Connect with us

ព័ត៌មានជាតិ

លោក Wang Yi នឹង​មកដល់​ភ្នំពេញ​នៅ​ថ្ងៃទី​០២ ខែសីហា ខាងមុខ ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​កម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក វ៉ាង យី (Wang Yi) នឹងធ្វើ​ដំណើរ​មកដល់​ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២២ ខាងមុខ ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (55th AMM and Related Meetings) ដេ​ល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ស្ថានទូត​ចិន​។

កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន នឹង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (55th AMM and Related Meetings) រួមមាន​ទាំង​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (ASEAN Post Ministerial Conference) កិច្ចប្រជុំ​អាស៊ាន​បូក​៣ លើក​ទី​២៣ (23rd ASEAN Plus Three) កិច្ចប្រជុំ​កំពូល​អា​ស៊ីបូព៌ា​លើក​ទី​១២ (12th East Asia Summit) និង​វេទិកា​តំបន់​អាស៊ាន លើក​ទី​២៩ (29th ASEAN Regional Forum) ចាប់ពី​ថ្ងៃទី​៣១ ខែកក្កដា រហូតដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ តាម​ទម្រង់​ដោយផ្ទាល់​។

បើតាម​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ នឹងមាន​ការចូលរួម​រហូតដល់​ទៅដល់​៣៨ ប្រទេស (៣៩ ទាំង​កម្ពុជា​) ក្នុងនោះ រដ្ឋមន្ត្រីការបរទេស នៃ​បណ្តា​ប្រទេស​ធំៗ ដូចជា​រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក (​លោក Antony Blinken), រដ្ឋមន្ត្រីការបរទេស​ចិន (​លោក Wang Yi), រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី (​លោក Sergei Lavrov), រដ្ឋមន្ត្រីការបរទេស​ជប៉ុន (​លោក Hayashi Yoshimasa), រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា (​លោក S. Jaishankar) និង​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី (​លោក Penny Wong) ក៏​នឹង​អញ្ជើញ​មក​ចូលរួម​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក្នុង​កិច្ចប្រជុំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក៏មាន​កិច្ចប្រជុំ​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស ដែលជា​ដៃគូ​របស់​អាស៊ាន​លើក​ទី​១ បន្ទាប់ពី​អង់គ្លេស​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​មក​។ ក្រៅពីនេះ អាស៊ាន​ក៏មាន​ប្រទេស​ចំនួន​៦ ដែល​នឹង​ចុះហត្ថលេខា​ក្លាយទៅជា​ភាគី នៃ​សន្ធិសញ្ញា​មិ​ត្ដ​ភាព និង​កិច្ចសហប្រតិបត្តិការ នៅក្នុង​តំបន់​អាស៊ាន​។ ចំពោះ​ប្រទេស​ទាំង​៦​នោះ គឺមាន​ប្រទេស​៣ មកពី​ម​ជ្ឈឹ​ម​បូព៌ា រួមមាន ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ប្រទេស​អូ​ម៉​ង់ និង​ប្រទេស​កាតា ហើយ​ប្រទេស​៣​ទៀត មកពី​អឺរ៉ុប រួមមាន ប្រទេស​ក្រិច ប្រទេស​ហូ​ឡង់ និង​ដា​ណឺ​ម៉ាក​។

លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​ក៏បាន​សំណូមពរ​ចង់​ចូលរួម​ជា​ភាគី​ជាមួយ​អាស៊ាន​ដែរ តែដោយសារ​ដាក់ពាក្យ​យឺត ដូច្នេះ​វាយតម្លៃ​នៃ​ការចូលរួម​របស់​អ៊ុយ​ក្រែ​ន ធ្វើ​មិនទាន់​នោះទេ ប៉ុន្តែ​តាមរយៈ​ការពិភាក្សា​ជាមួយ​អគ្គលេខាធិការ​អាស៊ាន ប្រទេស​អ៊ុយ​ក្រែ​ន អាច​ចូលរួម​ជា​ភាគី​ជាមួយ​អាស៊ាន​បាន​នៅ​ឆ្នាំក្រោយ​។

ចំណែក​លោក លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា សម្រាប់​កិច្ចប្រជុំ​ខាងលើនេះ តាម​កម្មវិធី នៅ​ថ្ងៃទី​៣០ និង​៣១ ខែកក្កដា មានការ​ប្រជុំ​ថ្នាក់​អគ្គនាយក ដើម្បី​ចរចា​ទៅលើ​ការរៀបចំ​អត្ថបទ​ទាំងអស់ សម្រាប់​កិច្ចប្រជុំ ហើយ​នៅ​ថ្ងៃទី​០១ ខែសីហា ចាប់ផ្តើម​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​។ រីឯ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​កាបរទេស ចាប់ផ្តើម​នៅ​ថ្ងៃទី​០២ ខែសីហា​។

​សូមបញ្ជាក់ថា AMM ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៧ ដោយ​សេចក្ដីថ្លែងការណ៍ រាជធានី​បាងកក បន្ទាប់ពី​អាស៊ាន​ត្រូវបាន​បង្កើតឡើង​។ AMM ប្រជុំ​យ៉ាងហោចណាស់​៤​ដង ក្នុង​មួយឆ្នាំ ហើយ​អាច​កោះប្រជុំ​ពិសេស​នៅពេល​ចាំបាច់ ដើម្បី​ពិភាក្សា​អំពី​បញ្ហា ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ទាន់​ពី​អាស៊ាន​។ AMM ពិនិត្យ និង​ពិភាក្សា ជា​ទៀងទាត់ អំពី​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន ក៏ដូចជា​ការប្រព្រឹត្តទៅ​នៃ​ទំនាក់ទំនង​ខាងក្រៅ របស់​អាស៊ាន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម