ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ចេញលិខិតអញ្ជើញគូភាគីមកផ្សះផ្សា ករណីនាយកទីចាត់ការហិរញ្ញវត្ថុ ប្រើអំពើហិង្សាលើស្ត្រីម្នាក់
សៀមរាប ៖ សំណុំរឿងព្រហ្មទណ្ឌមួយដែលស្ត្រីរងគ្រោះបានប្ដឹងលោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ទៅតុលាការខេត្តសៀមរាប ករណីបង្កហិង្សានិងជេរប្រមាថហើយតុលាការកំពុងដំណើរការនីតិវិធី។ តែត្រូវលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ចេញលិខិតអញ្ជើញគូភាគីទាំង២សម្របសម្រួល។

បើតាមលិខិតអញ្ជើញមួយ ដែលមានលេខ៧៥៥ ល.អ.ជ របស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដែលមានខ្លឹមសារថា “សូមអញ្ជើញ លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត សូមចាត់អញ្ជើញលោក ស្នងការរងនគរបាលខេត្តទទួលផលព្រហ្មទណ្ឌ លោក ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល -មន្ត្រីជំនាញ ដើម្បីចូលរួម៖ កិច្ចប្រជុំសម្របសម្រួលករណីវិវាទរវាងឈ្មោះ សោម សមសក្តិ និងឈ្មោះ ផាត់ សុជឿន។ កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ វេលាម៉ោង៖ ០៨ ៖ ៣០នាទីព្រឹក (អញ្ជើញដល់)។ ទីកន្លែង៖ បន្ទប់ប្រជុំលេខ២ សាលាខេត្តសៀមរាប”។

សូមរម្លឹកថា ស្ត្រីម្នាក់ឈ្មោះផាត់ សុជឿន បានដាក់ពាក្យប្តឹងលោក សោម សមសក្តិ ដែលមានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ពីបទជេរប្រមាថជាសាធារណ: បទប្រើអំពើហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញដីកាកោះហៅចុងបណ្តឹង គឺលោក សោម សមសក្តិ ឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការចំនួន២ដងរួចមកហើយ តែលោកសមសក្តិមិនបានចូលទៅតាមដីកាទេ ដោយដាក់ពាក្យសុំពន្យារ។ តាមប្រភពពីមន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្នុងការមិនចូលទៅបំភ្លឺនៅដំណាក់កាលអយ្យការទាំង២លើកនេះ លោកសោម សមសក្តិ បានស្វះស្វែងរកការអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំសាលាខេត្តសៀមរាប ឲ្យសម្របសម្រួលបញ្ចប់រឿងជាមួយដើមបណ្តឹង ដើម្បីគេចវេសពីការទទួលទោសតាមផ្លូវច្បាប់ដោយប្រកាណាមួយ។

ប្រភពបន្តថា ប៉ុន្តែបើទោះបីជាមានការចេញមុខជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំសាលាខេត្តសៀមរាបយ៉ាងណាក្តី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកស្រីផាត់ សុជឿន ដែលជាដើមបណ្តឹង មិនចូលទៅតាមការណាត់ទេ ហើយកិច្ចប្រជុំដោះស្រាយនេះ ក៏ត្រូវបានរំសាយវិញផងដែរ។

ទាក់ទងនឹងការចេញលិខិតអញ្ជើញនេះ អភិបាល រងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានមាន ប្រសាសន៍ប្រាប់អ្នកកាសែតថា លោកគ្រាន់តែចង់ឲ្យភាគីទាំងពីរជួប ពិភាក្សាគ្នាក្រៅប្រព័ន្ធតុលាការប៉ុណ្ណោះ។ មិនមែនមានន័យថា បន្ទុចបង្អាក់ដំណើរការរបស់តុលាការទេ។ គឺចង់ឲ្យភាគីទាំងពីរជួបដោះស្រាយបញ្ហាដោយមិនឆ្លងកាត់តុលាការ។ ប៉ុន្តែយ៉ាងណាក៏ដោយភាគីទាំងពីរមិនបានជួបគ្នាតាមការស្នើសុំរបស់លោកនោះឡើយ។
មហាជនក្នុងខេត្តសៀមរាប រង់ចាំមើលថា តើសំណុំរឿងនេះអាចដំណើរការនីតិវិធីបានត្រឹមណា ខណៈមន្ត្រីដែលរងការចោទប្រកាន់មានឋានៈធំសម្បើមគួរសមក្នុងខេត្តសៀមរាប៕
ដោយ ៖ កុសល


-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម