កីឡា
ប្រមុខកីឡាអូឡាំពិកកម្ពុជា ៖ កីឡាជាតិលើកទី ៣ ជាការផ្ដល់អត្ថប្រយោជន៍ល្អៗ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី ៣ ជាការផ្តល់អត្ថប្រយោជន៍ និងបទពិសោធល្អៗ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍បន្តថា ក្រោយពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ បានរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣ និងកីឡាជាតិប៉ារ៉ាហ្គេម លើកទី ១ ឆ្នាំ ២០២២ នេះ គឺសសរស្ដម្ភទាំង ៣ សហការគ្នាយ៉ាងជិតស្និទ្ធ និងឯកភាពរៀបចំតាមនិយាមស្តង់ដារស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់មន្ត្រីបច្ចេកទេស អ្នកស្ម័គ្រចិត្ត កីឡាករ កីឡាការិនី ពិសេសសហព័ន្ធកីឡាជាតិ បានរៀនសូត្រពីការអនុវត្តផ្ទាល់ និងបទពិសោធល្អៗ ក្នុងការដឹកនាំគ្រប់គ្រង ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។

លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ទៀតថា ការរៀបចំព្រឹត្តិការណ៍កីឡាជាតិនេះ ក៏ជាការផ្ដល់ឱកាសដល់មន្ត្រីបច្ចេកទេស បានដោះស្រាយបញ្ហា នៃដំណើរការប្រកួតពហុកីឡា (Sport Games) កម្រិតជាតិ ដែលមានទម្រង់ប្រហាក់ប្រហែលនឹងកម្រិតអន្តរជាតិផងដែរ។

ព្រឹត្តិការណ៍កីឡាជាតិនេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងពហុកីឡា ការយល់ដឹងពីរូបមន្តស្តង់ដារគ្រប់គ្រងរួមមួយ ដែលផ្ដល់ការយកចិត្តទុកដាក់របស់សសរស្ដម្ភទាំង ៣ គឺជាការចាំបាច់ ក្នុងនោះរួមមាន ៖
១.ការរៀបចំបច្ចេកទេសកីឡា ដែលជាតួនាទីរបស់សហព័ន្ធកីឡាជាតិ។
២.ការរៀបចំបដិសណ្ឋារកិច្ច ប្រតិភូកីឡា ជាមួយនឹងការដឹកជញ្ជូន ហូបចុក ស្នាក់នៅ សន្តិសុខសណ្ដាប់ធ្នាប់ សុខាភិបាល និងពិធីការកីឡា។
៣.ពិធីបើក-បិទ និងពិធីកីឡាផ្សេងៗទៀត។
សសរស្ដម្ភធំៗទាំងបីខាងលើនេះ បានរៀបចំប្រកបដោយស្តង់ដារជំនាញវិជ្ជាជីវៈកីឡាជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដោយប្រទាក់ក្រឡាគ្នាបានល្អនោះ នឹងជំរុញឲ្យទិវាកីឡា ក្លាយជាបុណ្យកីឡាដ៏អធិកអធមប្រកបដោយកិត្តិយស កិត្យានុភាព និងមោទកភាព ក្នុងនាមជាម្ចាស់ផ្ទះ។

«ធម្មនុញ្ញអូឡាំពិក បានលើកឡើងជាគោលការណ៍គ្រឹះឲ្យចលនាអូឡាំពិក សហការជាមួយរដ្ឋអំណាចកីឡា ដោយគោរពស្វ័យភាពគ្នាទៅវិញទៅមក ក្នុងគោលដៅរួម គឺការកសាង និងអភិវឌ្ឍន៍វិស័យកីឡា តាមរយៈសកម្មភាពអប់រំកាយ និងកីឡា ដើម្បីមានការយោគយល់គ្នា សាមគ្គីគ្នា មិត្តភាព និងសុខដុមរមនា ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ឋានៈសង្គមឡើយ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ថោង ខុន។
លោកបណ្ឌិតលើកឡើងទៀតថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានត្រៀមគ្រប់លក្ខណៈសម្បត្តិ ចូលរួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងក្រសួង ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍កីឡាជាតិ និងចលនាអូឡាំពិកកម្ពុជា ឲ្យឆ្ពោះទៅរកស្តង់ដារកីឡាអន្តរជាតិ ដែលប្រកាន់ភ្ជាប់នូវគោលការណ៍ Fair Play គោលការណ៍កីឡាស្អាតស្អំ និងកីឡាបៃតង។ Clean & Green Sport និងក្រមសីលធម៌វិជ្ជាជីវៈកីឡា ដើម្បីស្វែងរកឧត្ដមភាពកីឡា កម្ពុជាលើឆាកអន្តរជាតិ ពិសេសការរៀបចំការប្រកួតកីឡាជាតិ និងកីឡា SEA Games-ASEAN ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន