Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូខេត្តតាកែវ ទស្សនកិច្ចរោងចក្រផលិតនាវាខ្នាតធំនៅប្រទេសចិន បើកទស្សនវិស័យថ្មីលើវិស័យដឹកជញ្ជូន និងវិនិយោគ

បានផុស

នៅ

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយលោក វ៉ី សំណាង អភិបាល​ខេត្ត​តាកែវ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងពិនិត្យសក្តានុពលវិនិយោគ នៅទីតាំងផលិតនាវាខ្នាតធំរបស់ក្រុមហ៊ុន Zhejiang Hongsheng Shipbuilding Co.,Ltd., ស្ថិតនៅតំបន់ Linhai នៃទីក្រុង Taizhou ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីបច្ចេកវិទ្យាទំនើប ការគ្រប់គ្រងផលិតកម្ម និងសមត្ថភាពផលិតនាវាខ្នាតធំរបស់ក្រុមហ៊ុន ដែលមានឯកទេសក្នុងការសាងសង់នាវាដឹកទំនិញ និងនាវាពាណិជ្ជកម្ម មានទម្ងន់ផ្ទុកចាប់ពី ៣ពាន់តោន ដល់ ៧ពាន់តោន ឬអាចផលិតតាមតម្រូវការរបស់អតិថិជន។

ក្នុងឱកាសនោះ គណៈប្រតិភូបានចុះពិនិត្យដោយផ្ទាល់លើខ្សែចង្វាក់ផលិតកម្ម បច្ចេកទេសផ្សារដែក ការរចនាគ្រោងនាវា និងប្រព័ន្ធបំពាក់បច្ចេកវិទ្យាសុវត្ថិភាពទំនើប ដែលបង្ហាញពីសមត្ថភាព និងស្តង់ដារផលិតកម្មកម្រិតអន្តរជាតិរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Zhejiang Hongsheng Shipbuilding Co.,Ltd. ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមួយមានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះក្នុងវិស័យសាងសង់នាវា ដោយផ្គត់ផ្គង់នាវាទៅកាន់ទីផ្សារជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ថ្នាក់ដឹកនាំគណៈប្រតិភូខេត្តតាកែវ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវ និងដៃគូវិនិយោគចិន ពិសេសលើវិស័យឧស្សាហកម្ម ដឹកជញ្ជូន និងភស្តុភារកម្ម ដែលកំពុងមានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ គណៈប្រតិភូក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន អំពីឱកាសវិនិយោគ និងលទ្ធភាពពង្រីកកិច្ចសហការនាពេលអនាគត ជាពិសេសការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកបទពិសោធន៍ក្នុងវិស័យសាងសង់នាវា និងដឹកជញ្ជូនតាមផ្លូវទឹក។

ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តតាកែវ ក្នុងការស្វែងរកដៃគូវិនិយោគថ្មីៗ និងសិក្សាពីបទពិសោធន៍អភិវឌ្ឍន៍របស់បណ្តាប្រទេសជឿនលឿន ដើម្បីយកមកអនុវត្តស្របតាមទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខេត្ត និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម