Connect with us

នយោបាយ

លោក នុត សវនា៖ បុគ្គល សេង ធារី អាច«បង្កការរំខាន» និង«បង្កអសន្តិសុខ»បើទុកឃុំឃាំងនៅភ្នំពេញ

បានផុស

នៅ

លោក នុត​ សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានអះអាងប្រាប់«កម្ពុជាថ្មី»នៅរសៀលថ្ងៃសៅរ៍នេះថា ការសម្រេចផ្ទេរកញ្ញា​ សេង ធារី ពីការឃុំឃាំងនៅពន្ធនាគារព្រៃស ទៅឃុំឃាំងនៅក្នុងពន្ធនាគារ ខេត្តព្រះវិហារវិញ គឺដើម្បីជៀសវាងការបង្កការរំខាន និងបង្កអសន្តិសុខផ្សេងៗនៅក្នុងពន្ធនាគារ និងនៅខាងមុខពន្ធនាគារ។ ការអះអាងនេះ ជាការឆ្លើយតបទៅនឹងការរិះគន់នានាដែលថា ការផ្ទេរទណ្ឌិតនេះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុត សវនា បានទាត់ចោលការរិះគន់បែបនេះ ដោយលោកគូសបញ្ជាក់ថា គ្មានរឿងនយោបាយស្អីនៅពីក្រោយឡើយ។ លោកបានគូសបញ្ជាក់ឲ្យ«កម្ពុជាថ្មី»ដឹងដូច្នេះថា៖«ខ្ញុំសូមបញ្ជាក់ដែរថា ការរចោទប្រកាន់រឿងហេតុផលនយោបាយអី គឺជាការចោទប្រកាន់ទាំងងងើល អាហ្នឹងក៏ខ្ញុំមិនអាចទទួលយកបានដែរ វាស្អីក៏នយោបាយៗ អារឿងសន្តិសុខ អារឿងការងារជំនាញ ការងារបច្ចេកទេសរបស់គេ អត់មានគិតទេ ងាកឡើងនយោបាយៗ អាហ្នឹង គាត់អ៊ីចឹង បានវាអញ្ចឹង។ ខ្ញុំមើលទៅ ប្រហែលមនុស្សមួយចំនួនដែលងប់ងុលនឹងរឿងនយោបាយហ្នឹង គួរតែប្តូរការគិត ប្តូរចរិតហ្នឹងចេញខ្លះ»។

កញ្ញា សេង ធារី ត្រូវបានបញ្ជូនចេញពីពន្ធនាគារនៅរាជធានីភ្នំពេញ ទៅដាក់ឃុំខ្លួននៅឯពន្ធនាគារខេត្តព្រះវិហារវិញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ ការប្តូរកន្លែងឃុំឃាំងនេះ ត្រូវបានសាធារណៈមតិមួយចំនួន ជាពិសេស ក្រុមអតីតបក្សប្រឆាំង បានរិះគន់ថា ធ្វើឡើងមិនត្រឹមត្រូវ និងគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ប៉ុន្តែ លោក នុត សវនា បានគូសបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីធានាសន្តិសុខទាំងក្នុង និងខាងក្រៅបរិវេណពន្ធនាគារ។ លោកចង់សំដៅដល់ថា បើទុកឲ្យកញ្ញា សេង ធារី​ ឃុំនៅក្នុងពន្ធនាគារព្រៃស អាចបង្កការរំខាន និងអាចញុះញង់ឲ្យមានបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារ ដូចអ្វីដែលទណ្ឌិតម្នាក់នេះធ្លាប់ធ្វើកន្លងមក មុនការកាត់ទោស។

ម្យ៉ាងវិញទៀត លោក នុត សវនា ក៏បារម្ភខ្លាំងដែរបញ្ហាអសន្តិសុខ និងសណ្តាប់ធ្នាប់នៅខាងមុខពន្ធនាគារ តាមរយៈការសម្រុកចូលទៅជួប និងសួរសុខទុក្ខកញ្ញា សេង ធារី និងអាចមានការគៀងគរធ្វើបាតុកម្មទា​មទារឲ្យដោះស្រាយ។ លោកថា ការធ្វើបាតុកម្មមិនស្របច្បាប់ ឬហិង្សាណាមួយ អាចធ្វើឲ្យអសន្តិសុខ និងសណ្តាប់ធ្នាប់ខាងមុខពន្ធនាគារ បង្កឲ្យមានរូបភាពមិនល្អផ្សេងៗមិនខានឡើយ។ ដូច្នេះហើយ អគ្គនាយកដ្ឋានពន្ធនាគារ មិនអាចបណ្តែតបណ្តោយទុកឲ្យមានបញ្ហាទាំងនេះកើតឡើងបានទេ។

កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ហើយបញ្ជូនទៅពន្ធនាគារភ្លាមៗ បន្ទាប់ពីតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ ឆ្នាំ ពីបទរួមគំនិតក្បត់  ញុះញង់ ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជាមួយលោក សម រង្ស៊ី និងបក្ខពួកជាច្រើននាក់ផ្សេងទៀត៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម