Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ យុវជន និងកីឡា ផ្តោតលើការលើកកម្ពស់គុណវុឌ្ឍិ និងជីវភាពរបស់គ្រូបង្រៀន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ក្រសួង បាន និងកំពុងផ្តោតលើការលើកកម្ពស់គុណវុឌ្ឍិ និងជីវភាពរបស់គ្រូបង្រៀន ឱ្យកាន់តែប្រសើរឡើងជាលំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា ជារៀងរាល់ឆ្នាំ ក្រសួង ជ្រើសរើស និងបែងចែកគ្រូតាមតម្រូវការ និងលទ្ធភាពជាក់ស្តែង ដោយមានការលើកទឹកចិត្ត ជូនគ្រូបង្រៀននៅតាមតំបន់ជួបការលំបាក និងដាច់ស្រយាល។ ទន្ទឹមនឹងនេះ គ្រូបង្រៀនដែលមាន ទីតាំងភូមិសាស្រ្តផ្ទះក្នុងខេត្តគោលដៅ ហើយមានជំនាញដែលត្រូវចំតម្រូវការ នឹងទទួលបានការលើកទឹកចិត្ត។

លោក រស់ សុវាចា មានប្រសាសន៍បន្តថា៖ “គ្រូបង្រៀនទទួលបានការបណ្តុះបណ្តាលដោយ ប្រើវិធីសាស្រ្តបង្រៀនថ្មីៗ និងការប្រើបច្ចេកវិទ្យាព័ត៌មាន ក្នុងដំណើរការបង្រៀន និងរៀន។ គ្រូបង្រៀនក៏ទទួលបាន​វិធីសាស្រ្តបង្រៀនថ្មីៗ រួមមាន ការរៀនសូត្រសកម្ម ការរៀនបែបស្ថាបនា ការរៀនតាមបែបដោះស្រាយបញ្ហា ការរៀនតាមបែបស្រាវជ្រាវ និងការរៀនតាមបែបរិះរក រួមទាំងបច្ចេកទេសគ្រប់គ្រងថ្នាក់រៀន”។

មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ខាងលើលើកឡើងថា ការជ្រើសរើសគ្រូបង្រៀន ត្រូវឈរលើគោលការណ៍យុត្តិធ៌ម តម្លាភាព និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរៀន និងបង្រៀនក្នុងសតវត្សទី២១។ គ្រូបង្រៀនទាំងអស់ ដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា។ គ្រូបង្រៀន ជាបុគ្គលតំណាងក្រសួង ក្នុងការផ្តល់សេវាអប់រំផ្ទាល់ជូនដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ ការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូបង្រៀនដ៏មានប្រសិទ្ធភាព គឺជា គន្លឹះ នៃកំណែទម្រង់ ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូ និងជាយន្តការធានា ថា ឋានៈ និង តួនាទី របស់គ្រូបង្រៀនក្នុងសង្គម ត្រូវបានឱ្យតម្លៃ និងលើកកម្ពស់។

លោក រស់ សុវាចា មានបញ្ជាក់ថា ដើម្បីរួមចំណែកអនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានកសាងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ ក្នុងគោលបំណងអភិវឌ្ឍន៍មូលធនមនុស្ស សម្រាប់ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

លោក រស់ សុវាចា មានប្រសាសន៍ថា៖ “ដើម្បីឆ្លើយតបនឹងចក្ខុវិស័យខាងលើ  គ្រូបង្រៀន ដែលមានសមត្ថភាពខ្ពស់ គឺជាគន្លឹះក្នុងការជួយសិស្សឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងការសិក្សា។ វិធានការអាទិភាពមួយចំនួន នឹងត្រូវអនុវត្តដើម្បីសម្រេចជោគជ័យ ក្នុងកំណែទម្រង់គ្រូបង្រៀន ដូចជា ការត្រៀមរៀបចំឯកសារក្របខណ្ឌគតិយុត្ត ការជ្រើសរើសការបណ្តុះបណ្តាល ការបែងចែក ការគាំទ្រគ្រប់ផ្នែក និងការវាយតម្លៃ។ ក្រសួងអប់រំ យុវជន និងកីឡា  រួមជាមួយគ្រប់ភាគីពាក់ព័ន្ធ បាន និងបន្តយកចិត្តទុកដាក់ក្នុងការបង្កើតយន្តការទាក់ទាញ អ្នកមានសមត្ថភាព និងមានចំណូលចិត្តឱ្យចូលធ្វើការក្នុង វិជ្ជាជីវៈគ្រូបង្រៀន”។

យោង​តាម​របាយការណ៍​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​ ២០២០-២០២១ បាន​បង្ហាញ​ថា​ វិស័យ​អប់រំ យុវជន និង​កីឡា​ បាន​សម្រេច​សមិទ្ធផល​ជា​រួម​ធំៗ​ចំនួន ៤ ដូច​ជា​៖ ១. ការ​សម្រេច​បាន​សូចនាករ​ស្នូល​នៃ​ផែនការ​យុទ្ធសាស្ត្រ​អប់រំ។ ២. ការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា​ ក្នុង​ក្របខ័ណ្ឌ​សសរស្តម្ភ​ទាំង៥៖ ការ​អនុវត្ត​ផែនការ​សកម្មភាព​គោលនយោបាយ​គ្រូបង្រៀន ការ​ពិនិត្យ​ឡើង​វិញ​កម្មវិធី​សិក្សា សៀវភៅ​សិក្សា​គោល និង​ការ​កែលម្អ​បរិស្ថាន​សិក្សា ការ​ដាក់​អនុវត្ត​ប្រព័ន្ធ​អធិការកិច្ច ការ​ពង្រឹង​រង្វាយ​តម្លៃ​សិក្សា​មាន​រូបភាព​ផ្សេងៗ ដូចជា​ការ​ប្រឡង​ការ​ធ្វើ​តេស្ត​រង្វាយ​តម្លៃ​ថ្នាក់​ជាតិ​ ថ្នាក់​តំបន់ និង​អន្តរជាតិ និង​ការ​កែ​ទម្រង់​ឧត្តមសិក្សា។ ៣. ការ​អនុវត្ត​គម្រោង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ និង ៤. ការ​គ្រប់គ្រង និង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​​វិស័យ​អប់រំ ២០១៩-២០២៣​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម