ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យពង្រឹងសមត្ថភាពគ្រូ និងវិធីសាស្ត្របង្រៀន ដើម្បីគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យបន្តពង្រឹងសមត្ថភាពគ្រូពាក់ព័ន្ធ និងវិធីសាស្ត្របង្រៀន ដើម្បីការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២៥ នៃការអនុវត្តគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ (STEP-UP)កាលពីព្រឹកថ្ងៃទី ៣០ មីនា លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពគ្រូពាក់ព័ន្ធ និងវិធីសាស្ត្របង្រៀន និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពនេះធ្វើឡើងតាមរយៈការរៀបចំសៀវភៅណែនាំ និងសៀវភៅជំនួយដល់ការបង្រៀនដែលមានស្តង់ដារតែមួយ ការបន្តពង្រឹងការអនុវត្តអភិក្រមសាលារៀនទាំងមូល និងការរៀបចំផែនការសកម្មភាពគម្រោងជាប្រព័ន្ធរួម ដើម្បីជំរុញប្រសិទ្ធភាពការអនុវត្ត តាមដាន ត្រួតពិនិត្យ និងកែលម្អជាប្រចាំ ធានាឱ្យបាននូវនិរន្តរភាពគម្រោងក្នុងបុព្វហេតុលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយវឌ្ឍនភាព និងបានផ្តល់អនុសាសន៍ឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ចុះទៅពិនិត្យផ្ទាល់ដល់សាលារៀន ដើម្បីវាយតម្លៃប្រសិទ្ធភាព នៃការបង្រៀន បន្តពង្រឹងការអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ជាពិសេសត្រូវជំរុញការរៀបចំជាប្រព័ន្ធទិន្នន័យរួម និងប្រព័ន្ធគ្រប់គ្រងសាលារៀនតែមួយ។

គួរបញ្ជាក់ថា គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ (STEP-UP) គឺជាគម្រោងយុទ្ធសាស្ត្រមួយដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីលើកកម្ពស់គុណភាពអប់រំលើមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) នៅកម្ពុជា។ សម្រាប់ឆ្នាំ ២០២៥ គម្រោងសម្រេចបានវឌ្ឍនភាពសំខាន់ៗ រួមមាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវន្តដោយបានបញ្ចប់ការសាងសង់មន្ទីរពិសោធន៍ស្តង់ដារ និងកែលម្អមន្ទីរពិសោធន៍វិទ្យាសាស្ត្រ បន្ទប់ ICT នៅតាមវិទ្យាល័យគោលដៅជាច្រើន។ ទន្ទឹមនឹងនេះ ក៏មានការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន (CPD) លើវិធីសាស្ត្របង្រៀនបែបថ្មីដល់គ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្ររាប់ពាន់នាក់ ការបង្កើនការប្រើប្រាស់បច្ចេកវិទ្យា និងបង្កើនសមត្ថភាពគ្រូក្នុងការប្រើប្រាស់ឌីជីថល (Digital Literacy) ដើម្បីបញ្ចូលក្នុងកម្មវិធីបង្រៀន។

លើសពីនេះ គម្រោងក៏បានអភិវឌ្ឍន៍កម្មវិធីសិក្សា និងធនធានឌីជីថលតាមរយៈការបង្កើតមេរៀនជាវីដេអូ និងការពិសោធន៍បែបនិម្មិត (Virtual Labs) ដែលសិស្សអាចចូលមើលបានតាមរយៈប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System – LMS)។ ជាងនេះទៅទៀត គម្រោងបានបង្កើនការចូលរួមរបស់សិស្សក្នុងផ្នែក STEM ដោយផ្តល់អាហារូបករណ៍ដល់សិស្សដែលមានជីវភាពខ្វះខាត ជាពិសេសសិស្សស្រី ដើម្បីលើកទឹកចិត្តឱ្យពួកគេរៀនមុខវិជ្ជាវិទ្យាសាស្ត្រនៅកម្រិតមធ្យមសិក្សាទុតិយភូមិ ព្រមទាំងមានការតម្រង់ទិសអាជីពកម្មវិធីណែនាំអាជីពផ្នែក STEM ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញសិស្សពីឱកាសការងារក្នុងទីផ្សារការងារសតវត្សរ៍ទី ២១។ ចុងក្រោយ គឺការពង្រឹងការគ្រប់គ្រងសាលារៀន ដោយបន្តពង្រឹងសាលារៀនជំនាន់ថ្មី និងសាលាបណ្តាញដោយផ្តោតលើលទ្ធផលសិក្សារបស់សិស្ស និងការប្រើប្រាស់ថវិកាឱ្យចំគោលដៅ។ដូចនេះ កិច្ចប្រជុំនេះ ផ្តោតលើការវាយតម្លៃលទ្ធផលការងារកន្លងមក វឌ្ឍនភាពសូចនាករ ដំណោះស្រាយបញ្ហាប្រឈម និងការអនុម័តផែនការសកម្មភាពបន្ត ដើម្បីជំរុញគុណភាពអប់រំ និងការអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


