Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុជា​នៅតែ​ប្រឈម​គួរឱ្យ​ព្រួយបារម្ភ​ពី​ការប៉ុនប៉ង ផលិត កែច្នៃ និង​ប្រើប្រាស់​គ្រឿងញៀន

បានផុស

នៅ

ការ​លើកឡើង​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​លិខិត​ចូលរួម​ទិវា​អន្ដរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២​។​

បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន មកដល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​ពិតជា​ទទួលបាន​ជោគជ័យ និង​មាន​មោទនភាព​ក្រៃលែង ដែល​បាន​បង្ការ ទប់ស្កាត់ គ្រប់គ្រង និង​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​បាន​ស្ទើរតែ​ទាំងស្រុង ពី​គ្រោះមហន្តរាយ​ដល់​អាយុ​ជីវិត នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្រោម​គោលនយោបាយ​ចាក់​ស្រោច វ៉ាក់សាំង​ដល់​ប្រជាជន​កម្ពុជា​១០០ ភាគរយ និង​បន្ត​ចាក់​ដូ​ស​ជំរុញ​ជា​បន្តបន្ទាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា ភាពជោគជ័យ​នេះ មិន​ត្រឹមតែ​អាចជួយ​សង្គ្រោះ​ជីវិត​ប្រជាជន​យើង​ពី​ការស្លាប់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ផ្ដល់ឱកាស​ដ៏​មានតម្លៃ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​គ្រប់រូប ក្នុង​ការ​វិល​ត្រឡប់​មក​រក​ប្រក្រតីភាព​នៃ​ជីវភាព ក្នុងនោះ​រួមទាំង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ទាំង​លើ​ផ្នែក​ព្យាបាល ស្តារនីតិសម្បទា ការងារ​ផ្សព្វផ្សាយ អប់រំ និង​ការងារ​អនុវត្ត​ច្បាប់ ដោយបាន​ចាត់វិធានការ​តាម​គ្រប់​មធ្យោបាយ និង​លទ្ធភាព ដើម្បី​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប បាន​ទាន់ពេលវេលា​នូវ​រាល់​ការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និង​ចរាចរ​គ្រឿងញៀន​ខុសច្បាប់ ទាំង​មកពី​ខាងក្រៅ និង​នៅ​ផ្ទៃក្នុង​ប្រទេស​។

សម្តេចនាយក​រដ្ឋមន្ត្រី​លើកឡើង​ទៀតថា “​ទោះបី​យើង​ខិតខំ​ប្រឹងប្រែង​ទទួលបាន​លទ្ធផល​ដូចខាងលើ​នេះ​ក្តី ប៉ុន្តែ​ដោយ​និន្នាការ​រួម ជាស​កល កម្ពុជា​យើង ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត នៅតែ​ប្រឈម​គួរឱ្យ​ព្រួយបារម្ភ ពី​ការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​ក្នុងពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​”​។​

​ដោយយោង​លើ​ស្ថានភាព​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ពិសេស​មាតាបិតា និង​អាណាព្យាបាល បន្ត​ចូលរួម និង​គាំទ្រ​ឱ្យបាន​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​រួមគ្នា បង្ការ ទប់ស្កាត់ និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​អាច​កើតមាន​នៅក្នុង​សហគមន៍​។​

​ជាមួយគ្នា​នោះ ប្រមុខ​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​ប្រដាប់ អាវុធ​គ្រប់​ប្រភេទ វិស័យ​សាសនា វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ ទាំងអស់​បន្ត​ចូលរួម និង​គាំទ្រ​ឱ្យបាន​កាន់តែ​សកម្ម​ថែមទៀត ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម