ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ៖ រយៈពេលពីរខែ ការងារបោសសម្អាតមីនតាមបណ្ដាខេត្តមួយចំនួនសម្រេចបានជាង ៣០ ភាគរយ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីននៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះបានឲ្យដឹងថា គិតត្រឹមរយៈពេល ២ ខែ ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២២ ការងារបោសសម្អាតមីនក្នុងខេត្តចំនួន ៥ រួមមាន ខេត្តតាកែវ កំពង់ឆ្នាំង កំពង់ចាម កំពត និងស្វាយរៀង ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” សម្រេចបាន ៣១,១៨ ភាគរយ ស្មើនឹងទំហំផ្ទៃដីសរុបចំនួន ៨.៧០៣.០៨២ ម៉ែត្រក្រឡា នៃផែនការផ្ទៃដីសរុបចំនួន ២៧.៩១៣.២៥៦ ម៉ែត្រក្រឡា ដោយបានរកឃើញ និងកំទេចចោលនូវគ្រាប់មីនប្រឆាំងមនុស្សចំនួន ៦៣៨ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៦០៣ គ្រាប់។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី អាជ្ញាធរមីនបានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ធ្វើការបោសសម្អាតមីននៅខេត្តចំនួន ០៥ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងត្រៀមប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោ ដែលក្នុងនោះអង្គភាពស៊ីម៉ាក់ បានដាក់ពង្រាយកម្លាំងសរុបចំនួន ៣៧ ក្រុម មានអ្នកជំនាញការឯកទេសកំចាត់មីនចំនួនជាង ៣៦០ នាក់ រួមទាំងសម្ភារគាំទ្រប្រតិបត្តិការ និងគ្រឿងចក្របោសសម្អាតមីនផងដែរ។

លោកបន្តទៀតថា ក្នុងទំហំផ្ទៃដី ៨.៧០៣.០៨២ ម៉ែត្រក្រឡា ដែលបានបោសសម្អាតរួច អង្គភាពស៊ីម៉ាក់ បានប្រតិបត្តិការរំដោះផ្ទៃដីមានមីនដែលបានដឹង ក្នុងខេត្តតាកែវ ចំនួន ២.៥១៥.២៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៩,៣៥%, ខេត្តកំពង់ឆ្នាំង ចំនួន ៤៩៤.៥០០ ម៉ែត្រក្រឡា ស្មើនឹង ៧៩,០៥%, ខេត្តកំពង់ចាម ចំនួន ៤៨០,៥២៩ ម៉ែត្រក្រឡា ស្មើនឹង ៣៩,៨៩ %, ខេត្តកំពត ចំនួន ១.៩៩២.១៥៧ ម៉ែត្រក្រឡា ស្មើនឹង ២០,៤១% និងខេត្តស្វាយរៀង បាន ៣.២២០.៦២៧ ម៉ែត្រក្រឡា ស្មើនឹង ២៥,៣៦%។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ការងារបោសសម្អាតមីន គ្រោងនឹងសម្រេចមុនផែនការកំណត់ ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ នឹងក្លាយជាខេត្តអស់មីននៅចុងខែតុលានេះ ខេត្តកំពង់ចាម អាចអស់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២ (ដោយ ហើយដោយឡែកខេត្តកំពត និងខេត្តស្វាយរៀង អាចបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៣។

លទ្ធផលនៃការបោសសម្អាតមីននេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់ក្រោយសង្រ្គាម ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ក្នុងឆ្នាំ២០២៥ របស់សម្តេចតេជោ។
ក្នុងរយៈពេលប្រតិបត្តិការ អង្គភាពស៊ីម៉ាក់បានជួបនូវឧបសគ្គមួយចំនួនដោយសារកត្តាគ្រោះធម្មជាតិទឹកជនលិចចម្ការមីននៅរដូវវស្សា ហើយនៅក្នុងករណីគ្រោះធម្មជាតិនេះ អង្គភាពស៊ីម៉ាក់បានធ្វើការផ្លាស់ប្តូរចល័តកម្លាំងចូលចម្ការមីនដែលមិនលិចទឹក ចំពោះចម្ការមីនដែលមានឧបសគ្គទឹកលិចនឹងត្រូវឆ្លើយតបនៅពេលក្រោយ៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


