ព័ត៌មានជាតិ
នៅចំពោះមុខសហគ្រិនចិន១ម៉ឺននាក់! ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងថា កម្ពុជាគឺជាច្រកដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន
នៅចំពោះមុខសហគ្រិនចិនប្រមាណជា ១ម៉ឺននាក់ ក្នុងទីក្រុងស៊ិនជិន ប្រទេសចិន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការលើកកម្ពស់បរិវត្តកម្មឌីជីថល និងគូសបញ្ជាក់ថា កម្ពុជាគឺជាច្រកដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន។

លោក លី ធុជ ដែលជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) បានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះបែបនេះ នៅក្នុងកម្មវិធីបើកកម្មវិធីមហោស្រពម៉ាកយីហោចិនលើកទី១៩ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នាទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ «បញ្ញាសិប្បនិម្មិត និងសកលភាវូបនីយកម្ម»។ ការចូលរួមនេះ តបតាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំមហោស្រពម៉ាកយីហោរបស់ប្រទេសចិន និងលោក Andy Wang ស្ថាបនិក និងជាប្រធានប្រតិបត្តិសកលនៃ President Club (President Speech Union) ដែលមានអ្នកចូលរួមជាសហគ្រិនជនជាតិចិនប្រមាណជា ១ម៉ឺននាក់។
ក្នុងឱកាសនោះ លោកបានលើកឡើងថា ប្រធានបទនៃកម្មវិធី “The 19th China Brand Festival” ពិតជាមានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍នាពេលបច្ចុប្បន្ននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដោយបច្ចេកវិទ្យាទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅស្ទើរគ្រប់វិស័យ ជាពិសេស បានធ្វើឱ្យការរស់នៅរបស់មនុស្សកាន់តែប្រសើរឡើង។ លោកបន្តថា បច្ចុប្បន្ន ចិនជាប្រទេសឈានមុខមួយនៅក្នុងពិភពលោក ក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត និងបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការសាកល ដើម្បីអភិវឌ្ឍ និងចែករំលែកបច្ចេកវិទ្យាទាំងនេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជា សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងមានបរិយាបន្ន និងគាំទ្រដល់ការវិនិយោគនៅកម្ពុជា។ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រទាំងនេះ កម្ពុជាបានក្លាយខ្លួនជាគោលដៅវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងជាដៃគូដ៏មានសក្តានុពលមួយរបស់ចិន។
នៅចំពោះមុខសហគ្រិន លោកទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ថា៖«កម្ពុជា គឺជាច្រកដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ក្នុងការពង្រីកបណ្តាញនៅក្នុងតំបន់ ដោយកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន បានធ្វើសមាហរណកម្មស៊ីជម្រៅជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន»។
ជាមួយគ្នានេះ កម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ក្នុងវិស័យបច្ចេកវិទ្យា ដែលអាចបំពេញតម្រូវធនធានមនុស្ស និងរួមចំណែកក្នុងភាពជោគជ័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ។
ក្នុងឱកាសនោះដែរ លោក លី ធុជ ក៏បានលើកឡើងអំពីចក្ខុវិស័យ និងតួនាទីដ៏សំខាន់របស់ចិន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក្នុងការរក្សាស្ថិរភាព និងអភិវឌ្ឍទូទាំងសាកលលោក ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈពិភពលោកកំពុងតែប្រឈមនឹងបញ្ហា បណ្តាលមកពីជម្លោះប្រដាប់អាវុធ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងការីកសាយនៃការការពារនិយម ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងច្បាប់ទំលាប់ពិភពលោក បង្កការលំបាកដល់រស់នៅរបស់មនុស្ស និងធ្វើឱ្យមនុស្សជាច្រើនលាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

លោកបានគូសបញ្ជាក់ថា ៖«ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង បានយកសន្តិភាព វិបុលភាព និងជោគវាសនារួម ជាសរសរស្តម្ភសំខាន់ សម្រាប់ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព ហើយកម្ពុជា មានមោទនភាពដែលជាប្រទេសមួយដែលទទួលបានផលប្រយោជន៍ធំធេងពីចក្ខុវិស័យ របស់ឯកឧត្តមប្រធានាធិបតី»។
លោកបានរំលឹកអំពីមិត្តភាព និងទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាអមតៈ ពុំអាចកាត់ថ្លៃបាន រវាងកម្ពុជា និងចិន និងបានប្រែក្លាយជាមិត្តដែកថែប មិនអាចបំបែកបាន និងបានប្តេជ្ញាកៀកស្មាគ្នាកសាងសហគមន៍វាសនារួមគ្នា។ រយៈពេល ៦៧ឆ្នាំ នៃចំណងការទូតជាផ្លូវការចាប់ពីឆ្នាំ ១៩៥៨ កម្ពុជា-ចិន បានពង្រឹង និងពង្រីកនូវចំណងមិត្តភាព ឲ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ កាន់តែរឹងមាំ ដើម្បីបម្រើឲ្យផលប្រយោជន៍នៃប្រជាជន និងប្រជាជាតិទាំងពីរ ជាពិសេស ក្នុងដំណើរទស្សនកិច្ចជាច្រើនលើករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ បានធ្វើឱ្យទំនាក់ទំនងកម្ពុជានិងចិន ឈានដល់ការបង្កើត «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន» ចាប់ពីឆ្នាំ២០១០ ហើយបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពនេះ ឱ្យនៅបន្តគង់វង្ស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


