គ្រឿងចក្រឈូសឆាយដើម្បីជូនបងប្អូនប្រជាពលរដ្ឋទូទៅប្រើប្រាស់ជាធម្មតាវិញ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នបាននិងកំពុងខិតខំប្រឹងប្រែងស្ថាបនា កសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ ខ្វាត់ខ្វែង ដែលជាសរសៃឈាមសេដ្ឋកិច្ច ក្នុងការដឹកជញ្ជូនដំណាំកសិផលនានា ក៏ដូចជាសម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។ ផ្ទុយទៅវិញហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ មួយចំនួនត្រូវបានបំផ្លាញជាបណ្តើរៗទៅវិញ ដែលភាគច្រើនបង្កឡើងដោយសារតែក្រុមរថយន្តដឹកជញ្ជូនធុនធំ។

កាលពី ២ ថ្ងៃមុន ប្រជាពលរដ្ឋរស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ រៀបរាប់ថា ផ្លូវកៅស៊ូ ១ ខ្សែនៅក្នុងភូមិរបស់ពួកគាត់ ដែលអាជ្ញាធរស្រុកបាទី ជាពិសេសសាលាខេត្តតាកែវ បានស្ថាបនាល្អស្អាតសម្រាប់បម្រើការធ្វើដំណើររបស់ប្រជាពលរដ្ឋជាសាធារណៈនោះ បច្ចុប្បន្នកំពុងរងការខូចខាតជាបណ្តើរៗ។

ពលរដ្ឋរៀបរាប់បន្តថា ផ្លូវកៅស៊ូ ១ ខ្សែនេះកំពុងមានទឹកដក់ ជង្ហុក និងជាពិសេសមានទួលកណ្តាលទ្រូវផ្លូវតែម្តង ដែលពីមុនមកមិនដែលមានសោះ ទើបតែរយៈពេលពីរទៅបីខែនេះទេ គឺមានទួលនៅកណ្តាលផ្លូវបែបនេះ។ នៅចំណុចទួលកណ្តាលទ្រូវផ្លូវនេះ ក៏ឧស្សាហ៍បង្កគ្រោះថ្នាក់ចរាចរណ៍ទៅដល់អ្នកធ្វើដំំណើរជាបន្តបន្ទាប់ផងដែរ។ ដោយមិនចង់ជួបនូវបញ្ហានេះ បងប្អូនប្រជាពលរដ្ឋរស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី សូមសំណូមពរអាជ្ញាធរស្រុកបាទី ជាពិសេសរដ្ឋបាលសាលាខេត្តតាកែវ មេត្តាជួយជួសជុល ស្ថាបនា កាយ ឬកៀរ ឲ្យបានល្អស្អាតឡើងវិញ ដើម្បីសោភ័ណ្ឌផង និងដើម្បីសុខសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរទូទៅផងដែរ។

ពាក់ព័ន្ធបញ្ហានេះ លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តតាកែវ ប្រាប់ឲ្យដឹងថា ផ្លូវនេះ គឺជាគម្រោងអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៏ជនបទ។ ចំណែកលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ បានប្រាប់ឲ្យដឹងដែរថា ផ្លូវនេះកសាង និងដេញថ្លៃដោយធនាគារអភិវឌ្ឍន៍ជនបទ បន្ទាប់ពីសង់ផ្លូវនេះ គេបានប្រគល់ឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអ្នកគ្រប់គ្រង និងថែទាំ។ ម្យ៉ាងទៀត ផ្លូវវនេះខូចខាតជាទម្ងន់ដោយសារតែមានរថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដែលគេចពីកន្លែងថ្លឹងរថយន្តនៅផ្លូវជាតិលេខ ៣ មកឆ្លងកាត់ផ្លូវនេះ ហើយក៏បណ្ដាលមកពីការរថយន្តដឹកគ្រូសធុនធ្ងន់ផងដែរ។

បើតាមលោក លីវ សំណាង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ មានគម្រោងជួសជុលផ្លូវនេះក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែកលោក ភួន ឈីម អភិបាលស្រុកបាទី ប្រាប់ថា លោកអភិបាលខេត្តតាកែវ បានធ្វើការណែនាំអាជ្ញាធរស្រុកបាទី ឲ្យចុះមកឈូសឆាយកន្លែងខូចខាតឲ្យរាបស្មើមួយរយ:សិន ទម្រាំមន្ទីរអភិវឌ្ឍន៍ជនបទចុះមកជួសជុលទាំងស្រុង៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


