ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចាត់ទុកយុវជនពូកែ និងមានទេពកោសល្យខ្ពស់ ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងចាត់ទុកយុវជនពិសេសយុវជនដែលពូកែ និងមានទេពកោសល្យខ្ពស់ គឺជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងជាអ្នកស្នងអ្នកស្រករមុននាពេលអនាគត។

ថ្លែងក្នុងពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស កាលពីថ្ងៃទី១២ ខែមិថុនា នៅខេត្តសៀមរាប លោក បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ
បច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើបមានសន្ទុះរីកចម្រើនខ្លាំងណាស់ដែលជាហេតុនាំឱ្យនិន្នាការពិភពលោក និងប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់បណ្ដុះបណ្ដាលជួរអ្នកប្រាជ្ញជំនាន់ថ្មីវ័យក្មេងឱ្យមានសមត្ថភាព តាមទាន់របត់ចំណេះដឹងវិទ្យាសាស្ត្រជឿនលឿនដើម្បីបម្រើសេចក្ដីត្រូវការរបស់សង្គមជាតិនីមួយៗ។
លោកបណ្ឌិតសភាចារ្យបានបន្តថា « អាស្រ័យហេតុនេះហើយបានជាក្រសួងអប់រំយុវជន និងកីឡា និងរាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ជាពិសេសយុវជនដែលមានទេពកោសល្យខ្ពស់ ពូកែ ពីព្រោះអ្នកទាំងអស់នេះហើយដែលជាសសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិ និងជាអ្នកស្នងអ្នកស្រករមុននាពេលអនាគត»។

លោកបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរចំពោះគណៈកម្មការប្រឡងទាំងអស់ជាពិសេសនាយកដ្ឋានកិច្ចការប្រឡង ដែលបានយកអស់ស្មារតីទទួលខុសត្រូវដើម្បីឱ្យការប្រឡងលេចចេញជារូបរាងឡើងនាពេលនេះ។ លោកបណ្ឌិតសភាចារ្យ ក៏បានផ្ដាំផ្ញើដល់គ្រប់សមាសភាពគណៈគ្រប់គ្រងមេប្រយោគសូមលើកកម្ពស់ការទទួលខុសត្រូវខ្ពស់
ដើម្បីសម្រេចការងារប្រឡងនេះប្រកបដោយលទ្ធផលវិជ្ជមាននិងសូមផ្ដាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សជាបេក្ខជនទាំងអស់ ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងហើយខិតខំយកអស់សមត្ថភាពផ្ទាល់ខ្លួនដើម្បីដណ្ដើមជ័យលាភីប្រកបដោយកិត្តិយសជូនក្រុមគ្រួសារ សាលារៀន រាជធានី និងខេត្តរៀងៗខ្លួន ដោយប្រកាន់ខ្ជាប់នូវសុទិដ្ឋិនិយមជានិច្ចចំពោះការប្រឡងនេះ។
ក្រសួងអប់រំយុវជននិងកីឡា បានផ្អាកការប្រឡងជ្រើសរើសសិស្សពូកែនៅទូទាំងប្រទេសរយៈពេល២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។ ប៉ុន្តែក្រោយពេលស្ថានភាពជំងឺនេះបានធូរស្រាលក្រសួងបានចាប់ផ្តើមប្រឡងឡើងវិញផ្នែកអក្សរសិល្ប៍ខ្មែរគណិតវិទ្យា និងរូបវិទ្យាសម្រាប់សិស្សថ្នាក់ទី ៩ និងថ្នាក់ទី១២ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យ១០មករា១៩៧៩ ខេត្តសៀមរាបនិងពីធីបិទចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា ការរៀបចំប្រឡងឡើងវិញនេះក្នុងគោលដើម្បីលើកកម្ពស់គុណភាពអប់រំតាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំក្រោយខនខានអស់រយៈពេល២ឆ្នាំដោយសារ
ការរាតត្បាតជំងឺកូវីដ១៩។ លោក រស់ សុវាចា បានបន្តទៀតថា «សម្រាប់ឆ្នាំនេះដំណើរការប្រឡងសិស្សពូកែទូទាំងប្រទេសមិនមានការប្រែប្រួលទេ។ចំណែកការជ្រើសរើសសិស្សតាមខេត្តចូលរួមប្រឡងថ្នាក់ជាតិនៅចំនួនដដែលនិងចំនួន
ចូលរួមប្រលងសិស្សពូកែនិងចំនួនជ័យលាភីជ្រើសរើសក៏នៅដ៏ដែល »។
គួរបញ្ជាក់ថា ការជ្រើសរើសសិស្សពូកែនៅទូទាំងប្រទេសមានពីរកំរិត គឺថ្នាក់ទី៩ និងថ្នាក់ទី១២ ដោយកំរិតនីមួយៗប្រឡងបីមុខវិជ្ជាគឺវិជ្ជាគណិត,រូបវិទ្យានិងអក្សរសិល្ប៍ខ្មែរដោយ១មុខវិជ្ជាជ្រើសរើសសិស្សចំនួន៨០នាក់នៅទូទាំងប្រទេសហើយបែងចែកទៅតាមកូតាខេត្តមានប្រជាជនតិចឬច្រើនដោយធ្វើម៉ិចឲ្យបាន៨០នាក់ក្នុង១មុខវិជ្ជាសរុបចំនួន៤៨
០នាក់។ ចំណែករាជធានីខេត្តនីមួយៗត្រូវប្រឡងចំរាញ់នៅខែមីនាឆ្នាំ២០២២ដោយយកសិស្សចំនួន១០នាក់ក្នុង១មុខវិជ្ជាដើម្បីបន្តទៅចូលរួមប្រឡងថ្នាក់ជាតិ។មានន័យថាថ្នាក់ទី៩យក៣០នាក់និងថ្នាក់ទី១២យក៣០មកប្រឡងនៅថ្នាក់ជាតិ។បន្ទាប់មកយកតែ១០នាក់ទេក្នុងមុខវិជ្ជានីមួយៗ។

ចំពោះជ័យលាភីវិញក្រសួងបានផ្តល់ចាប់ពីលេខ១ដល់លេខ១០តែជ័យលាភីលេខ១ ដល់លេខ៣ទទួលបានពាន់អបដោយថវិកាពីក្រសួង។ចំពោះប្រាក់រង្វាន់លេខ១ទទួលបានចំនួន៣លាន៥សែនរៀល,ចំណាត់ថ្នាក់លេខ២ទទួលបានចំនួន៣លាន២សែនរៀល,លេខ ៣ទទួលបាន២លាន៩សែនរៀល,លេខ៤ទទួលបាន២លាន៦សែនរៀល,លេខ៥ទទួ
លបាន២លាន៣សែនរៀល,លេខ៦ទទួលបាន២លានរៀល,លេខ៧ទទួលបាន១លាន៧សែនរៀល,លេខ៨ទទួ
លបាន១លាន៤សែនរៀល,លេខ៩ទទួលបាន១លាន១សែនរៀល,និងលេខ១០ទទួលបាន៨០ម៉ឺនរៀល៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


