Connect with us

ព័ត៌មានជាតិ

រង្វង់មូលសីហរាជមុខបី ខេត្តព្រះសីហនុ បើកឱ្យធ្វើចរាចរណ៍សាកល្បង ចុងសប្ដាហ៍នេះ

បានផុស

នៅ

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រង្វង់មូលសីហរាជមុខបី នឹងបើកឱ្យធ្វើចរាចរណ៍សាកល្បង នៅចុងសប្ដាហ៍នេះ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ បន្ទាប់ពីក្រុមការងារបច្ចេកទេសធ្វើការអ៊ុតកៅស៊ូ AC ស្រទាប់ទីមួយរួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូ AC នៅរង្វង់មូលសីហរាជមុខបី មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នៅថ្ងៃទី២១ ខែមិថុនានេះ លោក គួច ចំរើន បានបន្តថា ការចុះមកពិនិត្យការដ្ឋានចាក់អ៊ុតកៅស៊ូ AC នៅរង្វង់មូលសហរាជមុខបីនេះ ដើម្បីជួយសម្រួលលំហូរចរាចរណ៍ចូលមកក្រុងព្រះសីហនុ ម្យ៉ាងទៀតការកែលម្អសួនច្បារនៅរង្វង់មូលសហរាជមុខបី ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត ហើយនៅពេលសាងសង់រួច ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអាចមកលេងកម្សាន្ត និងថតផ្តិតយករូបភាពផ្ទៃសមុទ្របានថែមទៀតផង។

លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន នៅរង្វង់មូលសួនច្បារសហរាជមុខបីឱ្យបានល្អ។

បច្ចុប្បន្ននេះខេត្តព្រះសីហនុកំពុងក្លាយជាប៉ូលទេសចរណ៍មួយដ៏សំខាន់សម្រាប់ភ្ញៀងទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនៅចុងសប្តាហ៍ ឬកម្មវិធីបុណ្យជាតិធំៗបន្ទាប់ពីខេត្តនេះមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់ធំតូចយ៉ាងច្រើនរួចមក។

ជាក់ស្តែងក្នុងចំណោមភ្ញៀវទេសចរផ្ទៃក្នុង ៣៦៤ ៦៣៦ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិប្រមាណ ៣៤៥ ១៤៣ នាក់ និងអន្តរជាតិផ្ទៃក្នុង ១៩ ៤៩៣ នាក់ បានធ្វើដំណើរកម្សាន្ត​នៅទូទាំងប្រទេស​នៅចុងសប្តាហ៍ទី៣ ថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ២០២២ ដោយក្នុងនោះ ទេសចរបានធ្វើដំណើរកម្សាន្តទៅខេត្តព្រះសីហនុប្រមាណ ៥៦ ៨២៩នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម