ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន រំឭកអនុស្សាវរីយ៍ដំណើរឆ្នាំ១៩៩០ និងស្វែងរកការបញ្ជាក់ទីតាំងរូបថត
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា សម្តេចទើបទទួលបានរូបថតប្រវត្តិសាស្ត្រមួយសន្លឹក ដែលអ្នកស្រាវជ្រាវបានអះអាងថា ថតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩០ ក្នុងខេត្តបាត់ដំបង អំឡុងពេលសម្តេចចុះពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបង ដើម្បីទប់ទល់នឹងការវាយលុករបស់កងកម្លាំងខ្មែរក្រហម។

ទោះជាយ៉ាងណា សម្តេចតេជោបានបញ្ជាក់ថា តាមការចងចាំផ្ទាល់ រូបថតនេះទំនងជាថតនៅខេត្តរតនគិរី ក្នុងឱកាសសម្តេចចុះពិនិត្យការសាងសង់គម្រោងវារីអគ្គិសនីអូជុំ នាឆ្នាំ១៩៩០ ដោយមានលោក ប៊ូ ថង ដែលនៅពេលនោះជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍភូមិភាគឦសាន អមដំណើរ។

សម្តេចតេជោបានលើកឡើងនូវហេតុផលចំនួន៣ ដើម្បីគាំទ្រការសន្និដ្ឋាននេះ។ ទី១ នៅគ្រប់បេសកកម្មចុះពិនិត្យសមរភូមិ សម្តេចតែងស្លៀកឯកសណ្ឋានយោធា និងពាក់អាវុធនៅចង្កេះ។ ទី២ លោក ប៊ូ ថង បានបញ្ចប់តួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិតាំងពីឆ្នាំ១៩៨៨ និងជាប្រធានអគ្គស្នងការនយោបាយនៅឆ្នាំ១៩៨៩ ហើយមិនធ្លាប់អមដំណើរសម្តេចទៅកាន់តំបន់ជិតសមរភូមិនោះទេ។
ទី៣ សម្លៀកបំពាក់របស់អ្នកទាំងអស់ក្នុងរូបភាព គឺជាប្រភេទសម្លៀកបំពាក់សម្រាប់ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ឬពិនិត្យការដ្ឋានសាងសង់ មិនមែនជាការចុះបំពេញបេសកកម្មយោធាឡើយ។
សម្តេចតេជោក៏បានកត់សម្គាល់ផងដែរថា ផ្ទៃខាងក្រោយនៃរូបថតមានទំនប់ទឹក និងដើមឫស្សី ដែលសម្តេចធ្លាប់ដាក់ឈ្មោះទីតាំងនោះថា «ទំនប់អូជុំស្នេហ៍»។ ក្នុងដំណើរនោះ ភរិយារបស់សម្តេច និងភរិយារបស់លោក ប៊ូ ថង ក៏បានធ្វើដំណើរជាមួយផងដែរ។
ជាមួយគ្នានេះ សម្តេចបានរំឭកថា ដំណើរបំពេញការងារនៅឆ្នាំ១៩៩០ គ្របដណ្តប់លើខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង ដែលជាតំបន់នៅមានការលំបាកខ្លាំង ខ្វះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើងអគ្គិសនី និងសេវាមូលដ្ឋាននានា បើធៀបនឹងបច្ចុប្បន្ន។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីវិលត្រឡប់ពីកិច្ចចរចាសន្តិភាពនៅក្រៅប្រទេស សម្តេចតែងឆ្លៀតចុះពិនិត្យទាំងស្ថានភាពសមរភូមិ និងការអភិវឌ្ឍតាមបណ្តាខេត្ត។
នៅចុងបញ្ចប់ សម្តេចតេជោបានអំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋនៅខេត្តរតនគិរី និងខេត្តបាត់ដំបង ដែលមានព័ត៌មាន ឬចងចាំពីរូបថតនេះ សូមជួយផ្តល់ព័ត៌មាន ដើម្បីផ្ទៀងផ្ទាត់ទីតាំងពិតប្រាកដនៃរូបថតប្រវត្តិសាស្ត្រនេះ។ ទន្ទឹមនោះ សម្តេចក៏បានបង្ហាញរូបថតចំនួន២សន្លឹក ដែលសម្តេចស្លៀកឯកសណ្ឋានយោធាក្នុងឆ្នាំ១៩៩០ ដើម្បីធ្វើការប្រៀបធៀបផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


